សម្ដេចតេជោ ហ៊ុន សែន៖ នៅថ្ងៃទី១០ ខែវិច្ឆិកា ព្រះមហាក្សត្រខ្មែរនឹងយាងទៅប្រទេសបារាំង ដើម្បីបើកកិច្ចប្រជុំរបស់អង្គការយូណេស្កូ


សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ ខាងមុខនេះ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា នឹងយាងដំណើរទៅកាន់សាធារណរដ្ឋបារាំង ដើម្បីប្រោសព្រះរាជទានបើកសន្និបាតរបស់អង្គការយូណេស្កូ (UNESCO)។

ការបញ្ជាក់ខាងលើនេះ គឺនៅក្នុងឱកាសសម្ដេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន អញ្ជើញសម្ពោធអគារទីស្ដីការថ្មីនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នាព្រឹកថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១។

សម្ដេចតេជោ ហ៊ុន សែន បានឱ្យដឹងថា នៅថ្ងៃស្អែក គឺជាខួបលើកទី៦៨ នៃទិវាឯករាជ្យជាតិ ៩ វិច្ឆិកា (១៩៥៣-២០២១) ក្នុងនោះព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ក្នុងព្រះបរមនាមជាព្រះប្រមុខរដ្ឋ ព្រះអង្គនឹងប្រោសព្រះរាជទានដុតទៀនជ័យ នៅវិមានឯករាជ្យ ប៉ុន្តែនៅពេលពន្លត់ទៀនជ័យវិញ នឹងត្រូវធ្វើឡើងក្រោមវត្តមានរបស់ ប្រមុខរដ្ឋស្ដីទី សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ពីព្រោះតែព្រះមហាក្សត្រព្រះអង្គមានព្រះរាជភារកិច្ចយាងទៅកាន់រដ្ឋធានីប៉ារីស សាធារណរដ្ឋបារាំង ដើម្បីប្រោសព្រះរាជទានចូលរួមបើកសន្និបាតរបស់អង្គការយូណេស្កូ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «ស្អែកនេះ គឺជាខួបលើកទី៦៨ នៃទិវាឯករាជ្យជាតិ! ព្រះករុណា ស្អែកនេះដុតទៀនជ័យ ហើយនៅពេលពន្លត់ទៀនជ័យ ប្រមុខរដ្ឋស្ដីទីជាអ្នកពន្លត់ ពីព្រោះនៅថ្ងៃខាងស្អែក ព្រះអង្គយាងចេញទៅប្រទេសបារាំង ដើម្បីបើកកិច្ចប្រជុំរបស់យូណេស្កូ ពីព្រោះនេះជាព្រះរាជភារកិច្ចចាំបាច់ ដោយខាងយូណេស្កូគេក៏ផ្ដល់កិត្តិយសថ្វាយព្រះមហាក្សត្រខ្មែរយើងដែរ»

គួរជម្រាបថា កម្ពុជាគឺជាសមាជិកដ៏សំខាន់មួយរបស់អង្គការយូណេស្កូ ដូច្នេះវត្តមានរបស់ព្រះករុណាដែលព្រះអង្គប្រោស ព្រះរាជទានចូលរួមក្នុងសន្និបាតនាពេលខាងមុខនេះ គឺរឹតតែពង្រឹងកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធរវាងកម្ពុជា និងអង្គការពិភពលោកមួយនេះ។

នាពិធីសម្ពោធអគារទីស្ដីការថ្មីនៃក្រសួងដែនដីខាងលើនេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានក្រើនរំឭកដល់ថ្នាក់ដឹកនាំ សំខាន់ៗនៃរាជរដ្ឋាភិបាលកម្ពុជា ឱ្យត្រៀមខ្លួនជូនព្រះរាជដំណើររបស់ព្រះមហាក្សត្រនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ មុនពេលព្រះអង្គយាងឡើងលើព្រះទីនាំងយន្តហោះឆ្ពោះទៅកាន់ប្រទេសបារាំង នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ ខាងស្អែកនោះ៕