កិច្ចប្រជុំបូកសរុបលទ្ធផលការងារ៩ខែ ឆ្នាំ២០២១ និងលើកទិសដៅការងារអនុវត្តបន្តរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពត


ព្រឹកថ្ងៃចន្ទ ទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ រដ្ឋបាលខេត្តកំពត បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ៩ខែ ឆ្នាំ២០២១ និងលើកទិសដៅការងារអនុវត្តបន្តរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពត ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពត ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត និងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពត លោក ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត លោកអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត លោក លោកស្រីប្រធានក្រុមការងារចុះមូលដ្ឋានថ្នាក់ក្រុង ស្រុក ប្រធានមន្ទីរ អង្គភាពជំនាញ រដ្ឋបាលក្រុង ស្រុក និងសមាជិក សមាជិកាក្រុមការងារសរុបចំនួន ១០៩នាក់ តាមរយៈប្រព័ន្ធអនឡាញ (Zoom Meeting) ។
កិច្ចប្រជុំបូកសរុបនាព្រឹកនេះ បានប្រព្រឹត្តទៅតាមរបៀបវារៈដូចខាងក្រោម ៖
១. ប្រកាសសេចក្ដីសម្រេច ស្ដីពីការចាត់តាំងបំពេញបន្ថែម សមាសភាពក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពត ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្ត កម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា
២. របាយការណ៍ស្វាគមន៍របស់ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត និងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពត
៣. បទអន្តរាគមន៍របស់លោក លោកស្រីប្រធានក្រុមការងារថ្នាក់ក្រុង ស្រុក ស្តីពីលទ្ធផលការងារ៩ខែឆ្នាំ២០២១ និងលើកទិសដៅការងារអនុវត្តបន្ត
៤. ប្រសាសន៍សំណេះសំណាល និងមតិណែនាំរបស់ ឯកឧត្តម ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពត៕