មន្ត្រីជាន់ខ្ពស់ក្រសួងយុត្តិធម៌ សម្តែងការសោកស្តាយចំពោះសេចក្តីស្នើច្បាប់ (ច្បាប់ប្រជាធិបតេយ្យកម្ពុជា ឆ្នាំ២០២១ ) ដែលមានចរិតនយោបាយ ហើយមិនឆ្លុះបញ្ចាំងស្ថានភាពពិតនៅកម្ពុជា


ភ្នំពេញ ៖ ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ បានថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា នៅរសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១នេះ ដោយសម្តែងនូវការសោកស្តាយចំពោះសេចក្តីស្នើច្បាប់ “ច្បាប់ប្រជាធិបតេយ្យកម្ពុជា ឆ្នាំ២០២១” ដែលបានអនុម័តដោយសភាជាន់ទាបអាមេរិក កាលពីថ្ងៃម្សិលមិញ ដែលមិនឆ្លុះបញ្ចាំងនូវស្ថានភាពសិទ្ធិមនុស្សពិតប្រាកដនៅកម្ពុជា ហើយដែលសេចក្តីស្នើច្បាប់នេះ មានចរិតនយោបាយ ដែលស្នើឡើងដោយតំណាងរាស្រ្តអាមេរិក ចំនួន ២ ទៅ៣នាក់ប៉ុណ្ណោះ ដែលធ្លាប់មានទំនាក់ទំនងជាមួយនឹងអតីតគណបក្សប្រឆាំង។

ឯកឧត្តម បានបញ្ជាក់បន្ថែមថា ៖ “បញ្ហាសិទ្ធិមនុស្សនេះ ពុំមានប្រទេសណាមួយល្អឥតខ្ចោះនោះទេ គ្រាន់តែប្រទេសខ្លះមានច្រើន និងប្រទេសខ្លះមានតិច ដែលសូម្បីតែអាមេរិកខ្លួនឯងក៏មានបញ្ហារំលោភសិទ្ធិមនុស្សនេះច្រើនគួរសមដែរ ហើយការវាយតម្លៃអំពីសិទ្ធិមនុស្ស ក៏តែងតែមានការប្រែប្រួលទៅតាមបរិបទសង្គម និងតំបន់នីមួយៗផងដែរ។ សេចក្តីស្នើច្បាប់ ដែលមានចរិតនយោបាយនេះ បានបង្ហាញឱ្យឃើញតាមរយៈការទំនាក់ទំនងរវាងអតីតគណបក្សប្រឆាំង និងតំណាងរាស្រ្តអាមេរិកមួយចំនួនតូច ដែលមាននិន្នាការប្រឆាំងនឹងកម្ពុជាតាមគ្រប់រូបភាព ជាពិសេសគឺគណបក្សកាន់អំណាចតាំងពីដើមរៀងមក ដើម្បីសម្រេចនូវមហិច្ឆតានយោបាយ ទាក់ទាញប្រជាប្រិយភាព និងការគាំទ្រផ្នែកនយោបាយ នៅក្នុងរដ្ឋដែលខ្លួនតំណាងតែប៉ុណ្ណោះ”។

ឯកឧត្តម ជិន ម៉ាលីន បានបន្ថែមថា សេចក្តីស្នើច្បាប់នេះ ត្រូវការការអនុម័តពីព្រឹទ្ធសភា និងការយល់ព្រមពីប្រធានាធិបតីអាមេរិក ឯកឧត្តម ចូ បៃឌិន បន្ថែមទៀត។ ដូច្នេះជាកម្រិតថ្នាក់ជាតិ ទាំងព្រឹទ្ធសភា និងប្រធានាធិបតីសហរដ្ឋអាមេរិក នឹងគិតផលប្រយោជន៍ជាតិរបស់គេទាំងមូល ជាជាងគិតដល់ផលប្រយោជន៍តំណាងរាស្រ្តមួយក្រុមតូច ព្រោះថានៅក្នុងស្ថានភាពនៃគោលនយោបាយអន្តរជាតិរបស់សហរដ្ឋអាមេរិក ក្នុងពេលបច្ចុប្បន្ននេះ គឺអាមេរិកត្រូវការកម្ពុជាជាងពេលណាៗទាំងអស់ ដើម្បីសម្រេចនូវឥទ្ធិពលភូមិសាស្រ្តនយោបាយ ជាពិសេសគឺតំបន់អាស៊ីអាគ្នេយ៍នេះ ខណៈដែលពេលនេះ កម្ពុជាក៏បានដើរតួនាទីយ៉ាងសំខាន់ផងដែរនៅលើឆាកអន្តរជាតិ ជាពិសេសនោះគឺកម្ពុជាជាប្រទេសដែលនឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ (ASEM13) នាចុងខែវិច្ឆិកា ឆ្នាំ២០២១ និងជាប្រធានអាស៊ាន ក្នុងឆ្នាំ២០២២ ខាងមុខនេះផងដែរ។ ឯកឧត្តម បានសង្កត់ធ្ងន់ថា ៖ “ហេតុផលនេះហើយ ដែលសហរដ្ឋអាមេរិក ត្រូវការកម្ពុជាគួរសមដែរ ដើម្បីសម្រេចនូវមហិច្ឆតាភូមិសាស្រ្តនយោបាយរបស់ខ្លួន។ ដូច្នេះខ្ញុំគិតថា អាមេរិកនឹងគិតពីផលប្រយោជន៍ជាតិខ្លួន និងទំនាក់ទំនងអន្តរជាតិ ក៏ដូចជាទំនាក់ទំនងទ្វេភាគីជាមួយកម្ពុជាច្រើនជាងការគិតដល់ប្រយោជន៍របស់តំណាងរាស្រ្តអាមេរិក ២ ទៅ៣នាក់នេះ”។

