ឯកឧត្តមទេសរដ្ឋមន្រ្តីស៊ុន ចាន់ថុល ជួបជំនួបពិភាក្សាការងារជាមួយក្រុមការងារបេសកកម្មកំណត់បញ្ហារបស់ធនាគារពិភពលោកស្តីពីផែនការមេភស្តុភារកម្មជាតិ


នៅទីស្តីការក្រសួងសាធារណការនិងដឹកជញ្ជូន ឯកឧត្តមទេសរដ្ឋមន្រ្តីស៊ុន ចាន់ថុល បានជួបពិភាក្សាការងារជាមួយគណៈប្រតិភូមកពីក្រុមការងារបេសកកម្មកំណត់បញ្ហារបស់ធនាគារពិភពលោកដើម្បីគាំទ្រដល់ផែនការមេភស្តុភារកម្មជាតិ។ ក្រុមគណៈប្រតិភូនេះត្រូវបានដឹកនាំដោយលោក Lan Van Nguyen ប្រធានក្រុមការងារ និងអ្នកសេដ្ឋកិច្ចជាន់ខ្ពស់។
គោលបំណងនៃកិច្ចប្រជុំនេះគឺដើម្បីពិភាក្សាអំពីការគាំទ្ររួមគ្នារបស់ធនាគារពិភពលោកជាមួយអង្គការJICA ទាក់ទងនឹងការអភិវឌ្ឍផែនការមេភស្តុភារកម្មជាតិរបស់កម្ពុជា។
ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានសម្តែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ធនាគារពិភពលោកដែលបានជួយបង្កើតលក្ខខណ្ឌការងារ(ToR) សម្រាប់ក្រុមប្រឹក្សាជាតិភស្តុភារកម្ម និងគណៈកម្មាធិការតម្រង់ទិសភស្តុភារកម្មជាតិ ។
លោក Lan Van Nguyen បានកត់សម្គាល់ថា៖ ធនាគារពិភពលោកបានជួបជាមួយក្រុមការងារបេសកកម្មរបស់អង្គការJICA និងបានកំណត់ជាបឋមនូវវិស័យចំនួនបួនដែលធនាគារពិភពលោកអាចចូលរួមចំណែកបាន។ វិស័យទាំងបួននោះរួមមាន៖ (១) ការវិនិច្ឆ័យពាណិជ្ជកម្មដោយប្រៀបធៀបប្រទេសជិតខាង (២) ក្របខណ្ឌច្បាប់សម្រាប់សេវាភស្តុភារកម្ម (៣) ការវិភាគចំណាយភស្តុភារកម្មប្រៀបធៀបទៅនឹងការចំណាយដឹកជញ្ជូនប្រទេសជិតខាង (៤) ប្រព័ន្ធតាមដាននិងវាយតម្លៃគ្រប់ជ្រុងជ្រោយសម្រាប់ផែនការមេភស្តុភារកម្ម។
ឯកឧត្តមទេសរដ្ឋមន្រ្តីបានផ្តល់អនុសាសន៍ឱ្យធនាគារពិភពលោកនិងអង្គការ JICA ធ្វើការជាមួយគ្នា ដើម្បីបែងចែកការទទួលខុសត្រូវឱ្យបានយ៉ាងច្បាស់កុំឱ្យជាន់ការងារគ្នា។