សម្តេចតេជោ ហ៊ុន សែន៖ ចំនួនប្រាក់បញ្ញើក្នុងប្រព័ន្ធធនាគារមានទឹកប្រាក់ ៣៧ពាន់លានដុល្លារ, ខ្វះអ្នកខ្ចី


សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ឲ្យដឹងថា បើតាមទិន្នន័យដែលទទួលបានពីសមាគមធនាគារនៅកម្ពុជា គិតត្រឹមខែកញ្ញា ឆ្នាំ២០២១ ការដាក់ប្រាក់បញ្ញីនៅតាមគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ មានទឹកប្រាក់ចំនួន ៣៧ពាន់លានដុល្លារអាមេរិក ដែលប្រាក់បញ្ញើនេះនៅខ្វះអ្នកខ្ចី។

តាមប្រសាសន៍របស់សម្តេចតេជោ ការកើនឡើងនៃប្រាក់បញ្ញើក្នុងប្រព័ន្ធធនាគារនេះ ដោយសារតែប្រជាពលរដ្ឋ ប្តូរពីការដាក់ប្រាក់នៅបរទេស មកដាក់ប្រាក់ក្នុងធនាគារស្រុកជំនួសវិញ ដែលធ្វើឲ្យសាច់ប្រាក់ទាំងនោះមានចរន្ត ជួយដល់សេដ្ឋកិច្ច។

ការថ្លែងរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងក្នុងឱកាសអញ្ជើញបិទយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ សម្រាប់អ្នកមានអាយុ៦ឆ្នាំឡើង និងបើកយុទ្ធនាការចាក់សម្រាប់ក្មេងអាយុ៥ឆ្នាំ នាព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ នាវិមានសន្តិភាព។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «ពីមុនខ្មែរមានលុយ ខ្មែរយកទៅដាក់នៅធនាគារក្រៅប្រទេស ឥឡូវនេះយកទៅដាក់ធនាគារក្រៅប្រទេសអត់បានទេ តាមព័ត៌មានពីសមាគមធនាគារ ដែលធនាគារកំពុងមានសព្វថ្ងៃ (ប្រាក់បញ្ញើ) មានចំនួន៣៧ពាន់លានដុល្លារ ខ្វះអ្នកខ្ចី។ អីចឹងអ្នកមានលុយបច្ចុប្បន្ន អត់មានយកទៅវិនិយោគនៅស្រុកក្រៅ ដូចជំនាន់មុនទេ ឥឡូវនេះយកលុយមកដាក់ ក្នុងធនាគារបង្កើតចរន្តចរាចរក្នុងស្រុក»

របាយការណ៍របស់ធនាគារជាតិនៃកម្ពុជា គិតត្រឹមដំណាច់ខែកញ្ញា ឆ្នាំ២០២១ ទំហំប្រាក់បញ្ញើនៅធនាគារពាណិជ្ជ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ទទួលប្រាក់បញ្ញើមានចំនួន ៣៧.៣៣ពាន់លានដុល្លារអាមេរិក ដែលទទួលពីអតិថិជនចំនួន ១២.០៥លានគណនី។

ដើម្បីលើកទឹកចិត្ត និងជំរុញបន្ថែមលើវប្បធម៌ នៃការផ្ញើប្រាក់នៅតាមគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ, ធនាគារជាតិនៃកម្ពុជាបាន និងកំពុងបន្តពង្រឹងហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធទូទាត់ តាមរយៈសេវាបច្ចេកវិទ្យាហិរញ្ញវត្ថុ ដូចជាការដាក់ឲ្យប្រើប្រាស់ប្រព័ន្ធទូទាត់ឌីជីថល បាគង ដែលផ្តល់លទ្ធភាពដល់ការទូទាត់ និងផ្ទេរប្រាក់រវាងគ្រឹះស្ថាន និងគ្រឹះស្ថានក្នុងគោលដៅបង្កភាពងាយស្រួល បង្កើនសុវត្ថិភាព និង កាត់បន្ថយការចំណាយសម្រាប់ប្រជាជន ដែលមានតម្រូវការទូទាត់ និងផ្ទេរប្រាក់ឆ្លងគ្រឹះស្ថាន។

ជាមួយគ្នានេះ ធនាគារជាតិនៃកម្ពុជា នឹងបន្តការពង្រឹងកិច្ចសហការប្រតិបត្តិការ ជាមួយធនាគារបរទេស ដើម្បីសម្រួលដល់ប្រតិបត្តិការទូទាត់ និងផ្ទេរប្រាក់ឆ្លងប្រទេសក្នុងគោលដៅ សម្រួលដល់ពលករកម្ពុជា ដែលកំពុងធ្វើការនៅក្រៅប្រទេស ឲ្យងាកមកប្រើប្រាស់សេវាធនាគារ ដែលមានភាពងាយស្រួលអស់កម្រៃតិច និងធានាសុវត្ថិភាពដើម្បីផ្ញើប្រាក់មកសមាជិកគ្រួសារនៅកម្ពុជា៕