សម្តេចតេជោ ហ៊ុន សែន បន្ថែម២ដុល្លារលើប្រាក់ឈ្នួលអប្បរបរមា សម្រាប់កម្មករ ផ្នែក វាយនភណ្ឌ កាត់ដេរ ផលិតស្បែក និងការបូបឆ្នាំ២០២២ ចំនួន១៩៤​ដុល្លារ


ភ្នំពេញ ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានសម្រេច​បន្ថែមចំនួន២ដុល្លារលើប្រាក់ឈ្នួលការកំណត់ប្រាក់ឈ្នួលអប្បបរមា សម្រាប់កម្មករ និយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និង កាបូប សម្រាប់ឆ្នាំ២០២២ ដែលធ្វើឱ្យប្រាក់ឈ្នួលមានចំនួន១៩៤ដុល្លារក្នុងមួយខែ។

បើតាមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានឱ្យដឹងថា ក្រុមប្រឹក្សាជាតិ​ប្រាក់ ឈ្នួល​អប្បបរមា ដែលជាយន្តការ តី្រភាគី និងមានសមាជិក ជាតំណាងភាគីកម្មករ និយោជិតចំនួន១៧រូប តំណាងភាគីនិយោជកចំនួន១៧រូប និងតំណាងភាគីរាជរដ្ឋាភិបាល ចំនួន ១៧រូប បានបើកកិច្ចប្រជុំដំបូងនៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២១ និង បានបន្ត​កិច្ចប្រជុំរហូតដល់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១។ ក្រោយពីកិច្ចប្រជុំជាច្រើនលើក ភាគីពាក់​ព័ន្ធមិនបានឯកភាពគ្នាជាឯកច្ឆ័ន្ទលើតួលេខណាមួយឡើយ ដោយតំណាងភាគី កម្មករ និយោជិតរក្សាតួលេខចុងក្រោយរបស់ខ្លួន ២០៤ដុល្លារអាម៉េរិក, តំណាងភាគី និយោជក​រក្សាតួលេខ ១៨៨ដុល្លារអាម៉េរិក, និងតំណាងភាគីរាជរដ្ឋាភិបាល ដោយឈរលើលក្ខណៈ​បច្ចេកទេស និងវិទ្យាសាស្ត្រ កំណត់យកតួលេខ ១៩២ដុល្លារអាម៉េរិក។

យោងមាត្រា១២ នៃច្បាប់ស្តីពីប្រាក់ឈ្នួល អប្បបរមា ក្រុមប្រឹក្សាជាតិប្រាក់ ឈ្នួល​អប្បបរមាបានអនុវត្តន៍នូវនីតិវិធីបោះឆ្នោតជាសម្ងាត់ ក្នុងកិច្ចប្រជុំ នាព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ ដើម្បីគាំទ្រតួលេខនីមួយៗដោយទទួលបានលទ្ធផលដូចខាងក្រោម៖ តួលេខ​ចំនួន ១៨៨ដុល្លារអាម៉េរិក ទទួលបានសំឡេងឆ្នោត ០សំឡេង លើ ៥១សំឡេង តួលេខ​ចំនួន ២០៤ដុល្លារអាម៉េរិក ទទួលបានសំឡេងឆ្នោត ៦សំឡេង លើ ៥១សំឡេង។ ចំណែក​តួលេខចំនួន ១៩២ដុល្លារអាម៉េរិក ទទួលបានសំឡេងឆ្នោត ៤៥សំឡេង លើ ៥១សំឡេង និងសំឡេងមិនបានការចំនួន ០សំឡេង លើ ៥១សំឡេង។

ដូចនេះ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានស្នើតួលេខចំនួន ១៩២ (មួយ​រយកៅសិបពីរ) ដុល្លារអាម៉េរិក ជូនឯកឧត្តមរដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាល​វិជ្ជាជីវៈ ដើម្បីធ្វើការពិនិត្យសម្រេច លើប្រាក់ឈ្នួលអប្បបរមា សម្រាប់កម្មករនិយោជិត​ផ្នែក​វាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិត ផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២២។

ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាន​លើក​ឡើងថា ស្ថិតនៅក្នុងបរិការណ៍នៃការរីករាលដាលជំងឺកូវីដ-១៩ ដែលកំពុងជះឥទ្ធិពល​អវិជ្ជមានដល់សេដ្ឋកិច្ចនិងសង្គម ជាពិសេស ទៅលើបញ្ហាសុខភាព និងជីវភាពរបស់​ប្រជាពលរដ្ឋ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាន​សម្រេចបន្ថែមទឹកប្រាក់ចំនួន ២ (ពីរ) ដុល្លារអាម៉េរិកលើទឹកប្រាក់ចំនួន ១៩២ (មួយរយកៅ​សិបពីរ) ដុល្លារអាម៉េរិក។ ដូច្នេះចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២២ តទៅ បងប្អូនកម្មករ​និយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ​និងកាបូប នឹងមានប្រាក់ឈ្នួលអប្បបរមាចំនួន ១៩៤ (មួយរយកៅសិបបួន) ដុល្លារអាម៉េរិក ក្នុងមួយខែ ចំពោះកម្មករ និយោជិតពេញសិទ្ធិ និងចំនួន ១៩២ (មួយរយកៅសិបពីរ) ដុល្លារអាម៉េរិក ក្នុងមួយខែ ចំពោះកម្មករនិយោជិត សាកល្បង។

