ព្រែកហម និងព្រែកប្រឡាយ ១៥ ដំណើរការបានប្រមាណ ៦០% ក្នុងខេត្តកណ្តាល


គិតត្រឹមថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ ២០១៧ ដំណើរការស្តារឡើងវិញ ព្រែកហម និងព្រែកប្រឡាយ ១៥ សម្រេចការងារបានប្រមាណ ៦០% ហើយ ។
សូមរំលឹកជូនថា ព្រែកហម និងព្រែកប្រឡាយ ១៥ គឺជាព្រែកនាំដីល្បាប់ ចំនួន ០២ ខ្សែ ដែលកំពុងត្រូវបានក្រសួងធនធានទឹក និងឧតុនិយម ធ្វើការស្តារឡើងវិញក្នុងទឹកដីនៃឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្តាល ។ ការស្តារព្រែកទាំង ០២ ខ្សែនេះ គឺមានប្រវែងសរុប ៦.៨២០ ម៉ែត្រ និងមានបំពាក់សំណង់សិល្បការ សរុបចំនួន ១១ កន្លែង ព្រមទាំងសាងសង់ផ្លូវអមសងខាងព្រែកដោយក្រាលកំទេចថ្មផេះ ប្រវែង ៦.៨០០ ម៉ែត្រ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ។ ក្រោយស្តាររួច ព្រែកនេះ នឹងដើរតួនាទីជាព្រែកនាំទឹក និងដីល្បាប់ពីទន្លេបាសាក់ ទៅបំរើឱ្យការដាំដុះនៅក្នុងឃុំឈើខ្មៅ លើផ្ទៃដីប្រមាណ ៤៥០ ហិកតា ៕