ភ្នំពេញ ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានសម្រេចបន្ថែមចំនួន២ដុល្លារលើប្រាក់ឈ្នួលការកំណត់ប្រាក់ឈ្នួលអប្បបរមា សម្រាប់កម្មករ និយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និង កាបូប សម្រាប់ឆ្នាំ២០២២ ដែលធ្វើឱ្យប្រាក់ឈ្នួលមានចំនួន១៩៤ដុល្លារក្នុងមួយខែ។
បើតាមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានឱ្យដឹងថា ក្រុមប្រឹក្សាជាតិប្រាក់ ឈ្នួលអប្បបរមា ដែលជាយន្តការ តី្រភាគី និងមានសមាជិក ជាតំណាងភាគីកម្មករ និយោជិតចំនួន១៧រូប តំណាងភាគីនិយោជកចំនួន១៧រូប និងតំណាងភាគីរាជរដ្ឋាភិបាល ចំនួន ១៧រូប បានបើកកិច្ចប្រជុំដំបូងនៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២១ និង បានបន្តកិច្ចប្រជុំរហូតដល់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១។ ក្រោយពីកិច្ចប្រជុំជាច្រើនលើក ភាគីពាក់ព័ន្ធមិនបានឯកភាពគ្នាជាឯកច្ឆ័ន្ទលើតួលេខណាមួយឡើយ ដោយតំណាងភាគី កម្មករ និយោជិតរក្សាតួលេខចុងក្រោយរបស់ខ្លួន ២០៤ដុល្លារអាម៉េរិក, តំណាងភាគី និយោជករក្សាតួលេខ ១៨៨ដុល្លារអាម៉េរិក, និងតំណាងភាគីរាជរដ្ឋាភិបាល ដោយឈរលើលក្ខណៈបច្ចេកទេស និងវិទ្យាសាស្ត្រ កំណត់យកតួលេខ ១៩២ដុល្លារអាម៉េរិក។
យោងមាត្រា១២ នៃច្បាប់ស្តីពីប្រាក់ឈ្នួល អប្បបរមា ក្រុមប្រឹក្សាជាតិប្រាក់ ឈ្នួលអប្បបរមាបានអនុវត្តន៍នូវនីតិវិធីបោះឆ្នោតជាសម្ងាត់ ក្នុងកិច្ចប្រជុំ នាព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ ដើម្បីគាំទ្រតួលេខនីមួយៗដោយទទួលបានលទ្ធផលដូចខាងក្រោម៖ តួលេខចំនួន ១៨៨ដុល្លារអាម៉េរិក ទទួលបានសំឡេងឆ្នោត ០សំឡេង លើ ៥១សំឡេង តួលេខចំនួន ២០៤ដុល្លារអាម៉េរិក ទទួលបានសំឡេងឆ្នោត ៦សំឡេង លើ ៥១សំឡេង។ ចំណែកតួលេខចំនួន ១៩២ដុល្លារអាម៉េរិក ទទួលបានសំឡេងឆ្នោត ៤៥សំឡេង លើ ៥១សំឡេង និងសំឡេងមិនបានការចំនួន ០សំឡេង លើ ៥១សំឡេង។
ដូចនេះ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានស្នើតួលេខចំនួន ១៩២ (មួយរយកៅសិបពីរ) ដុល្លារអាម៉េរិក ជូនឯកឧត្តមរដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីធ្វើការពិនិត្យសម្រេច លើប្រាក់ឈ្នួលអប្បបរមា សម្រាប់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិត ផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២២។
ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថា ស្ថិតនៅក្នុងបរិការណ៍នៃការរីករាលដាលជំងឺកូវីដ-១៩ ដែលកំពុងជះឥទ្ធិពលអវិជ្ជមានដល់សេដ្ឋកិច្ចនិងសង្គម ជាពិសេស ទៅលើបញ្ហាសុខភាព និងជីវភាពរបស់ប្រជាពលរដ្ឋ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចបន្ថែមទឹកប្រាក់ចំនួន ២ (ពីរ) ដុល្លារអាម៉េរិកលើទឹកប្រាក់ចំនួន ១៩២ (មួយរយកៅសិបពីរ) ដុល្លារអាម៉េរិក។ ដូច្នេះចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២២ តទៅ បងប្អូនកម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប នឹងមានប្រាក់ឈ្នួលអប្បបរមាចំនួន ១៩៤ (មួយរយកៅសិបបួន) ដុល្លារអាម៉េរិក ក្នុងមួយខែ ចំពោះកម្មករ និយោជិតពេញសិទ្ធិ និងចំនួន ១៩២ (មួយរយកៅសិបពីរ) ដុល្លារអាម៉េរិក ក្នុងមួយខែ ចំពោះកម្មករនិយោជិត សាកល្បង។
ជាមួយគ្នានេះ សម្រាប់ប្រាក់អត្ថប្រយោជន៍ផ្សេងទៀត ដែលកម្មករនិយោជិតធ្លាប់ទទួលបានកន្លងមក ត្រូវបានរក្សាទុកនៅដដែល មានដូចជា ប្រាក់សោហ៊ុយធ្វើដំណើរ និងស្នាក់នៅចំនួន ៧ដុល្លារអាម៉េរិក ក្នុងមួយខែ, ប្រាក់រង្វាន់ធ្វើការទៀងទាត់ចំនួន ១០ដុល្លារអាម៉េរិក ក្នុងមួយខែ, ប្រាក់ថ្លៃបាយសម្រាប់ការធ្វើការងារបន្ថែម ម៉ោងដោយស្ម័គ្រចិត្តចំនួន ២ ០០០ រៀល ក្នុងមួយថ្ងៃ ឬការទទួលបានបាយមួយពេលដោយឥតគិតថ្លៃ និងប្រាក់រង្វាន់អតីតភាពការងារចំនួន២ដុល្លារអាម៉េរិក ដល់ ១១ដុល្លារអាម៉េរិក ក្នុងមួយខែ សម្រាប់កម្មករ និយោជិតដែលបានធ្វើការចាប់ពីឆ្នាំទី២ ដល់ឆ្នាំទី១១។ ដូចនេះ ជាមធ្យម កម្មករ និយោជិតម្នាក់ៗនឹងទទួលបានប្រាក់បៀវត្សរ៍យ៉ាងតិចចំនួនពី ២១១ (ពីររយដប់មួយ) ដុល្លារអាម៉េរិក ដល់ ២២២ (ពីររយម្ភៃពីរ) ដុល្លារ អាម៉េរិក ក្នុងមួយខែ។
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសម្ដេចតេជោនាយករដ្ឋមន្ត្រី ដែលមានចក្ខុវិស័យច្បាស់ លាស់ក្នុងការរក្សាសុខសន្តិភាព ស្ថិរភាព សណ្តាប់ធ្នាប់ សង្គម និងការគ្រប់គ្រងការរីករាលដាលជំងឺកូវីដ-១៩ ដោយបានដាក់ចេញនូវគោលនយោបាយចាក់វ៉ាក់សាំង ច្បាស់លាស់ និងបានចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ និងបងប្អូនកម្មករ និយោជិតបានទាន់ពេលវេលា ដែលជាហេតុ ធ្វើឱ្យកម្ពុជាអាចរក្សាបាននូវភាពប្រកួតប្រជែង និងជាមូលដ្ឋានគ្រឹះក្នុងការទាក់ទាញទុនវិនិយោគថ្មី និងការងារថ្មីៗ ដល់ប្រជាពលរដ្ឋ។ ទន្ទឹមនេះ ក្រសួងក៏សូមថ្លែងអំណរគុណ ចំពោះសម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបានសម្រេចផ្តល់ប្រាក់បន្ថែមចំនួន ២ (ពីរ) ដុល្លារអាម៉េរិក លើតួលេខដើមរបស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា ដែលការបន្ថែមនេះនឹងរួមចំណែកធ្វើឱ្យជីវភាពរស់នៅរបស់បងប្អូន កម្មករ និយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប ក៏ដូចជា ក្រុមគ្រួសារកាន់តែមានភាពល្អប្រ សើរឡើងជាងមុន។ លើសពីនេះទៀត ក្រសួងការងារក៏សូមថ្លែងអំណរគុណដល់គ្រប់ភាគីពាក់ព័ន្ធ ដែលបានចូលរួមយ៉ាងសកម្មប្រកបដោយ ការទទួលខុសត្រូវ និងកាន់តែមានភាពចាស់ទុំក្នុងការពិភាក្សា ប្រាក់ឈ្នួល អប្បបរមា សម្រាប់ឆ្នាំ២០២២ នេះ៕