សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឲ្យអ្នកធុរកិច្ចខ្មែរដែលមកពីក្រៅប្រទេស ធ្វើចត្តាឡីស័កនៅផ្ទះដោយអនុវត្តចាប់ពីថ្ងៃនេះ


សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចអនុញ្ញាត ឲ្យអ្នកធុរកិច្ចរបស់កម្ពុជា ដែលចេញទៅក្រៅប្រទេស ហើយត្រឡប់មកកម្ពុជាវិញ អាចធ្វើចត្តាឡីស័កនៅតាមផ្ទះបាន ដោយចាប់អនុវត្តពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១នេះតទៅ។

ការប្រកាសរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងក្នុងឱកាសអញ្ជើញបិទយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ សម្រាប់អ្នកមានអាយុ៦ឆ្នាំឡើង និងបើកយុទ្ធនាការចាក់សម្រាប់ក្មេងអាយុ៥ឆ្នាំ នាព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ នាវិមានសន្តិភាព។

សម្តេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងយ៉ាងដូច្នេះថា «ឥឡូវនេះអ្នកធ្វើធុរកិច្ចខ្មែរយើងមកពីក្រៅប្រទេស ធ្វើចត្តាឡីស័កនៅសណ្ឋាគារនាំតែពិបាកទេ អ្នកណាដែលមានលទ្ធភាពធ្វើចត្តាឡីស័កនៅផ្ទះឲ្យទៅ ដោយមិនចាំបាច់សុំច្បាប់ដល់ខ្ញុំទេ ចាប់អនុវត្តពីថ្ងៃនេះតែម្តង។ អ្នកធុរកិច្ចតម្រូវឲ្យធ្វើចត្តាឡីស័កតែ៣ថ្ងៃទេ ហើយយើងគិតទាំងអ្នកធុរកិច្ចទាំងក្នុងស្រុក និងមកពីក្រៅ»

សម្តេចតេជោនាយករដ្ឋមន្ត្រីបញ្ជាក់ថា ការអនុញ្ញាតនេះនឹងសម្រួលដល់ការធ្វើធុរកិច្ចនៅកម្ពុជា ខណៈដែលអ្នកធ្វើធុរកិច្ចមិនចំណាយពេលវេលាយូរ។

សម្តេចតេជោក៏បញ្ជាក់ទៀតថា រាជរដ្ឋាភិបាលក៏កំពុងតែពិចារណាផងដែរ ក្នុងការកាត់បន្ថយពេលវេលានៃការធ្វើចត្តាឡីស័ក សម្រាប់អ្នកធ្វើដំណើរចូលកម្ពុជា សម្រាប់អ្នកដែលបានចាក់វ៉ាក់សាំងពេញលេញ។ ដោយឡែកអ្នកមិនទាន់ចាក់វ៉ាក់សាំង នៅតែតម្រូវឲ្យធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃដដែល។

សម្តេចប្រមុខរាជរដ្ឋាភិបាល ក៏បានប្រកាសបើកដំឡើងការសង្គម សេដ្ឋកិច្ចរបស់កម្ពុជាឡើងវិញ លើគ្រប់វិស័យ និងការរស់នៅតាមបែបគន្លងថ្មី ចាប់ពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១តទៅ។

សូមជម្រាបថា កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្ដីជូនដំណឹងស្ដីពី លក្ខខណ្ឌធ្វើដំណើរ កាអនុវត្តវិធានសុខាភិបាល និងការចត្តាឡីស័កនៅកម្ពុជា សម្រាប់អ្នកដំណើរមកកម្ពុជា តាមគ្រប់ច្រកចូល ដែលទទួលបានការចាក់វ៉ាក់សាំងដូសមូលដ្ឋាន បានពេញលេញ ចូលមកកាន់កម្ពុជា ដូចខាងក្រោម៖

* ត្រូវអនុវត្តរបបពិសេស ទៅតាមការសម្រេចរបស់រាជរដ្ឋាភិបាល លើករណីនីមួយៗ ចំពោះភ្ញៀវផ្លូវការរបស់រាជរដ្ឋាភិបាល និងមន្ត្រីថ្នាក់ដឹកនាំជាន់ខ្ពស់របស់រាជរដ្ឋាភិបាល ដែលត្រលប់ពីបំពេញបេសកកម្មនៅក្រៅប្រទេស

* ត្រូវអនុវត្តរបបចត្តាឡីស័កចំនួន ៣ថ្ងៃ ចំពោះវិនិយោគិន បុគ្គលិកជំនាញបច្ចេកទេសទាំងជនជាតិខ្មែរ និងបរទេស មន្ត្រីការទូត មន្ត្រីអនុវត្តគម្រោងសហប្រតិបត្តិការផ្លូវការ និងមន្ត្រីរាជការរបស់រាជរដ្ឋាភិបាល ដែលត្រលប់មកពីបំពេញបេសកកម្មនៅក្រៅប្រទេស (ដោយរួមបញ្ចូលក្រុមគ្រួសាររបស់ក្រុម អាទិភាពនេះផង)

* ត្រូវអនុវត្តរបបចត្តាឡីស័កចំនួន៧ថ្ងៃ ចំពោះអ្នកដំណើរទូទៅដែលជាជនជាតិខ្មែរ ឬជនបរទេស និងដោយឡែក ត្រូវអនុវត្តរបបចត្តាឡីស័កចំនួន ១៤ថ្ងៃ ចំពោះអ្នកដំណើរគ្រប់ប្រភេទ ដែលមិនបានចាក់វ៉ាក់សាំងកូវដ-១៩ ឬមិនទាន់បានចាក់វ៉ាក់សាំងដូសមូលដ្ឋាន បានពេញលេញ៕