កម្ពុជា ទទួលបានការសាទរពីបណ្ដាប្រទេសអាស៊ាន ក្រោយសាងសង់ហេដ្ឋារចនាសម្ព័ន្ធហើយមុនស៊ីហ្គេម ឆ្នាំ២០២៣


(ភ្នំពេញ)៖ កម្ពុជាបានទទួលការអបអរសាទរ និងការកោតសរសេរពីក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ ក៏ដូចជាបណ្ដាប្រទេសទាំងអស់នៅអាស៊ាន សម្រាប់ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធបានយ៉ាងលឿន ពោលគឺហើយមុនការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ មកដល់។ នេះបើតាមការបញ្ជាក់របស់លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC)។

ការសាទរពីបណ្ដាប្រទេសក្នុងតំបន់នេះ ធ្វើឡើងក្នុងកិច្ចប្រជុំរបស់គណៈអចិន្ដ្រៃយ៍នៃក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍កាលពីថ្មីៗ បន្ទាប់ពីកម្ពុជា បានរៀបចំនូវពិធីប្រគល់-ទទួលវិមានកីឡដ្ឋាននៃពហុកីឡដ្ឋានជាតិមរតកតេជោ ដែលជាសមិទ្ធផលដ៏សំខាន់សម្រាប់ត្រៀមពិធីបើក-បិទ ក៏ដូចជាការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងឯកឧត្តម វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ដ្រីការបរទេសចិន។

ឯកឧត្តម វ៉ាត់ ចំរើន បានបញ្ជាក់ថា «ប្រទេសទាំងអស់មានការគាំទ្រ ក្រោយពេលបានស្ដាប់ការរាយការណ៍ពីវឌ្ឍនភាពការរៀបចំរបស់យើង ពិសេសពិធីប្រគល់-ទទួលវិមានកីឡដ្ឋាននៃពហុកីឡដ្ឋានជាតិមរតកតេជោកាលពីថ្មីៗ គឺប្រទេសទាំងអស់បានអបអរសាទរ ហើយបានកោតសរសើរ ចំពោះកម្ពុជា ដែលបានធ្វើហេដ្ឋារចនាសម្ព័ន្ធហើយមុន ដ្បិតជាទូទៅហេដ្ឋារចនាសម្ព័ន្ធរបស់ប្រទេសដែលគេធ្វើស៊ីហ្គេមមុនៗ គឺថាកៀកថ្ងៃបានសម្រេចបាន តែឥឡូវនេះកម្ពុជាយើង អាចធ្វើបានមុន»។

ឯកឧត្តមបន្ថែមថា «ប្រទេសទាំងអស់បានគាំទ្រពេញទំហឹងចំពោះកម្ពុជា ដែលត្រូវដឹកនាំបន្ដវេណឲ្យបានទាន់ពេលវេលា និងត្រូវតាមពេលវេលាផងដែរ ដោយមិនបង្អែបង្អង់ ឬព្រងើយកន្ដើយទៅតាមសភាពការនៃការធ្វើម្ចាស់ផ្ទះ ឬមិនធ្វើម្ចាស់ផ្ទះរបស់វៀតណាមឡើយ គឺគេគាំទ្រឲ្យកម្ពុជាទៅមុខជានិច្ច ហើយដឹកនាំឆ្ពោះទៅរកភាពជោគជ័យនៅស៊ីហ្គេម ឆ្នាំ២០២៣ ដោយគេសង្ឃឹមថា កម្ពុជានឹងធ្វើឲ្យមានភាពអស្ចារ្យមួយ ជាម្ចាស់ផ្ទះមួយដែលមានលក្ខណៈអស្ចារ្យនៅក្នុងប្រវត្តិនៃការប្រកួតស៊ីហ្គេម»

សូមបញ្ជាក់ថា មកទល់ពេលនេះ សមិទ្ធផលសំខាន់ៗជាច្រើនដែលកម្ពុជាត្រៀមរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមជាប្រវត្តិសាស្ដ្រ បានជួសជុល និងសាងសង់រួចរាល់ជាច្រើនមកហើយ ពិសេសវិមានកីឡដ្ឋាននៃពហុកីឡដ្ឋានជាតិមរតកតេជោ ដែលជាកន្លែងដ៏សំខាន់ត្រៀមរៀបចំពិធីបើកការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ នៅថ្ងៃទី០៥ ខែឧសភា និងបិទនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ ក៏ដូចជាពិធីបើក-បិទការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ដែលនឹងដំណើរការប្រកួតពីថ្ងៃទី០១-១០ ខែមិថុនា ឆ្នាំ២០២៣ ខាងមុខ៕

 

<p>Your browser does not support iframes.</p>

www.freshnewsasia.com
www.freshnewsasia.com
www.freshnewsasia.com