នាថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២១ នៅទីស្តីការក្រសួង ឯកឧត្តមទេស រដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញទទួល ជួបសម្តែងការគួរសម ពីសំណាក់លោកស្រីTina Redshaw ឯកអគ្គរាជទូតចក្រ ភពអង់គ្លេស ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូអមដំណើរ ដោយមានការ អញ្ជើញចូលរួម ពីថ្នាក់ដឹកនាំក្រសួង និងមន្ត្រីជំនាញពាក់ព័ន្ធផងដែរ។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានអញ្ជើញលោកស្រីទូត និងគណៈប្រតិភូ ចុះធ្វើ ទស្សនកិច្ចអគារ ទីស្ដីការក្រសួង ដែលក្នុងនោះ បានអញ្ជើញពិនិត្យមើលបណ្ណាល័យ វិទ្យាស្ថានតេជោ សែន សាធារណការ និងដឹកជញ្ជូន មណ្ឌលផ្តល់សេវាសាធារណៈ បន្ទប់ IT Lab បន្ទប់ Live Show និងទីតាំងមួយចំនួន ផ្សេងទៀត។
បន្ទាប់ពីការអញ្ជើញបំពេញទស្សនកិច្ចរួច លោកទេសរដ្ឋមន្ត្រី និងលោកស្រី ឯកអគ្គរាជទូត បានអញ្ជើញធ្វើដំណើរ តាមរថយន្ដ ដើរដោយថាមពលអគ្គិសនី (2 blue Electric I-Pace Jaguar) ដើម្បីធ្វើតេស្តសាកល្បងអំពីប្រសិទ្ធភាព នៃការប្រើប្រាស់រថយន្ត ប្រភេទនេះ ក្នុងដំណើរឆ្ពោះទៅចូលរួមកិច្ចពិភាក្សា នៅសណ្ឋាគារ Raffles le Royal Hotel ក្រោមប្រធានបទៈ “អគ្គិសនីភាវូបនីយកម្ម នៃយានយន្ត ដើម្បី អនាគតបៃតង សម្រាប់កម្ពុជា” ដោយមានការអញ្ជើញចូលរួម ពីសំណាក់វាគ្មិនសំខាន់ៗ ចំនួនពីររូបទៀត រួមមានៈ លោក Pablo Kang ឯកអគ្គរដ្ឋទូតអូស្ត្រាលី ប្រចាំកម្ពុជា និងលោក កែវ រតនៈ រដ្ឋមន្ត្រី ប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយក អគ្គិសនីកម្ពុជា ដោយផ្តោតការពិភាក្សា លើសារៈប្រយោជន៍ នៃ ការប្រើប្រាស់រថយន្ត ដើរដោយថាមពលអគ្គិសនី (ថាមពលកកើត ឡើងវិញ) ដែលអាចជួយកាត់បន្ថយ ការបំភាយឧស្ម័នកាបូនិក ទៅក្នុងបរិយាកាសផែនដី។
ថ្លែងនៅក្នុងកិច្ចពិភាក្សា នាឱកាសនោះ លោកទេសរដ្ឋមន្ត្រី បានមានប្រសាសន៍ថាៈ ខ្ញុំបានធ្វើ ដំណើរតាមរថយន្ត ដើរដោយថាមពលអគ្គិសនី I-Pace electric Jaguar មកចូល រួមកិច្ចពិភាក្សា ថ្ងៃនេះ ជាបទពិសោធន៍ ដ៏អស្ចារ្យមួយរបស់ខ្ញុំ វាដូចជាការធ្វើដំណើរ តាមរថយន្តម៉ាស៊ីនសាំងធម្មតាដូច្នោះដែរ ជារថយន្តអនាគត ទំនើប ស្ងាត់ ប្រសិទ្ធភាព និងអាចធ្វើដំណើរបាន ដោយរលូននៅលើផ្លូវ។
លោកទេសរដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ថាៈ រថយន្តដើរដោយថាមពលអគ្គិសនី ដើរតួនាទីយ៉ាង សំខាន់ ក្នុងការរួមចំណែកដល់ ការកាត់បន្ថយការបញ្ចេញឧស្ម័នកាបូន ទៅក្នុងបរិយាកាស ធ្វើឱ្យប៉ះពាល់ ដល់បរិស្ថាន និងបានសម្តែងនូវ សេចក្តីសោមនស្សរីករាយ ដែលបានចូលរួម ក្នុងការជជែកពិភាក្សា អំពីរថយន្តដើរដោយថាមពលអគ្គិសនី ដើម្បីផ្ដល់ព័ត៌មាន ជូនដល់ប្រជា ពលរដ្ឋកម្ពុជាថា រថយន្តប្រភេទនេះ មានលក់នៅកម្ពុជា សម្រាប់ជាមធ្យោបាយធ្វើដំណើរ សម្រាប់ពលរដ្ឋកម្ពុជាហើយ។
បន្ថែមពីលើនេះ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានគូសបញ្ជាក់ថាៈ ក្រសួងកំពុងរៀបចំ គោលនយោបាយ និងការគាំទ្រសម្រាប់រថយន្ត ដើរដោយថាមពលអគ្គិសនី (EVs) និងបានបន្ថែមថា យើងត្រូវធានាឱ្យមានហេដ្ឋារចនាសម្ព័ន្ធ ទាំងមូល សម្រាប់ EVs នៅកម្ពុជា ក្នុងនោះរួមមាន ស្ថានីយ៍សាកអាគុយ កន្លែងផ្តល់សេវា គ្រឿងបន្លាស់ បុគ្គលិក ទទួលការបណ្តុះបណ្តាល និងកន្លែងបោះចោលអាគុយ និងធានាថា EVs ដែលនាំចូលមក កម្ពុជា មានគុណភាពល្អ។
លោកទេសរដ្ឋមន្ត្រី បានឱ្យដឹងថាៈ ក្រសួងសាធារណការ និងដឹកជញ្ជូន បាននឹងកំពុងធ្វើការ ជាមួយក្រសួងពាក់ព័ន្ធ និងភាគីពាក់ព័ន្ធផ្សេងទៀត ដើម្បីរៀបចំសេចក្តីព្រាង គោលនយោបាយ ជាតិ ស្តីពីការអភិវឌ្ឍន៍ វិស័យដឹកជញ្ជូន ២០២២-២០៣១ ហើយសេចក្តីព្រាង គោលនយោ បាយជាតិនេះ ត្រូវបានឯកភាព ជាគោលការណ៍ ដោយភាគីពាក់ព័ន្ធទាំងអស់ រួមមាន ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងពាណិជ្ជកម្ម ក្រសួងមហាផ្ទៃ ក្រសួងវិទ្យាសាស្ត្រ ឧស្សាហកម្ម បច្ចេកវិទ្យា និងនវានុវត្តន៍ ក្រសួងរ៉ែ និងថាមពល និងក្រសួង-ស្ថាប័ន ពាក់ព័ន្ធមួយចំនួន ផ្សេងទៀត។
