សម្តេចពិជ័យសេនា ទៀ បាញ់ អំពាវនាវពលរដ្ឋដែលប្រឈមនឹងគ្រោះទឹកជំនន់ បន្តប្រុងប្រយ័ត្នខ្ពស់ និងទំនាក់ទំនងទៅអាជ្ញាធរ ក្នុងករណីមានតម្រូវការសង្គ្រោះចាំបាច់នានា


(ភ្នំពេញ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១នេះ បានអំពាវនាវដល់ប្រជាពលរដ្ឋដែលកំពុងរងផលប៉ះពាល់ដោយគ្រោះទឹកជំនន់ បន្តមានការប្រុងប្រយ័ត្នខ្ពស់ និងធ្វើការទំនាក់ទំនងទៅអាជ្ញាធរមានសមត្ថកិច្ច ក្នុងករណីមានតម្រូវការសង្គ្រោះចាំបាច់នានា។

ការអំពាវនាវបែបនេះ របស់សម្តេចពិជ័យសេនា ទៀ បាញ់ បានធ្វើឡើងបន្ទាប់ពីមានតំបន់មួយចំនួននៅតាមបបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ បាននឹងកំពុងរងគ្រោះដោយសារជំនន់ទឹកភ្លៀង ខណៈប្រជាពលរដ្ឋមួយចំនួននៅតាមតំបន់ទាំងនោះត្រូវបានអាជ្ញាធរជម្លៀសទៅកាន់ទីទួលមានសុវត្ថិភាពជាដើម ក្នុងគ្រាដែលកម្ពុជានឹងទទួលរងឥទ្ធិពលអាកាសធាតុមិនល្អនាំឱ្យមានភ្លៀងធ្លាក់រាយប៉ាយច្រើននៅចុងខែកញ្ញានេះ។

តាមរយៈទំព័រ Facebook ផ្លូវការបង្ហាះនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១នេះ សម្តេចពិជ័យសេនា ទៀ បាញ់ បានអំពាវនាវយ៉ាងដូច្នេះថា៖ «សូមបងប្អូនប្រជាពលរដ្ឋដែលកំពុងរងផលប៉ះពាល់ដោយគ្រោះទឹកជំនន់ បន្តការប្រុងប្រយ័ត្នខ្ពស់ និងធ្វើការទំនាក់ទំនងទៅអាជ្ញាធរមានសមត្ថកិច្ច ក្នុងករណីមានតម្រូវការសង្គ្រោះចាំបាច់នានា»

សូមជម្រាបថា ក្រសួងធនធានទឹក និងឧតុនិយម នាថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ បានប្រកាសថា កម្ពុជានឹងទទួលរងនូវឥទ្ធិពលនៃជ្រលងសម្ពាធទាបឥណ្ឌា និងខ្យល់មូសុងនិរតីខ្សោយ ដែលនឹងធ្វើឱ្យមានភ្លៀងនៅតាមតំបន់នានា ពីតិចទៅច្រើននៅសប្តាហ៍ខាងមុខនេះ៕