ឯកឧត្តម ហេង ណារ៉េត អញ្ជើញជាអធិបតីក្នុងពិធីបើក សិក្ខាសាលាថ្នាក់ជាតិស្តីពី ការទប់ស្កាត់ការធ្វើពាណិជ្ជកម្មសារធាតុគីមី និងសំណល់ខុសច្បាប់នៅកម្ពុជា


ខេត្តព្រះសីហនុ៖​ នាព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៧នេះនៅសណ្ឋាគារសុខា ឯកឧត្តម ហេង ណារ៉េត អគ្គនាយក នៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន​ បានចូលរួមជាអធិបតីក្នុងពិធីបើក សិក្ខាសាលាថ្នាក់ជាតិស្តីពី​ “ការទប់ស្កាត់ការធ្វើពាណិជ្ជកម្មសារធាតុគីមី និងសំណល់ខុសច្បាប់នៅកម្ពុជា” ដែលបាននឹងប្រព្រឹត្តទៅរយៈពេល០៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់១៦ ខែមិថុនា ឆ្នាំ២០១៧។ ពិធីបើកសិក្ខាសាលាក៏មានការចូលរួមដោយលោក Andy Raine មន្រ្តីច្បាប់ និងលោក Huib Van Westen ទីប្រឹក្សា និងជាអ្នកសម្របសម្រួលបណ្តាញថ្នាក់តំបន់ទទួលបន្ទុកសារធាតុគីមីនិងសំណល់ នៃអង្គការកម្មវិធីបរិស្ថានសហប្រជាជាតិ​ និងមានសិក្ខាកាមចូលរួមចំនួន​ ៥០រូប​ ដែលមកពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា អគ្គនាយកដ្ឋានគាំពារបរិស្ថាន ក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ ដែលឧបត្ថម្ភដោយអង្គការកម្មវិធីបរិស្ថានសហប្រជាជាតិ ក្រោមកិច្ចសហការពីអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា និងអគ្គនាយកដ្ឋានគាំពារបរិស្ថាន ក្រសួងបរិស្ថាន​។
សិក្ខាសាលានេះមានគោលបំណងកសាងសមត្ថភាពដល់មន្រ្តីអនុវត្តន៍ច្បាប់ក្នុងការប្រយុទ្ធប្រឆាំងការធ្វើពាណិជ្ជកម្មសារធាតុគីមី និងសំណល់ខុសច្បាប់ និងផ្តល់សិក្ខាកាមនូវបទពិសោធន៍ និងការអនុវត្តផ្ទាល់ក្នុងការត្រួតពិនិត្យឯកសារគយលើទំនិញដែលមានហានិភ័យខ្ពស់៕