ស្ថានភាពទឹកជំនន់នៅខេត្តបន្ទាយមានជ័យ ​មានសភាពធូរស្រាលអាជ្ញាធរបន្តចុះកាយបើក មុខទឹកក្នុងស្រុកមង្គលបូរី


បន្ទាយមានជ័យ ៖ ជំនន់ទឹកភ្លៀង និងទឹកធ្លាក់ពីប្រទេសថៃ ដែលបានជន់លិចនៅតំបន់មួយចំនួន លើបណ្តា​ក្រុងស្រុកទាំង៩ របស់ខេត្តបន្ទាយមានជ័យ បណ្តាលឱ្យប៉ះពាល់លិចលង់ភូមិឋាន ផ្ទះសម្បែង​ ផលដំណាំខ្លះ ប្រជាពលរដ្ឋខ្លះត្រូវបាន ជម្លៀសទៅកាន់ទីទួលសុវត្ថិភាព មកដល់រសៀលថ្ងៃ៨រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃពុធ ទី​២៩ ខែកញ្ញា ឆ្នាំ២០២១ មានសភាពធូរស្រាលអាជ្ញាធរបានប្រឹង ប្រែងបន្តកាយបើកមុខទឹក​ក្នុងស្រុកមង្គលបូរីដើម្បីរំដោះទឹកឱ្យហូរ ធ្លាក់បានលឿនទៅផ្នែក ខាងក្រោមនោះ។

អភិបាលខេត្តបន្ទាយមានជ័យ ឯកឧត្តម អ៊ុំ រាត្រី នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១នេះ ដែលរួមដំណើរដោយ លោក យឹម ប៊ុនរ៉ុម ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្ត លោក រត្ន័ ដាស៊ីណង់ អភិបាលស្រុកមង្គលបូរី មន្ត្រីបច្ចេកទេស កងកម្លាំងអាជ្ញាធរមូលដ្ឋានបាន​ចុះ ពិនិត្យ និងដឹកនាំអនុវត្តន៍ផ្ទាល់ ដោយបានប្រើប្រាស់គ្រឿងចក្រអេស្កាចំនួន ៤គ្រឿង ដើម្បី កាយបើកមុខទឹក និងផ្តាច់ផ្លូវស្ទះមុខទឹកចំនួន ៦ទីតាំង នៅភូមិអូរធំ ឃុំបន្ទាយនាង និង ផ្លូវ ក្រោយវិទ្យាល័យមង្គលបូរី ឃុំឫស្សីក្រោក ស្រុកមង្គលបូរី ដើម្បីបើក​មុខទឹកពន្លឿនល្បឿន ទឹកឱ្យហូរចុះទៅផ្នែកខាងក្រោម នៃស្រុកមង្គលបូរីបន្តទៅបឹងទន្លេសាប ។

ឯកឧត្តម អ៊ុំ រាត្រី ​បានឱ្យដឹងថា ស្ថានភាពទឹកជំនន់នៅខេត្តបន្ទាយមានជ័យ លើ៩ ក្រុង ស្រុក មានសភាពធូរស្រាល នៅមានបញ្ហាតិចតួចតែ២ក្រុង ស្រុក គឺស្រុកមង្គលបូរី និង ក្រុងសិរីសោភ័ណ ដែលជាទឹកធ្លាក់មកពីផ្នែកខាងលើមកចាល់តាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងភូមិសាស្ត្រស្រុក ក្រុងទាំង២នេះ បង្កឱ្យជន់លិចផ្ទះសម្បែងបងប្អូនប្រជាពលរដ្ឋ ខ្លះត្រូវ​បានជម្លៀសទៅកាន់ទីទួលសុវត្ថិភាព។

ឯកឧត្តមបានបញ្ជាក់ថា ក្នុងនាមអាជ្ញាធរខេត្ត បានសហការគ្រប់ភាគីកងកម្លាំង​ប្រដាប់​អាវុធ មន្ត្រីជំនាញពាក់ព័ន្ធទាំងអស់ ដើម្បីឆ្លើយតបដោះស្រាយភ្លាមៗដូចថ្ងៃនេះ យើងបាន ប្រើប្រាស់គ្រឿងចក្របន្ទាន់ កាយបើកមុខទឹកតាមប្រឡាយ អូរ និងផ្លូវជាដើម សំដៅធ្វើយ៉ាង ណាបើកឱ្យទឹកហូរចុះទៅផ្នែកខាងក្រោមឱ្យបានលឿន ដូចដែលអាចធ្វើទៅបាន បញ្ចៀសការ ជន់លិចភូមិឋាន ផ្ទះប្រជាពលរដ្ឋបន្ថែមទៀតនោះ។

អភិបាលខេត្តបន្ទាយមានជ័យ បានឱ្យដឹងបន្ថែមទៀតថា ទន្ទឹមនឹងនោះអាជ្ញាធរ និង ផ្នែក​ពាក់ព័ន្ធនឹង​រៀបចំ​គម្រោងដាក់លូ ធ្វើស្ពានឡើងវិញឱ្យបានធំទូលាយ ទៅតាមបច្ចេក ទេស។

ឯកឧត្តមអភិបាលខេត្ត ក៏បានសំណូមពរដល់ប្រជាពលរដ្ឋ ឱ្យមានការយោគយល់និង បន្តចូលរួម​សហការជាមួយអាជ្ញាធរដែនដីគ្រប់ជាន់ថ្នាក់ ដើម្បីរួមគ្នាដោះស្រាយបញ្ហាប្រឈម គ្រោះ​​ជំនន់ទឹកភ្លៀងដែលកំពុងកើតមានលើមូលដ្ឋានរបស់ខ្លួននេះ ឱ្យមានប្រសិទ្ធភាព៕