ទីប្រឹក្សាសម្តេចតេជោ ជួបរដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍សង្គម និងសន្តិសុខមនុស្សរបស់ថៃ ចែករំលែកការងារសង្គមកិច្ច


(បាងកក- ប្រទេសថៃ)៖ នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១កន្លងទៅនេះ ឯកឧត្តមបណ្ឌិត សុខ សុក្រឹត្យា ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន និងជារដ្ឋលេខាធិការក្រសួងទេសចរណ៍ បានចូលជួបពិភាក្សាការងារជាមួយឯកឧត្តម Juti Krairerk រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍សង្គម និងសន្តិសុខមនុស្សរបស់ថៃ។ ក្នុងជំនួបនេះ បានជជែកលើការងារសង្គមកិច្ច និងកិច្ចការមួយចំនួនពាក់ព័ន្ធការលើកកម្ពស់ការរស់នៅរបស់ប្រជាពលរដ្ឋឱ្យបានកាន់តែប្រសើរ។

ក្នុងជំនួបនេះឯកឧត្តមបណ្ឌិត សុខ សុក្រឹត្យា បានជម្រាបជូនរដ្ឋមន្ត្រីថៃ ពីការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោនាយករដ្ឋមន្ត្រី និងបានជម្រាបកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក៏ដូចជាការងារយកចិត្តទុកដាក់ទៅលើការងារសង្គមកិច្ច ធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋមានជីវភាព និងការរស់នៅកាន់តែប្រសើរ។

ឯកឧត្តមបណ្ឌិត ក៏បានលើកឡើងនូវការរីកចម្រើនរបស់សង្គមកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន និងការដាក់ចេញនូវគោលនយោបាយនានារបស់រាជរដ្ឋាភិបាល ធ្វើឱ្យប្រជាពលរដ្ឋដែលធ្លាប់តែជួបការលំបាកក្នុងភ្លើងសង្គ្រាមពីអតីតកាល ប្រែមកមានជីវភាពល្អប្រសើរ រស់ក្នុងវិបុលភាព និងសុខុមាលភាពត្រូវបានលើកកម្ពស់កាន់តែល្អប្រសើរពីមួយឆ្នាំទៅមួយឆ្នាំ។

ឯកឧត្តមបណ្ឌិត សុខ សុក្រឹត្យា ក៏បានជម្រាបរដ្ឋមន្ត្រីថៃ ពីកិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា លើការងារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ក៏ដូចជាការប្រឹងប្រែងចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ដែលសម្រេចបានជាង ៨០ភាគរយ នៃចំនួនប្រជាពលរដ្ឋសរុបប្រមាណ ១៦លាននាក់។ លោកទីប្រឹក្សាសម្តេចតេជោ បានគូសរំលេចថា នេះជាការយកចិត្តទុកដាក់ខ្ពស់មួយរបស់សម្តេចតេជោ និងរាជរដ្ឋាភិបាលកម្ពុជា លើសុខុមាលភាពរបស់ប្រជាពលរដ្ឋ។

ក្នុងឱកាសនោះឯកឧត្តមបណ្ឌិត សុខ សុក្រឹត្យា ក៏បានរំលឹកអំពីចំណងមិត្តភាពកម្ពុជា-ថៃ ដែលមានតាំងពីយូរលង់ណាស់មកហើយ និងបានលើកពីបំណងក្នុងការបន្តរក្សាទំនាក់ទំនងល្អនេះ សម្រាប់យុវជនដែលជាអ្នកនយោបាយវ័យក្មេងជំនាន់ថ្មីផងដែរ។ ឯកឧត្តមបណ្ឌិត សុខ សុក្រឹត្យា ក៏បានបញ្ជាក់បន្ថែមអំពីគម្រោងបើកទទួលស្វាគមន៍ទេសចរណ៍សុវត្ថិភាពនៅត្រីមាសទី៤ ឆ្នាំ២០២១ របស់រាជរដ្ឋាភិបាលកម្ពុជា និងការត្រៀមធ្វើជាម្ចាស់ផ្ទះរៀបចំវេទិកាទេសចរណ៍អាស៊ានឆ្នាំ ២០២២ នៅខេត្តព្រះសីហនុផងដែរ។

