ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញបិទយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ សម្រាប់អ្នកមានអាយុ៦ឆ្នាំឡើង និងបើកយុទ្ធនាការចាក់សម្រាប់ក្មេងអាយុ៥ឆ្នាំ


សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជាអធិបតីភាពក្នុងពិធីបិទយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ សម្រាប់អ្នកមានអាយុ ៦ឆ្នាំឡើង និងបើកយុទ្ធនាការចាក់សម្រាប់កុមារមានអាយុ៥ឆ្នាំនេះ ស្របពេលកម្ពុជាចាក់វ៉ាក់សាំងការពារកូវីដ១៩បាន១០លាននាក់ហើយ ស្មើ១០០% នៃប្រជាពលរដ្ឋ១០លាននាក់ដែលត្រូវចាក់វ៉ាក់សាំង។

នៅក្នុងឱកាសប្រកាសបិទយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ សម្រាប់អ្នកមានអាយុ៦ឆ្នាំឡើង និងបើកយុទ្ធនាការចាក់វ៉ាក់សាំងជូនកុមារអាយុ៥ឆ្នាំ នៅព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន បានថ្លែងសារជូនជនរួមជាតិអស់ប្រមាណជាង៤ម៉ោង។ ខាងក្រោមជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ៖

* សម្តេចតេជោ ហ៊ុន សែន បានថ្លែង កម្ពុជាកំពុងពិភាក្សាគ្នាដើម្បីយកវ៉ាក់សាំងទៅចាក់ជូនពលករខ្មែរ កំពុងធ្វើនៅប្រទេសថៃ

* សម្ដេចតេជោ ហ៊ុន សែន ណែនាំឲ្យស្ថាប័នមានសមត្ថកិច្ចតាមដានផេករបស់សម្ដេច ហើយឆ្លើយតបចំពោះអ្នកខំមិនក្នុងករណីពាក់ព័ន្ធស្ថាប័ន ឬជំនាញខ្លួន

* សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ជាថ្មីម្ដងទៀត នៅពេលមានប្រជាពលរដ្ឋចង់ទៅចាក់វ៉ាក់សាំង ពេទ្យមិនតម្រូវពិនិត្យឯកសារអ្វីទាំងអស់ លើកលែងអ្នកមានបញ្ហាសុខភាព

* សម្ដេចតេជោ ហ៊ុន សែន បន្ដណែនាំឲ្យបន្ដចាក់ជូនប្រជាពលរដ្ឋ ដែលមិនទាន់បានចាក់វ៉ាក់សាំង ដោយមិនត្រូវរើសអើងចំពោះអ្នកដែលមិននៅមូលដ្ឋានរបស់ខ្លួននោះឡើយ

* សម្ដេចតេជោ ហ៊ុន សែន ណែនាំលោកស្រី ឱ វណ្ណឌីន បន្ដណែនាំទៅតាមបណ្ដាខេត្ត ឲ្យបន្ដចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋដែលសនៅសេសសល់

* សម្ដេចតេជោ ហ៊ុន សែន ប្រកាសបិទបញ្ចប់យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ ជុំទី១ ជូនដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេស

* សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា អ្នកឆ្លងជំងឺកូវីដ១៩ ប្រភេទដែលតា នៅកម្ពុជា មានជាង១៥៦០០ករណី

* សម្ដេចតេជោ ហ៊ុន សែន អះអាងថា កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ១៩ តែ៤ប្រភេទប៉ុណ្ណោះ ដែលជាស្ថានភាពមួយល្អជាងបណ្ដាប្រទេសផ្សេង

* សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា កម្ពុជាកំពុងចាប់ផ្ដើមចាកចេញពីជំងឺកូវីដ១៩

* សម្ដេចតេជោ ហ៊ុន សែន បន្ដក្រើនរំលឹកដល់ប្រជាពលរដ្ឋមិនត្រូវខ្លាចជ្រុល ហើយក៏មិនត្រូវប្រហែលជ្រុលដូចគ្នា

* សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ជាថ្មីទៀតថា ពេលនេះកម្ពុជាស្ថិតក្នុងស្ថានភាពរឹងមាំ ក្នុងការចាកចេញពីជំងឺកូវីដ១៩ ទៅតាមប្រក្រតីភាពថ្មី ដើម្បីបើកឡើងវិញនូវសកម្មភាពសង្គមសេដ្ឋកិច្ច

* សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា កូវីដ១៩ បានជះឥទ្ធិលយ៉ាងធ្ងន់ធ្ងរទៅលើសេដ្ឋកិច្ចពិភពលោក

* សម្ដេចតេជោ ហ៊ុន សែន ថ្លែងថា គិតត្រឹមថ្ងៃម្សិលមិញ កម្ពជាមានអ្នកឆ្លងជំងឺកូវីដ១៩សរុបចំនួន១១៨,២២នាក់ មានអ្នកស្លាប់ចំនួន២,៨៨៨នាក់

* សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា បើគិតប្រជាពលរដ្ឋ១៦លាននាក់ ហើយចំនួនឆ្លងបច្ចុប្បន្ននេះ អត្រាឆ្លងជំងឺកូវីដ១៩ មាន០.៧៤ភាគរយ, ខណៈបើគិតអ្នកស្លាប់មានត្រឹម០.០១៧ភាគរយ

* សម្ដេចតេជោ ហ៊ុន សែន បង្ហាញការសិក្សាដើម្បីប្រៀបធៀបអ្នកឆ្លងជំងឺកូវីដ១៩ ជាមួយប្រទេសដទៃ ដើម្បីដឹងថា តើការឆ្លងបច្ចុប្បន្នមានចំនួនច្រើន ឬតិច

* សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា នៅអាមេរិកអ្នកឆ្លងជំងឺកូវីដ១៩ ច្រើនជាងប្រជាពលរដ្ឋកម្ពុជាទៅទៀត ប៉ុន្ដែបើធៀបប្រជាជនរបស់គេ គឺមានត្រឹមជាង១៤ភាគរយប៉ុណ្ណោះ

* សម្ដេចតេជោ ហ៊ុន សែន បន្ដណែនាំឲ្យស្វែងរកវិធីព្យាបាលជំងឺកូវីដ១៩ ដើម្បីកុំឲ្យមានអ្នកស្លាប់

* សម្ដេចតេជោ ហ៊ុន សែន បង្ហាញការសិក្សាថា អត្រាអ្នកស្លាប់ដោយសារជំងឺកូវីដ១៩នៅកម្ពុជា ខ្ពស់ជាងនៅអាមេរិក និងបណ្ដាប្រទេសមួយចំនួនទៀត ដែលទាមទារឲ្យមានការចិត្តទុកដាក់ខ្ពស់បំផុត

* សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថានៅអំឡុងពេលកូវីដផ្ទុះឡើង កម្ពុជាបានឆ្លងកាត់៤ដំណាក់កាល ទាំងការទប់ស្កាត់ការឆ្លង, ទប់ស្កាត់ការឆ្លងចូលសហគមន៍, បង្កើនភាពស៉ាំ និងបើកដំណើរការឡើងវិញនូវសេដ្ឋកិច្ច

* សម្ដេចតេជោ ហ៊ុន សែន ប្រកាសបើកដំណើរការប្រទេសកម្ពុជាឡើងវិញលើគ្រប់វិស័យចាប់ពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ

* សម្ដេចតេជោ ហ៊ុន សែន បង្ហើបពីការចង់សាកល្បងបើកដំណើរការខារ៉ាអូខេឡើងវិញ ខណៈវិស័យផ្សេងបានបើកដំណើរការឡើងវិញហើយ

* សម្ដេចតេជោ ហ៊ុន សែន ផ្ដាំអ្នកដែលប្រមាថអាយុជីវិតសម្ដេច សូមប្រយ័ត្នសុខភាពខ្លួនឯង ប្រយ័ត្នស្លាប់មុនសម្ដេច

* សម្ដេចតេជោ ហ៊ុន សែន រំលឹកពីរឿងរ៉ាវមួយចំនួន ក្នុងការស្រាវជ្រាវរុករកអ្នកពាក់ព័ន្ធជំងឺកូវីដ១៩ នៅដំណាក់កាលដំបូងដែលកម្ពុជាមានឆ្លង

* សម្ដេចតេជោ ហ៊ុន សែន បានអះអាងថា កម្ពុជាចាយលុយសម្រាប់សង្គ្រោះប្រជាពលរដ្ឋក្រីក្រ ក្នុងដំណាក់កាលកូវីដ១៩ ប្រមាណជា៤០០លាន

* សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ជាថ្មីថា រាជរដ្ឋាភិបាល បានផ្តល់ថវិកាដល់សពអ្នកស្លាប់ដោយកូវីដ ចំនួន២លានរៀល ហើយ១លានរៀល សម្រាប់ការបញ្ចុះសព

* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា សម្តេចធាក់កង់ម្តងៗមានរយៈពេល៨០នាទី ឬអាចមានចម្ងាយ៥០គីឡូម៉ែត្រ

* សម្តេចតេជោ ហ៊ុន សែន រំលឹកជាថ្មីថា បើសិនជាសម្តេចជឿលើ សម្តេចពិជ័យ យើងនឹងចាក់វ៉ាក់សាំងចំណេញពេលវេលាបាន១ខែ

* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ប្រសិនបើធ្វើប្រជាមតិ ចំពោះការចាក់វ៉ាក់សាំង ក្រុមប្រឆាំងដែលឃោសនាមិនឱ្យពលរដ្ឋចាក់វ៉ាក់សាំង នឹងចាញ់ រកសំឡេងគ្មានឡើយ ព្រោះពលរដ្ឋទាំងអស់ចង់ចាក់វ៉ាក់សាំង

* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា «វ៉ាក់សាំងកាតព្វកិច្ច» ជាពាក្យដែលសម្តេចប្រើប្រាស់មុនគេ ឥឡូវប្រទេសផ្សេងៗបានយកទៅប្រើ និងអនុវត្ត

* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ខូវ៉ាក់សន្យាឱ្យវ៉ាក់សាំងឱ្យកម្ពុជា ៧លានដូស ប៉ុន្តែពេលនេះទើបនឹងទទួលបានតិចតួចប៉ុណ្ណោះ

* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា យើងទទួលបានការសន្យាផ្គត់ផ្គង់ និងផ្តល់វ៉ាក់សាំងរហូតដល់ជាង៤៧.២លាន ប៉ុន្តែរហូតដល់ពេលនេះ យើងទទួលបានជាង៣៨លានដូស ក្នុងនោះកម្ពុជាទិញផ្ទាល់២៨លានដូស

* សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា បើវ៉ាក់សាំងអត់ទាន់មកដល់ដីកម្ពុជា សម្តេចមិនទាន់រាប់ចូលបញ្ជីដាច់ខាត

* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា «បើខ្ញុំមិនយកអំណាចជាអគ្គបញ្ជាការ ដើម្បីដឹកនាំបញ្ជាការចាក់វ៉ាក់សាំងទេ ម្ល៉េះពេលនេះយើងនឹងមិនបានជោគជ័យ ក្នុងការចាក់វ៉ាក់សាំងទូទាំងប្រទេសនោះទេ»

* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា កិច្ចការចាក់វ៉ាក់សាំងមិនទាន់ចប់នៅឡើយទេ យើងត្រូវបន្តចាក់ដូសទី២ ជូនអ្នកដែលចាក់ដូសទី១រួចហើយ និងចាក់ដូសទី១ ជូនអ្នកដែលមិនទាន់បានចាក់ ដែលនៅសេសសល់

* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា អូស្ត្រាលី ត្រៀមបញ្ជូនវ៉ាក់សាំង Pfizer ២លានដូសមកកម្ពុជា ប៉ុន្តែត្រូវបញ្ជាក់ឱ្យច្បាស់ថា មកឬមិនមក? ខណៈនាយករដ្ឋមន្ត្រីអូស្ត្រាលី នឹងមកកម្ពុជាដើម្បីប្រជុំនៅឆ្នាំក្រោយ

* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ទោះជាទេសចរបរទេសមិនទាន់មាន តែទេសចរផ្ទៃក្នុងត្រូវតែបើកដូច្នេះដើរលេងទៅ។ សម្តេចតេជោ ហ៊ុន សែន ថ្លែងថា តែយ៉ាងណាយើងត្រូវតែខ្លាចខ្លះរឿងបើកឱ្យទេសចរបរទេសចូល កុំហ៊ានជ្រុល

* សម្តេចតេជោ ហ៊ុន សែន ស្នើម្ចាស់ហាងទាំងអស់យោគយល់ចំពោះ អ្នកដែលមិនទាន់មានកាតវ៉ាក់សាំង ដោយសារតែអ្នកចាក់មួយចំនួន មិនទាន់ទទួលបបាន តែថ្ងៃក្រោយត្រូវតែទាមទារកាតវ៉ាក់សាំង ចាំឱ្យចូលហាង

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មានកត្តា៤ ដែលនាំឱ្យកម្ពុជា អាចបើកឱ្យមានដំណើរការប្រទេសឡើងវិញ

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជាក៏បានទិញឱសថព្យាបាលជំងឺកូវីដ១៩ របស់អាមេរិក សម្រាប់ព្យាបាលអ្នកជំងឺ៥ម៉ឺននាក់ផងដែរ មិនមែនប្រើប្រាស់ តែឱសថចិននោះទេ

* សម្តេចតេជោ ហ៊ុន សែន បង្ហើបថា ពេលនេះសម្តេចមានអនាគតចៅប្រសារម្នាក់

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជាត្រៀមដាក់ចេញនូវយុទ្ធសាស្រ្តជាតិ នៃការរស់នៅតាមបែបគន្លងថ្មីឆាប់ៗនេះ

* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា បើជួបនូវជំងឺឆ្លងថ្មីទៀតនាពេលខាងមុខ គឺភាគតិចណាស់ដែលយើងនឹងបិទប្រទេសទាំងមូលម្តងទៀត ព្រោះយើងឆ្លងកាត់បទពិសោធដ៏ឈឺចាប់រួចហើយ