ដោយឡែក បើសិនជាមានច្បាប់នេះ ឬក៏មិនមានក៏ដោយ ឯកឧត្តម ជិន ម៉ាលីន បានបញ្ជាក់ថា ៖ “កម្ពុជា ក្នុងនាមជារដ្ឋអធិបតេយ្យ យើងនៅតែប្រកាន់គោលជំហរនយោបាយការទូត និងនយោបាយអន្តរជាតិ ដោយមានភាពបត់បែន ជាពិសេសនោះគឺកម្ពុជា ប្រកាន់ជាប់ជានិច្ចនូវគោលការណ៍ “សន្តិសហវិជ្ជមាន” ដែលមានន័យថា យើងនឹងសហការ និងចងមិត្តជាមួយនឹងបណ្តាប្រទេសទាំងអស់ នៅលើពិភពលោក មិនថាប្រទេសតូច ប្រទេសធំ មានឬក្រ ប្រទេសប្រជាធិបតេយ្យ ឬមិនប្រជាធិបតេយ្យនោះទេ ។ល។ ដើម្បីផលប្រយោជន៍ជាតិកម្ពុជាទាំងមូល។

ផ្អែកទៅលើការអនុវត្តគោលនយោបាយសន្តិសហវិជ្ជមាននេះ បើភាគីណាសហការជាមួយកម្ពុជាៗនឹងសហការវិញ និងចូលរួមគ្រប់វេទិកាតំបន់ វេទិកាអន្តរជាតិសំខាន់ៗទាំងអស់ ហើយផ្អែកទៅលើគោលការណ៍អន្តរជាតិធំៗមួយចំនួន ជាពិសេសគឺការគោរពគ្នាទៅវិញទៅមក ការគោរពអធិបតេយ្យគ្នា និងការមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងគ្នា។

ពាក់ព័ន្ធនឹងសេចក្តីស្នើច្បាប់នេះផងដែរ ឯកឧត្តម ផៃ ស៊ីផាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអ្នកនាំពាក្យរាជរដ្ឋាភិបាល បានឱ្យដឹងផងដែរថា “ច្បាប់ប្រជាធិបតេយ្យកម្ពុជាឆ្នាំ២០២១” ឬ “H.R 4686” ដែលផ្ដោតលើការដាក់ទណ្ឌកម្មលើមន្រ្ដីរដ្ឋាភិបាលកម្ពុជាមួយចំនួន គឺជាការចោទប្រកាន់យ៉ាងអយុត្តិធម៌ប្រាសចាកពីការពិតជាក់ស្ដែង និងជាការប្រកាន់រើសអើង គ្រាដែលកម្ពុជាកំពុងខិតខំប្រឹងប្រែងកសាងនូវរបបនីតិរដ្ឋ ដែលជាកិច្ចប្ដេជ្ញារបស់ខ្លួន ដើម្បីសង្គមខ្មែរជាសង្គមប្រជាធិបតេយ្យ។

ឯកឧត្តម បានបន្ថែមថា សេចក្ដីស្នើច្បាប់នេះ នឹងមិនអាចក្លាយទៅជាច្បាប់ ដែលត្រូវអនុវត្តដោយលោកប្រធានាធិបតី ចូ ប៉ៃដិន នោះទេ។ ព្រោះថា រដ្ឋាភិបាលសហរដ្ឋអាមេរិក តំណាងដោយលោកជំទាវ Wendy Sherman អនុរដ្ឋមន្រ្ដីការបរទេស ទើបបានមកធ្វើទស្សនកិច្ចនៅកម្ពុជា កាលពីខែមិថុនា ជាការបង្ហាញយ៉ាងជាក់ស្ដែងនូវការពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីផលប្រយោជន៍រួមនៃប្រជាជាតិទាំងពីរ។ អាស្រ័យហេតុដូចនេះ សេចក្ដីស្នើច្បាប់នេះ ជាស្នូលនៃឧបសគ្គមួយ ចំពោះកិច្ចសហប្រតិបត្តិការរវាងប្រជាជាតិទាំងពីរ ទោះបីក្នុងបរិបទទេ្វភាគី ក៏ដូចជាពហុភាគី នៅក្នុងតំបន់អាស៊ាន ដែលជារឿងគួរសោកស្ដាយបំផុត៕