ជាមួយគ្នានេះ សម្រាប់ប្រាក់អត្ថប្រយោជន៍ផ្សេងទៀត ដែលកម្មករ​និយោជិត​ធ្លាប់​ទទួលបានកន្លងមក ត្រូវបានរក្សាទុកនៅដដែល មានដូចជា ប្រាក់សោហ៊ុយធ្វើដំណើរ និងស្នាក់នៅចំនួន ៧ដុល្លារអាម៉េរិក ក្នុងមួយខែ, ប្រាក់រង្វាន់ធ្វើការទៀងទាត់ចំនួន ១០ដុល្លារអាម៉េរិក ក្នុងមួយខែ, ប្រាក់ថ្លៃបាយសម្រាប់ការធ្វើការងារបន្ថែម ម៉ោងដោយ​ស្ម័គ្រ​ចិត្តចំនួន ២ ០០០ រៀល ក្នុងមួយថ្ងៃ ឬការទទួលបានបាយមួយពេលដោយឥតគិតថ្លៃ និងប្រាក់រង្វាន់អតីតភាពការងារចំនួន២ដុល្លារអាម៉េរិក ដល់ ១១ដុល្លារអាម៉េរិក ក្នុងមួយខែ សម្រាប់កម្មករ និយោជិតដែលបានធ្វើការចាប់ពីឆ្នាំទី២ ដល់ឆ្នាំទី១១។ ដូចនេះ ជាមធ្យម កម្មករ​ និយោជិតម្នាក់ៗនឹងទទួលបានប្រាក់បៀវត្សរ៍យ៉ាងតិចចំនួនពី ២១១ (ពីររយដប់​មួយ) ដុល្លារអាម៉េរិក ដល់ ២២២ (ពីររយម្ភៃពីរ) ដុល្លារ អាម៉េរិក ក្នុងមួយខែ។

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈក៏សូមថ្លែងអំណរគុណយ៉ាងជ្រាល​ជ្រៅ​បំផុតចំពោះសម្ដេចតេជោនាយករដ្ឋមន្ត្រី ដែលមានចក្ខុវិស័យច្បាស់ លាស់ក្នុងការរក្សា​សុខ​សន្តិភាព ស្ថិរភាព សណ្តាប់ធ្នាប់ សង្គម និងការគ្រប់គ្រងការរីករាលដាលជំងឺកូវីដ-១៩ ដោយបានដាក់ចេញនូវគោលនយោបាយចាក់វ៉ាក់សាំង ច្បាស់លាស់ និងបានចាក់វ៉ាក់​សាំង​​ជូនប្រជាពលរដ្ឋ និងបងប្អូនកម្មករ និយោជិតបានទាន់ពេលវេលា ដែលជាហេតុ ធ្វើ​ឱ្យកម្ពុជាអាចរក្សាបាននូវភាពប្រកួតប្រជែង និងជាមូលដ្ឋានគ្រឹះក្នុងការទាក់ទាញទុន​វិនិយោគថ្មី និងការងារថ្មីៗ ដល់ប្រជាពលរដ្ឋ។ ទន្ទឹមនេះ ក្រសួងក៏សូមថ្លែងអំណរគុណ ចំពោះសម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបានសម្រេចផ្តល់ប្រាក់បន្ថែមចំនួន ២ (ពីរ) ដុល្លារអាម៉េរិក លើតួលេខដើមរបស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា ដែលការបន្ថែម​នេះនឹងរួមចំណែកធ្វើឱ្យជីវភាពរស់នៅរបស់បងប្អូន កម្មករ និយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប ក៏ដូចជា ក្រុមគ្រួសារ​កាន់តែមានភាពល្អប្រ សើរឡើងជាងមុន។ លើសពីនេះទៀត ក្រសួងការងារក៏សូមថ្លែង​អំណរគុណដល់គ្រប់ភាគីពាក់ព័ន្ធ ដែលបានចូលរួមយ៉ាងសកម្មប្រកបដោយ ការទទួល​ខុសត្រូវ និងកាន់តែមានភាពចាស់ទុំក្នុងការពិភាក្សា ប្រាក់ឈ្នួល អប្បបរមា សម្រាប់​ឆ្នាំ២០២២ នេះ៕