ជាមួយគ្នានោះ លោកស្រី ឯកអគ្គរដ្ឋទូតអូស្ត្រាលី បានបញ្ជាក់ថាៈ រដ្ឋាភិបាលអូស្ត្រាលី បាន និងកំពុងផ្តល់ការគាំទ្រ ដល់យុទ្ធសាស្ត្រអភិវឌ្ឍន៍ ថាមពលកកើតឡើងវិញយ៉ាងសកម្ម ដែលជាផ្នែកមួយ នៃផែនការអភិវឌ្ឍន៍ថាមពល សម្រាប់កម្ពុជា ដោយសហការជាមួយ វិស័យឯកជន ហើយតាមការសិក្សាបឋម បានបង្ហាញឱ្យឃើញថា ប្រទេសកម្ពុជា មានថាមពលពន្លឺព្រះអាទិត្យ និងខ្យល់យ៉ាងច្រើន ដែលជាប្រភពថាមពល កកើតឡើងវិញ ប្រកបដោយសក្កានុពល និងអាចធានាដល់ប្រសិទ្ធភាព នៃការចំណាយផងដែរ។
ដោយឡែក លោកស្រី ឯកអគ្គរាជទូតចក្រភពអង់គ្លេស បានសម្តែងនូវ មោទនភាព ដែលលោកស្រី បានទទួលរថយន្ត ដែលដើរដោយថាមពល កកើតឡើងវិញ ធ្វើឱ្យមានការចាប់ អារម្មណ៍ ដល់បណ្ដាថ្នាក់ដឹកនាំសំខាន់ៗ ក៏ដូចជា សាធារណជនទូទៅ និងបានបញ្ជាក់ថា ការប្រើប្រាស់រថយន្ត ដើរដោយថាមពលកកើតឡើងវិញនេះ ជួយដល់ការកាត់បន្ថយ នូវការបញ្ចេញឧស្ម័នកាបូន ទៅក្នុងបរិយាកាស ជួយឱ្យ បរិស្ថានស្អាត បៃតង និងប្រកបដោយ បច្ចេកវិទ្យាទំនើបផងដែរ ហើយប្រសិនបើយើង ចង់ដោះស្រាយ ការប្រែប្រួលអាកាសធាតុ និងធានាបាននូវស្ថិរភាព អាកាសធាតុ សម្រាប់មនុស្សជំនាន់ក្រោយ យើងចាំបាច់ ត្រូវដោះស្រាយ ការបំភាយឧស្ម័នកាបូន ចេញពីការដឹកជញ្ជូន។
ជាមួយគ្នានោះ លោក កែវ រតនៈ អគ្គនាយកអគ្គិសនីកម្ពុជា បានសម្តែងសុទិដ្ឋិនិយម ចំពោះការរួមសហការគ្នា រវាងការផ្គត់ផ្គង់អគ្គិសនី និងបណ្តាញអគ្គិសនី នាពេលអនាគត។ លោកបានបន្ថែមថាៈ ជាមួយនឹងគោលនយោបាយវៃឆ្លាត និងការប្ដេជ្ញាខ្ពស់របស់ រាជរដ្ឋាភិបាលកម្ពុជា បច្ចុប្បន្នកម្ពុជា មានថាមពលកកើតឡើងវិញ នៅក្នុងបណ្ដាញចែកចាយ អគ្គិសនីកម្ពុជា ចំនួន ៩% និងក្នុងពេលខាងមុខ នឹងឡើងដល់ ១០% ខណៈការផ្គត់ផ្គង់ អគ្គិសនី ដើរដោយថាមពលកកើតឡើងវិញ ក្នុងកម្រិតពិភពលោក គិតជាមធ្យម មានប្រហែល ពី ៤% ទៅ ៥% ដូច្នេះយើងឋិតក្នុងស្ថានភាពល្អ។
គួរកត់សម្គាល់ផងដែរថា រថយន្តដើរដោយថាមពលអគ្គិសនី ជួយឱ្យបរិស្ថានស្អាត មានប្រសិទ្ធភាពជាង រថយន្តប្រើសាំង និងអាចជួយកាត់បន្ថយ ការបំពុលខ្យល់ ក្នុងទីក្រុងនានា ដូចជា ទីក្រុងភ្នំពេញជាដើម ដោយសាររថយន្ត ប្រភេទនេះ មិនប្រើសាំង ក្នុងដំណើរការរបស់ វាទេ។ រថយន្តអគ្គិសនី ក៏ជួយកាត់បន្ថយការ បំភាយឧស្ម័នកាបូន ទៅក្នុងបរិយាកាសផងដែរ បើទោះបីជាបណ្តាញអគ្គិសនី ត្រូវបានដំណើរការ ដោយធ្យូងថ្មក៏ដោយ៕