រដ្ឋសភាបន្តសម័យនៅថ្ងៃចន្ទសប្តាហ៍ក្រោយ ដើម្បីពិភាក្សា និងអនុម័តលើវិសោធនកម្មរដ្ឋធម្មនុញ្ញ ទាក់ទងនឹងការកំណត់សញ្ជាតិខ្មែរតែមួយ សម្រាប់ប្រធានស្ថាប័នកំពូលទាំង៤


រដ្ឋសភា នឹងបន្តសម័យ នៅថ្ងៃចន្ទ ទី២៥ ខែតុលា ឆ្នាំ២០២១ សប្តាហ៍ក្រោយ ដើម្បីពិភាក្សា និងអនុម័តលើរបៀបវារៈមួយចំនួន ក្នុងនោះក៏មានការពិភាក្សា និងអនុម័តលើវិសោធនកម្មរដ្ឋធម្មនុញ្ញ ទាក់ទងនឹងការកំណត់សញ្ជាតិខ្មែរតែមួយ សម្រាប់នាយករដ្ឋមន្រ្តី ប្រធានរដ្ឋសភា ប្រធានព្រឹទ្ធសភា និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញផងដែរ។

ការកំណត់ពេលបើកសម័យប្រជុំពេញអង្គនេះ ធ្វើឡើងបន្ទាប់ពីរដ្ឋសភា បើកកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១នេះ ក្រោមអធិបតីភាព សម្តេច ហេង សំរិន ប្រធានរដ្ឋសភា។

សម្រាប់សម័យប្រជុំរដ្ឋសភា នាថ្ងៃចន្ទទី២៥ ខែតុលាឆ្នាំ២០២១ នឹងមានរបៀបវារៈចំនួន៤ ត្រូវពិភាក្សា និងអនុម័ត មានដូចជា៖

១៖ ការបោះឆ្នោត ផ្តល់សេចក្តីទុកចិត្តលើការ បំពេញបន្ថែមសមាសភាពសមាជិកនៃរាជរដ្ឋាភិបាលដល់ ឯកឧត្តម ប៉ា សុជាតិវង្ស ជាទេសរដ្ឋមន្រ្តី ទទួលបន្ទុក បេសកកម្មពិសេស។

២៖ ពិភាក្សានិងអនុម័ត សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀង បន្ថែមទៅលើកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលកម្ពុជា និងអង្គការសហប្រជាជាតិ ទាក់ទងទៅនឹងការកាត់សេចក្តីនៅក្រោមច្បាប់កម្ពុជានូវឧក្រិដ្ឋកម្ម ដែលប្រព្រឹត្តឡើងនៅក្នុងរយៈកាល នៃកម្ពុជាប្រជាធិបតេយ្យ ស្តីពីការរៀបចំក្នុងពេលអន្តរកាល និងការបញ្ចប់ ការងាររបស់អង្គជំនុំជម្រះវិសាមញ្ញ។

៣៖ ពិភាក្សានិងអនុម័ត សេចក្តីព្រាងច្បាប់ធម្មនុញ្ញស្តីពី វិសោធនកម្មមាត្រា១៩ថ្មី មាត្រា៨២ថ្មី មាត្រា១០៦ថ្មី(មួយ) មាត្រា១១៩ថ្មី និងមាត្រា១៣៧ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា៣ និងមាត្រា៤ នៃច្បាប់ធម្មនុញ្ញបន្ថែម សំដៅធានានូវដំណើរការជាប្រក្រតី នៃស្ថាប័នជាតិ។

៤៖ ការពិភាក្សានិងអនុម័ត សេចក្តីព្រាងច្បាប់ស្តីពី ភាពជាដៃគូរវាងរដ្ឋ និងឯកជន៕