ឯកឧត្តម Juti Krairerk បានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំប្រកបដោយភាពឈ្លាសវៃ និងមានវិធានការច្បាស់លាស់ក្នុងការដោះស្រាយវិបត្តិកូវីដ១៩ និងបានផ្តាំផ្ញើការសួរសុខទុក្ខសម្តេចតេជោនាយករដ្ឋមន្ត្រីផងដែរ។ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍សង្គមរបស់ថៃ បានលើកអំពីសក្តានុពលទេសចរណ៍វប្បធម៌បេតិកភណ្ឌ ប្រវត្តិសាស្ត្រ និងអេកូទេសចរណ៍របស់កម្ពុជា នៅមិនទាន់ទាញយកមកប្រើប្រាស់ជាប្រយោជន៍ឲ្យអស់លទ្ធភាពនៅឡើយ ដែលត្រូវបន្តឈានឆ្ពោះទៅចាប់យកឱកាសនៃការអភិវឌ្ឍឲ្យបានស៊ីជម្រៅបន្ថែមទៀត ស្របតាមនិន្នាការទេសចរណ៍នៃប្រក្រតីភាពតាមគន្លងថ្មី។

ឯកឧត្តម Juti Krairerk ផ្តល់យោបល់ជូនកម្ពុជាក្នុងការរៀបចំគម្រោងអភិវឌ្ឍន៍វិស័យទេសចរណ៍លើគោលនយោបាយផ្ទះទីពីរ «Second Home Policy» សម្រាប់ទេសចរដែលជានិវត្តន៍ជន ទាំងជនជាតិថៃ ក៏ដូចជាជនជាតិជប៉ុន កូរ៉េ និងអឺរ៉ុបជាដើម។ ឯកឧត្តម Juti Krairerk បានចែករំលែកបទពិសោធន៍នេះថា បច្ចុប្បន្នក្រសួងអភិវឌ្ឍន៍សង្គម និងសន្តិសុខមនុស្ស កំពុងសហការជាមួយក្រសួងទេសចរណ៍ និងកីឡានៃព្រះរាជាណាចក្រថៃក្នុងការរៀបចំអភិវឌ្ឍន៍គម្រោងនេះ។

ក្នុងជំនួបនេះឯកឧត្តមបណ្ឌិត សុខ សុក្រឹត្យា និងរដ្ឋមន្ត្រីអភិវឌ្ឍន៍សង្គមថៃ បានជជែកទៅលើកម្មវិធីផ្លាស់ប្តូរយុវជនរវាងប្រទេសទាំងពីរ (ចាប់ពីកម្រិតបឋមសិក្សារហូតដល់កម្រិតវិទ្យាល័យ) ដើម្បីសិក្សា និងដកបទពិសោធន៍ពីគ្នាទៅវិញទៅមកក្នុងកម្រិតទ្វេរភាគី និងសហគមន៍អាស៊ានតែមួយ ចែករំលែកវិធីសាស្រ្តក្នុងការគ្រប់គ្រង និងបែងចែកសំរាម។ ភាគីទាំងពីរក៏បានពិភាក្សាពីការសង់ផ្ទះក្នុងតម្លៃសមរម្យសម្រាប់លក់ ឬជួលជូនពលរដ្ឋដែលមានចំណូលទាប និងវិធានការក្នុងការគ្រប់គ្រងការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ នៅក្នុងសហគមន៍ និងការត្រៀមបើកទទួលទេសចរអន្តរជាតិឡើងវិញតាមរយៈយន្តការ «ទេសចរណ៍សុវត្ថិភាព»។

ក្នុងជំនួបដ៏កម្រនេះភាគីទាំងពីរបានសន្យាបន្តធ្វើការជាមួយគ្នាដើម្បីរក្សា និងបង្កើនចំណងមិត្តភាព ទំនាក់ទំនងល្អរវាងប្រទេសទាំងពីរឲ្យឈានទៅមុខជាមួយគ្នាសម្រាប់ភាពសុខដុមរមនា និងវិបុលភាពសង្គមទាំងបច្ចុប្បន្ន និងអនាគត៕