ក្រសួងសុខាភិបាល ចេញសេចក្តីសម្រេចកំណត់នីតិវិធីប្រតិបត្តិស្តង់ដា ធ្វើចត្តាឡីស័ករបស់អ្នកដំណើរមកពីបរទេស ដែលបានចាក់វ៉ាក់សាំងពេញលេញ


(ភ្នំពេញ)៖ ក្រសួងសុខាភិបាល បានចេញសេចក្តីសម្រេចស្តីពីនីតិវិធីប្រតិបត្តិស្តង់ដា ស្តីពីការធ្វើចត្តាឡីស័ករបស់អ្នកដំណើរមកពីបរទេស ដែលបានចាក់វ៉ាក់សាំងកូវីដ១៩ ដូសមូលដ្ឋានបានពេញលេញ។

ក្រសួងសុខាភិបាលបានបញ្ជាក់ថា នីតិវិធីប្រតិបត្តិស្តង់ដា ស្តីពីការធ្វើចត្តាឡីស័ករបស់អ្នកដំណើរមកពីបរទេស ដែលបានចាក់វ៉ាក់សាំងកូវីដ១៩ ដូសមូលដ្ឋានបានពេញលេញ មានវិសាលភាពអនុវត្តទូទាំងប្រទេស។

សូមជម្រាបថា កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១ ក្រសួងសុខាភិបាល ជូនដំណឹងកែប្រែលក្ខខណ្ឌធ្វើដំណើរ និងការធ្វើចត្តាឡីស័ក សម្រាប់អ្នកដំណើរចូលមកកម្ពុជា តាមគ្រប់ច្រកចូល ដែលទទួលបានការចាក់វ៉ាក់សាំងដូសមូលដ្ឋាន បានពេញលេញដូចតទៅ៖

* ត្រូវអនុវត្តរបបពិសេស ទៅតាមការសម្រេចរបស់រាជរដ្ឋាភិបាល លើករណីនីមួយៗ ចំពោះភ្ញៀវផ្លូវការរបស់រាជរដ្ឋាភិបាល និងមន្ត្រីថ្នាក់ដឹកនាំជាន់ខ្ពស់របស់រាជរដ្ឋាភិបាល ដែលត្រលប់ពីបំពេញបេសកកម្មនៅក្រៅប្រទេស

* ត្រូវអនុវត្តរបបចត្តាឡីស័កចំនួន ៣ថ្ងៃ ចំពោះវិនិយោគិន បុគ្គលិកជំនាញបច្ចេកទេសទាំងជនជាតិខ្មែរ និងបរទេស មន្ត្រីការទូត មន្ត្រីអនុវត្តគម្រោងសហប្រតិបត្តិការផ្លូវការ និងមន្ត្រីរាជការរបស់រាជរដ្ឋាភិបាល ដែលត្រលប់មកពីបំពេញបេសកកម្មនៅក្រៅប្រទេស (ដោយរួមបញ្ចូលក្រុមគ្រួសាររបស់ក្រុម អាទិភាពនេះផង)

* ត្រូវអនុវត្តរបបចត្តាឡីស័កចំនួន ៧ថ្ងៃ ចំពោះអ្នកដំណើរទូទៅដែលជាជនជាតិខ្មែរ ឬជនបរទេស និងដោយឡែក ត្រូវអនុវត្តរបបចត្តាឡីស័កចំនួន ១៤ថ្ងៃ ចំពោះអ្នកដំណើរគ្រប់ប្រភេទដែលមិនបានចាក់វ៉ាក់សាំងកូវដ-១៩ ឬមិនទាន់បានចាក់វ៉ាក់សាំងដូសមូលដ្ឋានបានពេញលេញ។

សូមជម្រាបថា តាមរយៈសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល រាជរដ្ឋាភិបាលកម្ពុជា បានផ្ដល់នូវអាទិភាពខ្ពស់ សម្រាប់អ្នកដំណើរចូលមកកម្ពុជាទាំងខ្មែរ និងបរទេស ដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ បានពេញលេញ ខណៈអ្នកដែលចាក់មិនបានពេញលេញ គឺត្រូវបន្ដធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃដដែល៕