* សម្តេចតេជោ ហ៊ុន សែន បានផ្តាំថា ទៅថ្ងៃខាងមុខបើមានបុគ្គលម្នាក់ឆ្លងជំងឺនៅផ្សារមួយ យើងមិនបិទផ្សារទាំងមូលទេ គឺអាចបិទត្រឹមតូបរបស់គាត់ ឬបាញ់ថ្នាំសម្លាប់មេរោគប៉ុណ្ណោះ

* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា មួយជីវិតនេះសម្តេចមិនដែលស្គាល់ KTV នោះទេ

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ពេលនេះ រាជរដ្ឋាភិបាលកំពុងធ្វើកំណែទម្រង់ ដើម្បីកែប្រែវិបត្តិ មកជាឱកាសឡើងវិញ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សម្តេចនឹងទៅសម្ពោធអគារថ្មីក្រសួងរៀបចំដែនដី នៅថ្ងៃទី០៨ ខែវិច្ឆិកា ហើយបន្តសម្ពោធសមិទ្ធផលផ្សេងៗបន្តបន្ទាប់ទៀត ស្របតាមការបើកប្រទេសឡើងវិញ

* សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា កម្ពុជានឹងបន្តចាក់ដូសទី៤ បើស្ថានភាពតម្រូវឱ្យចាក់ហើយកម្ពុជានឹងត្រៀមខ្លួន

* សម្តេចតេជោ ហ៊ុន សែន ប្រកាសថា សម្រាប់អ្នកមិនទាន់បានចាក់វ៉ាក់សាំង គឺអាចទៅចាក់នៅទីណាក៏បាន ហើយកន្លែងចាក់វ៉ាក់សាំងនៅតែរក្សាទុកដដែល

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អ្នកដែលស្លាប់ដោយកូវីដ១៩ នៅកម្ពុជា គឺមាន៥៩ភាគរយ មិនបានចាក់វ៉ាក់សាំង

* សម្តេចតេជោ ហ៊ុន សែន ប្រកាសបិទយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ សម្រាប់អ្នកមានអាយុ៦ឆ្នាំឡើង ប្រកាសបើកយុទ្ធនាការចាក់សម្រាប់ក្មេងអាយុ៥ឆ្នាំ និងប្រកាសបើកប្រទេសឡើងវិញចាប់ពីពេលនេះតទៅ

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជាកំពុងសិក្សាលទ្ធភាព ក្នុងការចាក់វ៉ាកសាំងដល់កុមារក្រោមអាយុ៥ឆ្នាំ ដែលសិក្សានៅថ្នាក់មតេយ្យ

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រដ្ឋាភិបាលមិនក្ស័យធុននោះទេ បើទោះជាត្រូវចាក់ដូសទី៤ ជូនពលរដ្ឋដោយមិនគិតថ្លៃ ខណៈការចំណាយលើវិធានមួយចំនួនត្រូវបានកាត់បន្ថយ

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្នុងករណីចាក់វ៉ាក់សាំងដូសទី៤ ម្ចាស់ក្រុមហ៊ុនក៏អាចជ្រើសរើសទិញវ៉ាក់សាំងណាក៏បានសម្រាប់ចាក់ឱ្យបុគ្គលិកខ្លួន

* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា កាលមុនគេជេរពេទ្យ ពេលនេះគេសរសើរពេទ្យវិញ ដោយសារស្ថានភាពទឹកដល់ច្រមុះ

* សម្តេចតេជោ ហ៊ុន សែន បន្តណែនាំឱ្យរៀបចំការប្រឡងបាក់ឌុបឆ្នាំនេះ ទោះប្រឡងមិនជាប់ឆ្នាំនេះ ត្រូវប្រឹងឱ្យជាប់នៅឆ្នាំក្រោយ

* សម្តេចតេជោ ហ៊ុន សែន សុំការយោគយល់ពីសិស្សានុសិស្សថ្នាក់ទី១២ ដែលសម្តេចមិនអាចធ្វើតាមសំណូមពរឱ្យជាប់ស្វ័យប្រវត្តិ ដោយមិនប្រឡងនៅឆ្នាំនេះទៀត

* សម្តេចតេជោ ហ៊ុន សែន រិះគន់អ្នកវិភាគមួយចំនួន ដែលមិនមានបទពិសោធដឹកនាំសោះ តែផ្តល់យោបល់ឱ្យរដ្ឋាភិបាល ធ្វើបែបនេះបែបនោះតាមតែនឹកឃើញ

* សម្តេចតេជោ ហ៊ុន សែន បញ្ចប់ការថ្លែងសុន្ទរកថា នៅវេលាម៉ោង១២៖៣២នាទី ថ្ងៃដដែលនេះ៕