អភិបាលខេត្តកោះកុង អញ្ជើញជួបពិភាក្សាការងារជាមួយប្រតិភូអាជ្ញាធរមីន ដើម្បីស្វែងយល់អំពីស្ថានភាពមីននៅខេត្តកោះកុង


ថ្ងៃអង្គារទី២១ ខែកញ្ញា ឆ្នាំ២០២១ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជួបពិភាក្សាការងារ ជាមួយប្រតិភូអាជ្ញាធរមីន ដឹកនាំដោយឯកឧត្តម ព្រំ សុភមង្គល អគ្គលេខាធិការអាជ្ញាធរមីន ដើម្បីស្វែងយល់អំពីស្ថានភាពមីននៅខេត្តកោះកុង។
ក្នុងជំនួបពិភាក្សានេះ ឯកឧត្តម ព្រំ សុភមង្គល អគ្គលេខាធិការអាជ្ញាធរមីន បានជម្រាប អំពីប្រវត្តិសង្រ្គាម ដែលបណ្តាលឱ្យមានការបន្សល់ទុកនូវគ្រាប់មីន និងគ្រាប់បែកចង្គោមក្នុងប្រទេសកម្ពុជា ដែលមានការគំរាមកំហែងដល់អាយុជីវិតមនុស្ស និងសត្វ ព្រមទាំងការអភិវឌ្ឍន៍នានា។ ដើម្បីដោះស្រាយបញ្ហានេះ រាជរដ្ឋាភិបាល បានសម្រេចចូលជាសមាជិក នៃរដ្ឋភាគីអនុសញ្ញាអូតាវ៉ាក្នុងឆ្នាំ១៩៩៩ និងចូលជាសមាជិកពេញសិទ្ធិក្នុងឆ្នាំ២០០០។ កាតព្វកិច្ចនៃរដ្ឋភាគី តម្រូវឱ្យប្រទេសជាសមាជិក ត្រូវធ្វើការបោសម្អាតមីនឱ្យអស់ ក្នុង រយៈពេល ១០ឆ្នាំ ប៉ុន្តែដោយសារទំហំផ្ទៃដីចម្ការមីន ក្នុងប្រទេសកម្ពុជាមានទំហំធំ ធ្វើឱ្យកម្ពុជាមិនអាចអនុវត្តមានគោលការណ៍បាន ដូចនេះកម្ពុជា បានសម្រេចស្នើសូមបោសសម្អាតបន្តទៀតរហូតដល់ឆ្នាំ២០២៥។
ចាប់ពីឆ្នាំ១៩៩២ រហូតដល់ឆ្នាំ២០២០ កម្ពុជា ធ្វើការបោសសម្អាតមីនបានប្រមាណ ២,១០០គីឡូម៉ែត្រក្រឡា និងនៅសល់ប្រមាណ ២,០០០គីឡូម៉ែត្រក្រឡា។ ដូចនេះ ដើម្បីសម្រេចបាននូវគោលដៅនេះ តម្រូវឱ្យមានការរៀបចំផែនការយុទ្ធសាស្ត្រជាតិយ៉ាងច្បាស់លាស់។
ឯកឧត្តម បានមានប្រសាសន៍បញ្ជាក់ថា ផែនការមួយក្នុងចំណោមផែនការជាតិដែលបានដាក់ចេញ គឺ “ភូមិអស់ការគំរាមដោយសារមីន” ហើយដើម្បីសម្រេចបាននូវផែនការនេះ ក្រុមការងារនឹងចុះវាយតម្លៃជាក់ស្តែងចម្ការមីននីមួយៗក្នុងមូលដ្ឋាន។ ជាក់ស្តែងនាពេលនេះ ក្រុមការងារអាជ្ញាធរមីន នឹងចុះទៅស្រុកបូទុមសាគរ និងស្រុកស្រែអំបិល ដើម្បីធ្វើបច្ចុប្បន្នភាព បញ្ជីចម្ការមីនរួចបញ្ជូនមកក្រុមការងារផែនការសកម្មភាពមីនខេត្ត(ម៉ាពូ) ដើម្បីរៀបចំផែនការមានប្រសិទ្ធភាព។
ជាមួយគ្នានេះ ឯកឧត្តម បានសំណូមពររដ្ឋបាលខេត្ត ផ្តល់កិច្ចសហការ និងគាំទ្រដល់ក្រុមការងារ និងប្រតិបត្តិករដោះមីនផ្សេងៗ ដែលកំពុងបំពេញការងារក្នុងខេត្តកោះកុង ជាពិសេសប្រសិនជារដ្ឋបាលខេត្ត យល់ឃើញថា តំបន់ណាមានតម្រូវការអភិវឌ្ឍន៍ ហើយមានការគំរាមដោយសារមីន សូមរដ្ឋបាលខេត្ត លើកផែនការមកអាជ្ញាធរមីន ដើម្បីអាជ្ញាធរមីនចាត់ចែងប្រតិបត្តិករចូលមកធ្វើការបោសម្អាតជូន។
ថ្លែងក្នុងជួបពិភាក្សានេះ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានមានប្រសាសន៍ថា រដ្ឋបាលខេត្ត សូមថ្លែងអំណរគុណចំពោះក្រុមការងារអាជ្ញាធរមីន ដែលបានមកបំពេញបេសកកម្ម ដើម្បីចុះពិនិត្យស្ថានភាពជាក់ស្តែងនូវផ្ទៃដីចម្ការមីនក្នុងខេត្តកោះកុង។ ខេត្តកោះកុង ជាខេត្តមួយនៅជាប់ព្រំដែន ដែលមានការពង្រាយមីនតាមបន្ទាត់ព្រំដែនច្រើន។
រដ្ឋបាលខេត្តនឹងគាំទ្រ សហការជាមួយក្រុមការងារអាជ្ញាធរមីន និងប្រតិបត្តិករដែលមានគម្រោងចូលមក និងកំពុងបំពេញការងារក្នុងទឹកដីខេត្តកោះកុង ដើម្បីបោសសម្អាតមីន ពង្រីកផ្ទៃដីមានសុវត្ថិភាព សម្រាប់ធ្វើការអភិវឌ្ឍន៍ និងបង្កើនជីវភាពរបស់ប្រជាពលរដ្ឋ ស្របតាមគោលការណ៍អាជ្ញាធរមីន៕
On September 21, 2021, Her H.E. Mithona Phouthong, Koh Koh Provincial Governor, held talks with the legation of Mine Action Authority led by H.E. Prum Sopheakmonkul, Secretary-General of the Mine Authority.
During the meeting, Secretary-General of the Mines Authority, briefed on the history of the war that left behind landmines in Cambodia that posed a threat to human and animal life and development.
From 1992 to 2020, Cambodia cleared about 2,100 square kilometers and the remaining 2,000 square kilometers. Therefore, achieving this goal requires a clear national strategic plan.