ឯកឧត្តម ហ៊ុន ម៉ានី បានអញ្ជើញចុះបំពេញបេសកកម្មនៅតាមគ្រឹះស្ថានសិក្សារដ្ឋ និងឯកជនមួយចំនួននៅក្នុងខេត្តកំពង់ស្ពឺ


ឆ្លៀតឱកាសដែលដំណើរការរៀន និងបង្រៀនតាមបណ្តុំនៅតាម គ្រឹះស្ថានសិក្សាសាធារណៈឡើងវិញ ដោយអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងអនុវត្តយ៉ាងខ្ជាប់ខ្ជួនតាមលក្ខខណ្ឌនិង បច្ចេកទេសនៃការសិក្សា និងការបង្រៀន ស្របតាមគោលការណ៍ ណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា ជាពិសេសវិធានការបង្ការទប់ស្កាត់ជំងឺកូវិដ-១៩របស់ក្រសួងសុខាភិបាល។
នៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ គណៈប្រតិភូរដ្ឋសភា ដឹកនាំដោយ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍នៃរដ្ឋសភា ព្រមទាំងមានការចូលរួមពី ឯកឧត្តម សមាជិក គណៈកម្មការទី៧ បានអញ្ជើញចុះបំពេញបេសកកម្មនៅតាមគ្រឹះស្ថានសិក្សារដ្ឋ និងឯកជនមួយចំនួននៅក្នុងខេត្តកំពង់ស្ពឺ ដើម្បីពិនិត្យស្ថានភាពនៃការបើកដំណើរការបង្រៀន និងរៀនតាមបណ្តុំគ្រឹះស្ថានសិក្សា នៅតាមភូមិសាស្ត្រដែលមានហានិភ័យទាប ។