សម្តេច ហេង សំរិន ផ្ញើសារថ្វាយព្រះពរព្រះមហាក្សត្រ ក្នុងឱកាសខួប ១៧ព្រះវស្សា នៃការយាងគ្រងព្រះបរមសិរីរាជសម្បត្តិ


(ភ្នំពេញ)៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា តាងនាមថ្នាក់ដឹកនាំ សមាជិក សមាជិកានៃរដ្ឋសភាទាំងអស់ បានផ្ញើសារថ្វាយព្រះពរ ព្រះករុណា ព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ក្នុងឱកាសព្រះរាជពិធីគម្រប់ខួប ១៧ព្រះវស្សា នៃការយាងគ្រងព្រះបរមសិរីរាជសម្បត្តិ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១ នាពេលខាងមុខនេះ។

ក្នុងសាររបស់សម្តេច ហេង សំរិន បានលើកឡើងថា៖ នាឱកាសដ៏វិសេសវិសាលនេះ ទូលព្រះបង្គំយើងខ្ញុំ ព្រមទាំងប្រជារាស្ត្រទាំងអស់ សូមព្រះបរម រាជានុញ្ញាតសម្តែងនូវកតញ្ញូតាធម៌យ៉ាងជ្រាលជ្រៅបំផុត ចំពោះព្រះរាជគុណូបការៈដ៏ឧត្តុង្គឧត្តមរបស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ក្នុងព្រះរាជសកម្មភាពដ៏ឧត្តុង្គឧត្តមថ្លៃថ្លា ប្រកបដោយទសពិធរាជ ធម៌ ក្នុងការបំពេញព្រះរាជកិច្ចដឹកនាំព្រះរាជាណាចក្រកម្ពុជាឱ្យមានសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ រីកចម្រើនលើគ្រប់វិស័យ ដើម្បីបុព្វហេតុជាតិ និងប្រជារាស្ត្រជាទីស្រឡាញ់ដ៏ជ្រាលជ្រៅរបស់ព្រះអង្គ ហើយ កិត្យានុភាពជាតិត្រូវបានលើកកម្ពស់ជាបន្តបន្ទាប់ ទាំងនៅក្នុងតំបន់ និងលើសកលលោក។

ជាថ្មីម្ដងទៀត ទូលព្រះបង្គំយើងខ្ញុំ សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ ព្រះបារមីទេវតា រក្សាព្រះមហាស្វេតច្ឆ័ត្រ ព្រះបារមីនៃដួងព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រីយានីខ្មែរ គ្រប់ព្រះអង្គ ព្រមទាំងវត្ថុស័ក្តិសិទ្ធិក្នុងលោក សូមតាមជួយប្រោះព្រំសព្ទសាធុការពរ បវរសួស្តី វិបុលសុខ បវរមហាប្រសើរថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រមទាំងព្រះញ្ញាតិវង្សានុវង្ស សូមប្រកបដោយ ព្រះពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