ក្រសួងការងារ ជូនដំណឹងពីការអនុញ្ញាតឲ្យឈប់រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៨-២០ ខែវិច្ឆិកា ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក


(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីជូនដំណឹងស្តីពី ថ្ងៃឈប់ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកខាងមុខនេះ ក្នុងរយៈពេល៣ថ្ងៃ គឺថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយត្រូវអនុញ្ញាតឱ្យកម្មករនិយោជិតទាំងអស់ របស់ខ្លួនឈប់សម្រាកដោយមានប្រាក់ឈ្នួល។

បើតាមសេចក្តីជូនដំណឹងនៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ក្រសួងការងារ បានបញ្ជាក់ថា ម្ចាស់ ឬនាយករោងចក្រ សហគ្រាស អាចពិភាក្សាជាមួយតំណាងកម្មករនិយោជិត ក្នុងការរៀបចំ ឬផ្លាស់ប្តូរការឈប់សម្រាកនេះ នៅពេលណាមួយផ្សេងទៀត ក្នុងករណីមានការព្រមព្រៀងពីកម្មករនិយោជិត។

ក្រសួងបានបញ្ជាក់ថា ចំពោះរោងចក្រ សហគ្រាស ទាំងឡាយណា ដែលកម្មវត្ថុអាជីវកម្មមានចរិតលក្ខណៈសកលត្រូវប្រព្រឹត្តទៅជាប្រចាំ និងមិនអាចបញ្ឈប់សកម្មភាពបាន ហើយការឈប់សម្រាកបុណ្យ នៃកម្មករនិយោជិតទាំងអស់ព្រមគ្នា ក្នុងពេលតែមួយនាំឱ្យខូចប្រយោជន៍ដល់សាធារណជន ឬក៏ធ្វើឱ្យខូចដំណើរការរបស់រោងចក្រ សហគ្រាសនោះម្ចាស់ ឬនាយករោងចក្រ សហគ្រាស ត្រូវរៀបចំបែងចែកឱ្យកម្មករនិយោជិត បានឈប់សម្រាកទៅតាមថ្ងៃបុណ្យនីមួយៗ ដោយផ្លាស់ប្តូរគ្នា ហើយរក្សាទុកបញ្ជីបែងចែកនោះជាប្រចាំ សម្រាប់ការត្រួតពិនិត្យរបស់អធិការការងារ៕

សម្រាប់កម្មករនិយោជិតដែលធ្វើការថ្ងៃឈប់បុណ្យនេះ មានសិទ្ធិទទួលនូវប្រាក់បំណាច់បន្ថែមដែលមានចំនួន ស្មើនឹងប្រាក់ឈ្នួលថ្ងៃធ្វើការធម្មតា៕