កម្ពុជាបង្ហាញបទពិសោធន៍ ក្នុងការជំរុញការវិនិយោគប្រកបដោយចីរភាព ក្នុងវេទិកាវិនិយោគពិភពលោកឆ្នាំ២០២១ នៅទីក្រុងហ្សឺណែវ


(ភ្នំពេញ)៖ ក្នុងវេទិកាវិនិយោគពិភពលោកឆ្នាំ២០២១ ពីរាជធានីភ្នំពេញ តាមប្រព័ន្ធវីដេអូ ឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានបង្ហាញពីបទពិសោធន៍របស់កម្ពុជា ក្នុងការជំរុញការវិនិយោគប្រកបដោយចីរភាព។

សេចក្តីប្រកាសព័ត៌មានបន្តថា ក្នុងព្រឹត្តិការណ៍រួមនៃវេទិកាវិនិយោគពិភពលោក ថ្នាក់ដឹកនាំវិនិយោគលើពិភពលោក បានពិភាក្សាពីលទ្ធភាពដាក់ឱ្យដំណើរការនូវសម្ព័ន្ធសកលថ្មីមួយសម្រាប់ ការវិនិយោគប្រកបដោយចីរភាព ដែលមានឈ្មោះថា «សម្ព័ន្ធវិនិយោគទូទាំងពិភពលោក សម្រាប់ការអភិវឌ្ឍ» ដើម្បីគាំទ្រដល់កិច្ចសហការ កាន់តែរឹងមាំលើកិច្ចការវិនិយោគ។

សម្រាប់ប្រទេសកម្ពុជា បានបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការលើកកម្ពស់ចីរភាពនៅក្នុងច្បាប់វិនិយោគថ្មី ដែលក្របខ័ណ្ឌការ លើកទឹកចិត្តឆ្លាតវៃ ត្រូវបានដាក់បញ្ចូលនៅក្នុងច្បាប់វិនិយោគថ្មីនេះ ដើម្បីទាក់ទាញការវិនិយោគប្រកប ដោយចីរភាពបន្ថែមទៀត មកកាន់ព្រះរាជាណាចក្រកម្ពុជា។

ឆ្នាំនេះ កម្ពុជាបានដាក់ឱ្យដំណើរការនូវប្រព័ន្ធទិន្នន័យសន្ធានកម្ម ខ្សែច្រវាក់ផ្គត់ផ្គង់សម្រាប់អភិវឌ្ឍន៍ដោយចីរភាព  ដើម្បីជួយសម្រួលដល់ការវិនិយោគ ដែលសម្រេចបាននូវគោលដៅចីរភាព។

វិនិយោគិនអាចចុះកិច្ចសន្យា ជាមួយក្រុមហ៊ុនក្នុងស្រុកកំពុងប្រតិបត្តិការ ដែលការពារបរិស្ថាន សម្រេចបានគោលដៅយេនឌ័រ និងផ្តល់ ការបណ្តុះបណ្តាលសម្រាប់ការអភិវឌ្ឍជំនាញ។ ប្រព័ន្ធទិន្នន័យសន្ធានកម្មខ្សែច្រវាក់ផ្គត់ផ្គង់ គឺជាលទ្ធផល នៃកិច្ចសហប្រតិបត្តិការ រវាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងវេទិកាសេដ្ឋកិច្ចពិភពលោក។

អ្វីជាសនិទានកម្មនោះគឺ ពិភពលោកបានឆ្លងកាត់ការផ្លាស់ប្តូរយ៉ាងស៊ីជម្រៅជាច្រើន ដែលបណ្ដាលមកពីបម្រែបម្រួលឧស្សាហកម្ម បម្រែបម្រួលបច្ចេកវិទ្យា ការវិវត្តនៃសង្គម ការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ និងការរីករាលដាលនៃជំងឺកូវីដ-១៩។

ការវិនិយោគអន្តរជាតិអាចចងសម្ព័ន្ធរួមគ្នា និងពង្រឹងសេដ្ឋកិច្ច ក្នុងកាលៈទេសៈនៃបម្រែបម្រួលទាំងនេះ និងធ្វើឱ្យសហគមន៍សកលកាន់ តែមានភាពរឹងមាំឡើង។ ទោះជាយ៉ាងណាក៏ដោយ រំហូរវិនិយោគអន្តរជាតិបានផ្លាស់ប្តូរទម្រង់ និងបានធ្លាក់ចុះដោយទុនវិនិយោគផ្ទាល់ ពីបរទេសបានថយចុះចំនួន ៣៥% ទូទាំងពិភពលោកនៅឆ្នាំ២០២០ ដែលធ្វើឱ្យការរួមចំណែក នៅក្នុងការអភិវឌ្ឍប្រកបដោយចីរភាពប្រឈមនឹងហានិភ័យ។

ក្នុងពេលជាមួយគ្នានេះដែរ មានហិរញ្ញប្បទានចីរភាពរាប់ទ្រីលានដុល្លារ កំពុងរង់ចាំការប្រើប្រាស់ សម្រាប់ការស្ទុះងើបឡើងវិញ នៃការវិនិយោគផ្ទាល់ពីបរទេសថ្មី ប្រសិនបើគោលនយោបាយ និងវិធានការ នានាត្រូវបានអនុវត្ត។ យើងមើលឃើញសក្តានុពលនេះជាមួយនឹងការស្ទុះឡើងនៃការទិញ និងការរំលាយ បញ្ចូលគ្នានៅទូទាំងពិភពលោក ដែលគ្រាន់តែក្នុងឆមាសទីមួយនៃឆ្នាំ២០២១ មានចំនួនលើសពីឆ្នាំ២០២០រួចទៅហើយ៕