សម្តេចតេជោ ហ៊ុន សែន៖ «អ្នកចោទខ្ញុំមានសញ្ជាតិពីរ ផ្តល់ឱកាសឲ្យបង្កើតច្បាប់កំណត់សញ្ជាតិតែមួយ, ខ្ញុំមានសញ្ជាតិខ្មែរតែមួយគត់ពីកំណើត មិនដែលប៉ងសូម្បីដេកយល់សប្តិ ចង់ឲ្យបានសញ្ជាតិផ្សេង»


សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានថ្លែងចំអក ដល់អ្នកដែលចោទសម្តេចថាមានសញ្ជាតិពីរ ដូចជាការផ្តល់ ឱកាសឲ្យសម្តេចបង្កើតនូវគំនិតផ្តួចផ្តើម ឲ្យមានការច្បាប់កំណត់សញ្ជាតិខ្មែរតែមួយ សម្រាប់មេដឹកនាំស្ថាប័នកំពូល របស់ជាតិ ដែលត្រូវបានព្រះមហាក្សត្រទ្រង់ឡាយព្រះហស្ថលេខា ប្រកាសដាក់ឲ្យប្រើប្រាស់រួចរាល់ហើយ។

ទោះបីមិនសំដៅចំៗឈ្មោះជនដែលចោទសម្តេចថា មានសញ្ជាតិពីរ តែគេដឹងថាសំដៅលើទណ្ឌិតរត់ចោលស្រុក សម រង្ស៊ី។ ជាមួយគ្នានេះជាថ្មីម្តងទៀត សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលបញ្ជាក់ថា សូម្បីតែដេកយល់សប្តិសម្តេចមិនដែលគិតចង់ បានសញ្ជាតិផ្សេងណាក្រៅពីតែសញ្ជាតិខ្មែរនោះឡើយ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា «ឥឡូវខ្ញុំបានលាសញ្ជាតិមួយបាត់ហើយ គឺសញ្ជាតិខ្យល់។ គិតស្មានថាទាត់ ហ៊ុន សែន មួយជើងទាត់ឲ្យបាក់ក អត់បាក់ក ហ៊ុន សែន បាក់កខ្លួនឯងបាត់។ វាជាឱកាសក្តាប់យកធ្វើភ្លាមទៅ និយាយឲ្យត្រង់ដោយសារវាចេញហើយទើបបាននិយាយ […] យើងប្រើពេលប្រហែលជា១ខែ [បង្កើតច្បាប់កំណត់សញ្ជាតិខ្មែរតែមួយ សម្រាប់មេដឹកនាំស្ថាប័នកំពូលរបស់ជាតិ] ចប់។ រួចហើយគេឃោសនាថា ព្រះមហាក្សត្រមិនឡាយព្រះហត្ថលេខាទេ ឡាយព្រះហស្ថលេខាបាត់ ឥឡូវចូលជាធរមាន»

សម្តេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងទៀតថា «ហ៊ុន សែន កំពុងឈរនៅទីនេះ ដោយមានសញ្ជាតិតែមួយគត់ពីកំណើត ហើយមិនដែលប៉ុនប៉ងសូម្បីតែនឹកយល់សប្តិ ឲ្យបានសញ្ជាតិនេះសញ្ជាតិនោះ គឺអត់ទេ រឿងអ្នកណាផ្សេង ជារឿងរបស់គេទេ»

សម្តេចតេជោបានបញ្ជាក់ទៀតថា ច្បាប់កំណត់សញ្ជាតិខ្មែរតែមួយ សម្រាប់មេដឹកនាំស្ថាប័នកំពូលរបស់ជាតិនេះ មិនបានបិទផ្លូវសម្រាប់អ្នកដទៃ ដែលមិនប្រជែងយកតំណែងទាំង៤ រួមមានប្រធានក្រុមប្រឹក្សាធម្មនុញ្ញ, នាយករដ្ឋមន្ត្រី, ប្រធានរដ្ឋសភា និងប្រធានព្រឹទ្ធសភា នោះទេ។ ច្បាប់នេះប៉ះពាល់មនុស្សតែ៤នាក់ប៉ុណ្ណោះ។

សម្តេចតេជោ ហ៊ុន សែន ក៏បានគូសបញ្ជាក់ផងដែរថា ច្បាប់នេះជាមរតកដ៏ធំមួយ សម្រាប់ជាតិទៅរាប់រយឆ្នាំខាងមុខ សម្រាប់បញ្ជៀសការជ្រៀតជ្រែកពីបរទេស។

សូមជម្រាបថា ច្បាប់ស្តីពីការកំណត់សញ្ជាតិខ្មែរតែមួយ សម្រាប់ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា និងនាយករដ្ឋមន្ត្រី ត្រូវបានព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមានថ នរោត្តម សីហមុនី ឡាយព្រះហស្ថលេខាដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ កាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២១។

ច្បាប់ធម្មនុញ្ញស្តីពីវិសោធនកម្មមាត្រា ១៩ថ្មី មាត្រា ៨២ថ្មី មាត្រា១០៦ថ្មី(មួយ) មាត្រា១១៩ថ្មី និង មាត្រា១៣៧ថ្មី នៃរដ្ឋធម្មនុញ្ញនៃ ព្រះរាជាណាចក្រកម្ពុជា និងមាត្រា៣និងមាត្រា៤ នៃច្បាប់ធម្មនុញ្ញបន្ថែម សំដៅធានានូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិ ត្រូវបានស្នើឡើងដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា កាលពីថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២១។

ច្បាប់នេះត្រូវបានអះអាងថា ធ្វើឡើងដើម្បីធានាបានឱឡារិកភាពទាំងខាងផ្លូវច្បាប់ ទាំងខាងនយោបាយ ចំពោះគោលជំហរ និងការប្តេជ្ញាចិត្តស្មោះត្រង់ឥតងាករេចំពោះជាតិ មាតុភូមិ និងប្រជាជនកម្ពុជា នៅគ្រប់កាលៈទេសៈទាំងអស់ និងដើម្បីធានាការពារឧត្តមប្រយោជន៍របស់ជាតិ និងប្រជាជនកម្ពុជាពីការជ្រៀតជ្រែកពីបរទេស។

ការធ្វើច្បាប់ដើម្បីកំណត់ «សញ្ជាតិខ្មែរតែមួយ» សម្រាប់មេដឹកនាំនៃស្ថាប័នកំពូលរបស់ជាតិទាំង៤នេះ គឺជាព្រឹត្តិការណ៍ ប្រវត្តិសាស្ត្រថ្មីមួយទៀត នៅក្នុងប្រវត្តិសាស្ត្រកម្ពុជា ដែលមិនធ្លាប់មានចែងនោះឡើយចាប់តាំងពីការកកើតឡើង នៃរដ្ឋធម្មនុញ្ញ។ បើទោះបីយ៉ាងណា ការកសាងឡើងនូវច្បាប់នេះ ទទួលបានការសាទរ និងគាំទ្រយ៉ាងខ្ទរខ្ទារពីប្រជាពលរដ្ឋ គ្រប់ស្រទាប់វណ្ណៈ និងឋានានុក្រម រួមទាំងស្ថាប័នព្រះសង្ឃ ដែលជាសាសនារបស់ជាតិផងដែរ៕