ឯកឧត្តម ប៉ាន សូរស័ក្ដិ ទទួលជួបនាយកប្រតិបត្តិនៃសហគមន៍ម្រេចអន្តរជាតិ


នៅល្ងាចថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៧ ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានទទួលជួបលោកស្រី ហ័ង ធិលៀន (Hoang Thi Lien) នាយកប្រតិបត្តិនៃសហគមន៍ម្រេចអន្តរជាតិ (International Pepper Community) ដែលជាស្ថាប័នមួយបង្កើតឡើងក្រោមក្របខណ្ឌគណៈកម្មការសេដ្ឋកិច្ច និងសង្គមប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក នៃអង្គការសហប្រជាជាតិ (UNESCAP) ។
គោលបំណងនៃជំនួបនេះ គឺដើម្បីណែនាំពីគុណប្រយោជន៍នៃការចូលជាសមាជិករបស់សហគមន៍ ដែលបច្ចុប្បន្នមានសមាជិកពេញសិទ្ធិចំនួន ០៦ ប្រទេសរួមមាន វៀតណាម ឥណ្ឌូណេស៊ី ប្រេស៊ីល ឥណ្ឌា ស្រីលង្ការ និងម៉ាឡេស៊ី។ ការចូលជាសមាជិករបស់សហគមន៍ ប្រទេសជាសមាជិកនឹងទទួលបានអត្ថប្រយោជន៍លើការលើកកំពស់ផលិតភាព បច្ចេកទេសថ្មីៗ ការស្រាវជ្រាវនានា ការគាំទ្រលើខ្សែសង្វាក់ផលិតផលទាំងមូល ក៏ដូចជាសម្របសម្រួលរវាងកសិករ និងឈ្មួញ ដើម្បីឈានទៅដល់ការនាំចេញទៅទីផ្សារបរទេស។
ឯកឧត្តមរដ្ឋមន្ត្រី បានមានមតិថា ម្រេចកម្ពុជា ជាកសិផលមួយដែលមានភាពល្បីល្បាញ ជាពិសេសម្រេចកំពត ដែលជាទំនិញបញ្ជាក់ភូមិសាស្ត្រ (Geographical Indication) និងមានតម្លៃខ្ពស់នៅលើទីផ្សារពិភពលោក។ ចំពោះការចូលជាសមាជិកនេះ ឯកឧត្តម មានប្រសាសន៍ថា កម្ពុជា នឹងអាចចូលជាសមាជិកសង្កេតការណ៍របស់សហគមន៍ម្រេចអន្តរជាតិជាមុន ហើយនឹងសិក្សាបន្ថែមទៀតលើលទ្ធភាពក្នុងការចូលជាសមាជិកពេញសិទ្ធិនៅពេលក្រោយ។ ឯកឧត្តម បានណែនាំឲ្យសហគមន៍ម្រេចអន្តរជាតិ សហការជាមួយក្រសួងពាណិជ្ជកម្ម រៀបចំសិក្ខាសាលាមួយនៅកម្ពុជា ដើម្បីបង្កើតជាវេទិកាប្រឹក្សាជាមួយកសិករ អ្នកប្រមូលទិញ និងអ្នកនាំចេញម្រេច ក្នុងគោលបំណងលើកស្ទួយការអភិវឌ្ឍន៍ផលិតផលម្រេចនៅកម្ពុជាបន្ថែមទៀត។