ឯកឧត្តម ប៉ាន់ខែម ប៊ុនថន បាននាំយកមីចំនួន​ ១,០០០ (មួយពាន់) កេស រួមជាមួយម៉ាស និងអាល់កុល ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី​ ហ៊ុន សែន ប្រគល់ជូនសម្ពន្ធយុវជនស្រលាញ់សន្តិភាព ខេត្តបាត់ដំបង និងខេត្តពោធិ៍សាត់


(បាត់ដំបង)៖ មីចំនួន ១,០០០ (មួយពាន់)កេស រួមជាមួយម៉ាស និងអាល់កុល ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ត្រូវបានឯកឧត្តម ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្តេចតេជោ នាយករដ្ឋមន្ត្រី និងជាប្រធានប្រតិបត្តិសម្ពន្ធយុវជនស្រលាញ់សន្តិភាព នាំយកទៅប្រគល់ជូនគណៈកម្មាធិការប្រតិបត្តិ សម្ពន្ធយុវជនស្រលាញ់សន្តិភាព ខេត្តបាត់ដំបង និងខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃអង្គារ ១៣កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១ ដោយមានការចូលរួមពីសំណាក់លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង និងជានាយសេនាធិការយោធភូមិភាគទី៥ ,ឯកឧត្តម អុឹង គឹមលាង អភិបាលរង នៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាប្រធានកិត្តិយសសម្ពន្ធយុវជនស្រលាញ់សន្តិភាព ខេត្តពោធិ៍សាត់, លោកឧត្តមសេនីយ៍ត្រី មាស សុវណ្ណ មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តបាត់ដំបង, លោក យ៉ាង គីមហ៊ុយ ទីប្រឹក្សា សម្ពន្ធយុវជនស្រលាញ់សន្តិភាព, លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥១, លោកស្រី ថោ សុធា សមាជិក ក្រុមលេខាសម្តេចតេជោនាយករដ្ឋមន្ត្រី និងជាប្រធានប្រតិបត្តិ សម្ពន្ធយុវជនស្រលាញ់សន្តិភាព ខេត្តពោធិ៍សាត់, លោកស្រី ស៊ឹម សុខុន ប្រធានប្រតិបត្តិ សម្ពន្ធយុវជនស្រលាញ់សន្តិភាព ខេត្តបាត់ដំបង, លោក ផេង សិទ្ធី អភិបាល នៃគណៈអភិបាលក្រុងបាត់ដំបង រួមជាមួយភ្ញៀវកិត្តិយស និងសមាជិក សមាជិកា សម្ពន្ធយុវជនស្រលាញ់សន្តិភាព ខេត្តបាត់ដំបង និងខេត្តពោធិ៍សាត់។
មុនពេលសំណេះសំណាលជាមួយសមាជិក សមាជិកា ឯកឧត្តម ប៉ាន់ខែម ប៊ុនថន បានដឹកនាំអង្គពិធីធ្វើការសង្រួមចិត្តរំលឹកគោរពវិញ្ញាណក្ខន្ធដល់សមាជិក សមាជិកា សម្ពន្ធយុវជនស្រលាញ់សន្តិភាព ដែលបានបាត់បង់ជីវិតដោយសារជំងឺកូវីដ-១៩ ក្នុងកំឡុងពេលចូលរួមយុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩នាពេលកន្លងមក។ ជាមួយគ្នានេះ ឯកឧត្តម ប៉ាន់ខែម ប៊ុនថន ក៏បាននាំយកការផ្តាំសួរសុខទុក្ខពីសំណាក់សម្តេចតេជោ នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់ថ្នាក់ដឹកនាំ និងសមាជិក សមាជិកា នៃសម្ពន្ធយុវជនស្រលាញ់សន្តិភាពទាំងអស់ដែលតែងតែបានចូលរួមចំណែកក្នុងសកម្មភាពកិច្ចការងារសង្គមនានាជាបន្តបន្ទាប់រៀងមក ហើយឯកឧត្តម ប៉ាន់ខែម ប៊ុនថន ក៏បានក្រើនរំលឹកឱ្យសមាជិក សមាជិកាសម្ពន្ធយុវជនស្រលាញ់សន្តិភាព ត្រូវបន្តប្រឹងប្រែងបំពេញបេសកកម្មក្នុងបុព្វហេតុចូលរួមសកម្មភាពការងារសង្គមជាមួយអាជ្ញាធរនៅតាមមូលដ្ឋាន ពិសេសគឺត្រូវដាក់កំណត់ការជួយសង្គ្រោះអាយុជីវិតបងប្អូនប្រជាពលរដ្ឋគឺការងារអាទិភាពទី១ និងបន្ទាន់បំផុត ព្រោះអាយុជីវិតរបស់ប្រជាពលរដ្ឋមានតម្លៃណាស់។
លើសពីនេះឯកឧត្តមក៏បានបញ្ជាក់សង្កត់ធ្ងន់ថា ដោយសាររយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះព្រះរាជាណាចក្រកម្ពុជាទទួលរងអាកាសធាតុសម្ពាធទាបក្នុងរដូវវស្សា ហើយមានភ្លៀងធ្លាក់ខ្លាំងស្ទើរគ្រប់ទីកន្លែង បណ្តាលឱ្យខេត្តមួយចំនួនត្រូវរងការជន់លិចនៅតំបន់ខ្លះដោយសារជំនន់ទឹកភ្លៀង។ ក្នុងស្ថានភាពដែលកំពុងប្រឈមនេះ គណៈកម្មាធិការប្រតិបត្តិសម្ពន្ធយុវជនស្រលាញ់សន្តិភាព និងសមាជិក សមាជិកាទូទាំងប្រទេស ត្រូវតែចូលរួមជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋគ្រប់ទីកន្លែងដែលកំពុងប្រឈមបញ្ហា ទទួលរងគ្រោះមហន្តរាយដោយធម្មជាតិឱ្យទាន់ពេលវេលា និងមានប្រសិទ្ធិភាពបំផុត។
ឆ្លើយតបនឹងលទ្ធផលសកម្មភាពការងារចូលរួមជួយប្រជាពលរដ្ឋរបស់សម្ពន្ធយុវជនស្រលាញ់សន្តិភាព ទើបសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន បានផ្តល់ជូនមីចំនួន១,០០០ (មួយពាន់)កេស តាមរយៈឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម ជូនសម្ពន្ធយុវជនស្រលាញ់សន្តិភាព ដើម្បីចាត់ចែងជាក់ស្តែងចំពោះមុខការអន្តរាគមន៍សង្គ្រោះបឋមដល់ប្រជាពលរដ្ឋ។
ក្នុងនាមសម្ពន្ធយុវជនស្រលាញ់សន្តិភាព ឯកឧត្តម ប៉ាន់ខែម ប៊ុនថន បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតចំពោះសម្តេចតេជោ នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលតែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់ទីកន្លែង ព្រមទាំងការជួយជំរុញលើកទឹកចិត្តដល់សម្ពន្ធយុវជនស្រលាញ់សន្តិភាពជានិច្ច៕