រាជរដ្ឋាភិបាល បង្កើតគណៈកម្មាធិការដឹកនាំអនុវត្តផែនការមេអភិវឌ្ឍវិស័យទេសចរណ៍ខេត្តមណ្ឌលគិរី ២០២១-២០៣៥


រាជរដ្ឋាភិបាលបានចេញអនុក្រឹត្យសម្រេចបង្កើតគណៈកម្មាធិការដឹកនាំអនុវត្តផែនការមេអភិវឌ្ឍវិស័យទេសចរណ៍ខេត្តមណ្ឌលគិរី ឆ្នាំ២០២១-២០៣៥ (គ.ជ.ផ.ម.) ដោយបានប្រគល់ភារកិច្ចជូន ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ជាប្រធាន ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោកជំទាវ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ឯកឧត្តម ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល និងឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី ជាអនុប្រធាន និងមានថ្នាក់ដឹកនាំតំណាងក្រសួង-ស្ថាប័នចំនួន២០អង្គភាព ជាសមាជិក។

ការបង្កើតគណៈកម្មាធិការនេះជាលទ្ធផលនៃការអនុម័តដាក់ឲ្យប្រើប្រាស់ផែនការមេអភិវឌ្ឍវិស័យទេសចរណ៍ខេត្តមណ្ឌលគិរី (២០២១-២០៣៥) កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ក្រោមការដឹកនាំរៀបចំរបស់លោករដ្ឋមន្រ្តី ថោង ខុន និងការដឹកនាំបច្ចេកទេសដោយលោក ថោង រដ្ឋសក្តិ អគ្គនាយកអភិវឌ្ឍទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ ជាប្រធានលេខាធិការដ្ឋាន។

គណៈកម្មាធិការនេះនឹងដើរតួនាទីជាយន្តការស្ថាប័នរឹងមាំ និងអចិន្រ្តៃយ៍ ដើម្បីដឹកនាំអនុវត្តផែនការមេ រួមជាមួយការពិនិត្យ អនុម័តគម្រោងវិនិយោគ និងការអភិវឌ្ឍវិស័យទេសចរណ៍ និងការគាំទ្រអន្តរវិស័យពាក់ព័ន្ធក្នុងខេត្តមណ្ឌលគិរី ដូចបានចង្អុលក្នុងផែនការសកម្មភាពនៃផែនការមេ។

នេះជាអនុក្រឹត្យទី២ ក្នុងការបង្កើតគណៈកម្មាធិការជាតិ បន្ទាប់ពីរាជរដ្ឋាភិបាលបានដាក់ចេញអនុក្រឹត្យលេខ ១២៥ អនក្រ.បក កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ បង្កើតគណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ ដែលមានរដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាប្រធាន រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងរដ្ឋមន្រ្តីក្រសួងកសិកម្ម ជាអនុប្រធាន៕

ខាងក្រោមនេះជាអនុក្រឹត្យស្ដីពីការបង្កើតគណៈកម្មាធិការដឹកនាំអនុវត្តផែនការមេអភិវឌ្ឍវិស័យទេសចរណ៍ខេត្តមណ្ឌលគិរី៖