លោកជំទាវ ទី បូរ៉ាស៊ី អញ្ជើញចុះជួបសំណេះសំណាលជាមួយនឹងអាជ្ញាធរស្រុកពញាឮ នៅសាលាស្រុកពញាឮ


នាថ្ងៃអង្គារ ទី៥ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង៨:០០នាទីព្រឹក លោកជំទាវ ទី បូរ៉ាស៊ី ប្រធានគណៈកម្មការទី៥ ព្រឹទ្ធសភា អមដំណើរដោយ ឯកឧត្តម ស៊ឹម សុខវិបូរ ប្រធានលេខាធិការដ្ឋានសមាគមសង្គហៈមន្ត្រីរាជការនៃក្រុមនីតិប្បញ្ញត្តិ បានអញ្ជើញចុះដល់សាលាស្រុកពញាឮ ខេត្តកណ្ដាល ដើម្បីជួបសំណេះសំណាលសួរសុខទុក្ខថ្នាក់ដឹកនាំស្រុក ឃុំ មន្ត្រីរាជការ និងប្រជាពលរដ្ឋ រួមមាន ឯកឧត្តម ថន សុវណ្ណា អភិបាលនៃគណៈអភិបាលស្រុកពញាឮ ឯកឧត្តម នុត ប៉ាត ទីប្រឹក្សាក្រសួងធនធានទឹកនិងឧតុនិយម និងលោក លោកស្រីក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក និងលោក លោកស្រីប្រធានក្រុមប្រឹក្សាឃុំ និងតំណាងប្រជាពលរដ្ឋ ដោយបាននាំអំណាយដើម្បីចែកជូនប្រជាពលរដ្ឋក្រីក្រខ្វះខាតចំនួន១១០គ្រួសារមកពីឃុំទាំង១១ ក្នុងស្រុកពញាឮ ខេត្តកណ្តាល។ លោកជំទាវបានកោតសរសើរការខិតខំបំពេញភារកិច្ចរបស់មន្ត្រីនិងប្រជាពលរដ្ឋ រំលឹកអនុវត្តវិធានការ “៣ការពារនិង៣កុំ” ឱ្យម៉ឺងម៉ាត់ខ្ជាប់ខ្ជួន និងវិធានការផ្សេងៗទៀត ដើម្បីជៀសផុតនូវជំងឺតម្កាត់កាចសាហាវ ពិសេសជំងឺកូវីដ-១៩ និងជំងឺគ្រុនឈាម ព្រោះជារដូវភ្លៀងអាចមានថ្លុកទឹកច្រើន។ ក្នុងកម្មវិធីនេះលោកជំទាវបានចែកជូនប្រជាពលរដ្ឋក្នុងមួយគ្រួសារនូវ៖ អង្ករ១០គីឡូក្រាម ទឹកត្រី១យួរ ទឹកស៊ីអ៉ីវ១យួរ ស្ករស១គីឡូក្រាម អំបិល១គីឡូក្រាម អាល់កុល១ដប សាប៊ូ២ដុំ ក្រមា១ កូនកន្សែងជូតមុខ១ ម៉ាស់១ដុំ ថវិកា២ម៉ឺនរៀល។ ឧបត្ថម្ភមេឃុំទាំង១១រូប ក្នុងម្នាក់ៗថវិកា ៥០,០០០រៀល។
ក្នុងនាមប្រជាពលរដ្ឋក្រីក្រទាំង១១០គ្រួសារ ឯកឧត្តម ថន សុវណ្ណា អភិបាលនៃគណៈអភិបាលស្រុកពញាឮ សូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅ និងសូមបួងសួងសូមគុណបុណ្យបារមីព្រះរតនត្រ័យ ទេវតា និងវត្ថុស័ក្តិសិទ្ធិទាំងឡាយមានព្រះបារមីរក្សាភ្នំព្រះរាជទ្រព្យ ស្តេចយាងនិមន្ត និងអញ្ជើញមកអភិបាលរក្សា លោកជំទាវ ទី បូរ៉ាស៊ី ប្រធានគណៈកម្មការទី៥ និងក្រុមគ្រួសារ ព្រមទាំងសហការី សូមសមប្រកបជួបប្រទះតែនឹងព្រះពរជ័យបវរមហាប្រសើរ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។