មេដឹកនាំសហព័ន្ធសន្តិភាពសកល ហៅសម្តេចតេជោ ហ៊ុន សែន ថា ជាមេដឹកនាំសន្តិភាពសកល


(ភ្នំពេញ)៖ លោកបណ្ឌិត យុង យ៉ុងហួ អគ្គនាយកសហព័ន្ធសន្តិភាពសកល (UPF) បានបង្ហាញនូវការកោតសរសើរ និងស្ញប់ស្ញែងជាខ្លាំងចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ចំពោះការដឹកនាំ និងការកសាងសន្តិភាពនៅកម្ពុជា។

ក្នុងឱកាសចូលជួបសម្តែងការគួរសម និងពិភាក្សាការងារមួយចំនួន ដើម្បីត្រៀមរៀបចំកិច្ចប្រជុំកំពូលពិភពលោកស្តីពីសន្តិភាពនៅឧបទ្វីបកូរ៉េ នៅដើមឆ្នាំ២០២២ ដែលមានសម្តេចតេជោ ហ៊ុន សែន ជាសហប្រធានដែរនោះ លោកបណ្ឌិត យុង យ៉ុង ហួ បានគូសរំលេចនូវសមិទ្ធផល និងកិច្ចការមួយចំនួន ជាកិច្ចប្រឹងប្រែងរបស់សម្តេចតេជោក្នុងការបញ្ចប់សង្គ្រាម ហើយកសាងនូវសុខសន្តិភាពសម្រាប់កម្ពុជា ដែលធ្លាប់រងគ្រោះធ្ងន់ធ្ងរដោយសារភ្លើងសង្គ្រាមពីអតីតកាល។

លោកបណ្ឌិត យុង យ៉ុង ហួ បានលើកឡើងទៀតថា សម្តេចតេជោ គឺជាមេដឹកនាំមានបេះដូងសន្តិភាពក្នុងខ្សែភ្នែករបស់ប្រជាពលរដ្ឋនៅទូទាំងពិភពលោក។

នៅក្នុងជំនួបនេះ លោកបណ្ឌិត យ៉ុង ហួ ក៏បានថ្លែងកោតសរសើរ និងអបអរសាទរចំពោះភាពជោគជ័យរបស់កម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន លើការគ្រប់គ្រងជំងឺកូវីដ១៩ និងការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋផងដែរ។ មេដឹកនាំសហព័ន្ធសន្តិភាពសកលរូបនេះ បានហៅថា ភាពជោគជ័យនៃការដឹកនាំប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ និងការចាក់វ៉ាក់សាំងនេះ គឺជាគំរូមួយសម្រាប់ពិភពលោក មិនមែនសម្រាប់តែប្រទេសកូរ៉េខាងត្បូងនោះឡើយ។

នៅក្នុងជំនួបនាព្រឹកមិញនេះ លោក យ៉ុង ហួ បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅជូនសម្តេចតេជោ ដែលបានយល់ព្រមចូលរួមកិច្ចប្រជុំកំពូលពិភពលោក ស្តីពីសន្តិភាពនៅឧបទ្វីបកូរ៉េ និងយល់ព្រមធ្វើសហប្រធាននៃកិច្ចប្រជុំ ដែលគ្រោងនឹងធ្វើនៅដើមឆ្នាំ២០២២នេះ។

ក្នុងឱកាសនោះលោកបណ្ឌិត យ៉ុង ហួ បានឆ្លៀតគោរពរាយការណ៍ជូនសម្តេចតេជោ នូវវឌ្ឍនភាពនៃការរៀបចំកិច្ចប្រជុំកំពូលនេះ និងបានស្នើសុំអនុសាសន៍មួយចំនួនពីសម្តេចតេជោ ដើម្បីរៀបចំកិច្ចប្រជុំនេះឱ្យទទួលបានជោគជ័យផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះការវាយតម្លៃ និងការលើកឡើងរបស់លោក យ៉ុង ហួ លើកឡើងខាងលើនេះ។ សម្តេចតេជោ ក៏បានផ្តល់ជូននូវទស្សនៈវិស័យពាក់ព័ន្ធកិច្ចប្រជុំកំពូលពិភពលោកស្តីពីសន្តិភាពឧបទ្វីបកូរ៉េ និងបានផ្តល់នូវគំនិតផ្តួចផ្តើមមួយចំនួនសម្រាប់កិច្ចប្រជុំកំពូលនេះ ក៏ដូចជាកិច្ចសហប្រតិបត្តិការរបស់អង្គការ UPF ក្នុងក្របខណ្ឌឥណ្ឌូប៉ាស៊ីហ្វិក និងក្របខណ្ឌមេគង្គ៕