អភិបាលខេត្តកំពង់ចាម អញ្ជើញប្រគល់អំណោយរបស់រដ្ឋបាលខេត្ត ជូនដល់កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ សម្រាប់បម្រើឲ្យយុទ្ធនាការប្រយុទ្ធជំងឺកូវីដ-១៩


ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា លើយុទ្ធនាការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ដែលកំពុងមានការឆ្លងរីករាលដាលចូលក្នុងសហគមន៍គួរឲ្យព្រួយបារម្ភនោះ នៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងឯកឧត្ដម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត អញ្ជើញប្រគល់នូវអំណោយរបស់រដ្ឋបាលខេត្ត ជូនដល់កងកម្លាំងទាំងបីប្រភេទ សម្រាប់បម្រើឲ្យយុទ្ធនាការប្រយុទ្ធជំងឺកូវីដ-១៩ ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម ។
*កងកម្លាំងប្រដាប់អាវុធ នៃអង្គភាពទាំងបី រួមមាន÷
១-តំបន់ប្រតិបត្តិការសឹករងខេត្ត កំពង់ចាម ដឹកនាំដោយ លោកឧត្តមសេនីយ៍ទោ ហ៊ួ ពៅ មេបញ្ជាការ ។
២-ស្នងការរដ្ឋាននគរបាលខេត្ត កំពង់ចាម ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្ត ។
៣-បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត កំពង់ចាម ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី សោ សាវឿន មេបញ្ជាការ ។
ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា បានថ្លែងការកោតសរសើរ និងអរគុណដល់ទឹកចិត្តដ៏ប្រពៃរបស់កម្លាំងទាំងបីប្រភេទរបស់យើង ដែលបានលះបង់អស់កម្លាំងកាយចិត្ត ក្នុងបុព្វហេតុជាតិ មាតុភូមិ មានឆន្ទៈមោះមុតក្នុងការចូលរួម អនុវត្តនូវបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាល ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី នៃកម្ពុជា ។
ឯកឧត្តម អភិបាលខេត្ត ក៏បានស្នើដល់កងកម្លាំង និងបងប្អូនប្រជាពលរដ្ឋទាំងអស់នៅក្នុងខេត្ត ត្រូវបង្កើនការចូលរួមបង្ការទប់ស្កាត់ពីជំងឺកូវីដ-១៩ ជាពិសេសវីរុសបម្លែងថ្មី ប្រភេទ ដែលតា (Delta) ដែលកំពុងវាយលុកចូលក្នុងសហគមន៍យើងយ៉ាងឆាប់រហ័ស ដោយត្រូវបន្តចុះអប់រំផ្សព្វផ្សាយ និងចូលរួមអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ជាពិសេសវិធានការ ៣ការពារ ៣កុំ និង២ចូលរួមឲ្យបានខ្ជាប់ខ្ជួន ដើម្បីកាត់ផ្ដាច់ខ្សែចំលងពីវីរុសមហាប្រល័យនេះ កុំឲ្យកើតមាននៅក្នុងសហគមន៍យើងជាបន្តទៀត ។
នៅក្នុងពិធីដ៏មានអត្ថន័យនោះ លោកឧត្តមសេនីយ៍ មេបញ្ជាការ- ស្នងការ តំណាងឲ្យអង្គភាពប្រដាប់អាវុធទាំងបីប្រភេទ បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងកក់ក្ដៅបំផុត ចំពោះការគិតគូរយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ថ្នាក់ដឹកនាំនៃរដ្ឋបាលខេត្តកំពង់ចាម ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងបុិប្រសព្វ របស់ឯកឧត្តម អ៊ុន ចាន់ដា អអភិបាលនៃគណៈអភិបាលខេត្ត កំពង់ចាម រហូតធ្វើឲ្យខេត្តមួយនេះ ប្រែមុខមាត់ មានការអភិវឌ្ឍលើគ្រប់វិស័យ ប្រជាជនបានរស់នៅប្រកបដោយភាពសុខដុមរមនា ក្រោមដំបូលសុខសន្ដិភាព សម័យតេជោ សែន ។
អំណោយដែលរដ្ឋបាលខេត្តបានផ្តល់ជូននាឱកាសនោះរួមមានក្នុងមួយអង្គភាព÷ ថវិកា ចំនួន ១០,០០០,០០០ រៀល -អាល់កុល ចំនួន ៥កាន (០១កាន ៣០លីត្រ) និងម៉ាស់ ចំនួន ៨កេសធំ (ស្មេីរ ២ម៉ឺនម៉ាស) ៕