កម្ពុជាយកឆ្នាំ ២០១៦ ជាឆ្នាំកំណត់យុទ្ធសាស្ត្រស៊ីហ្គេម


 Sea Game 19 02 16 2 copy

    កម្ពុជា​បាន​ត្រៀម​លក្ខណៈ​ជា​មុន​ ក្នុង​ការ​ដណ្តើម​យក​មេដាយ​កីឡា​ស៊ី​ហ្គម ​ឆ្នាំ ​២០២៣ ​ដែល​កម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​លើក​ដំបូង​ ។

     រដ្ឋ​មន្ត្រី​ក្រសួង​ទេស​ចរណ៍​ ឯកឧត្តម ​ថោង​ខុន បាន​ថ្លែង​ថា ក្នុង​ការ​ត្រៀម​លក្ខណៈ​នេះ កម្ពុជា​បាន​យក​ឆ្នាំ​២០១៦ ​នេះ គឺ​ជា​ឆ្នាំ​កំណត់​នូវ​យុទ្ធ​សាស្ត្រ​ ។ ប្រសាសន៍​របស់​ ឯកឧត្តម​ ថោង ​ខុន ដែល​យក​ឆ្នាំ ​២០១៦​ កំណត់​យុទ្ធ​សាស្ត្រ​នេះ បាន​ធ្វើ​ឡើង​ក្នុង​មហា​សន្និបាត​មួយ ​នៅ​ថ្ងៃ​ទី​១៨ ខែ​កុម្ភៈនេះ​ ក្នុង​ក្រសួង​ទេស​ចរណ៍​ ។

     ប្រសាសន៍​របស់​ ឯកឧត្តម​រដ្ឋ​មន្ត្រី ​ថោង ​ខុន ​ដែល​ជា​ប្រធាន​គណៈ​កម្មា​ធិ​ការ​ជាតិ​អូឡាំពិក​កម្ពុជា​ បាន​ប្រព្រឹត្ត​ទៅ ​ស្រប​ពេល​ដែល​កម្ពុជា​បាន​ត្រៀម​រៀប​ចំ​ការ​ប្រកួត​ល្បែង​កីឡា​ជាតិ​ ចាប់​តាំង​ពី​ឆ្នាំ ​២០១៦​នេះ​ផង​ដែរ​… ហើយ​ការ​ប្រកួត​កីឡា​ជាតិ​នេះ នឹង​ត្រូវ​ធ្វើ​ដោយ​ទៀង​ទាត់​ក្នុង​រយៈ​ពេល​ ២​ឆ្នាំ​ម្តង យ៉ាង​ហោច​ឱ្យយ​បាន​បួន​ដង​រហូត​ដល់​ឆ្នាំ ​២០២៣ ​ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៃ​កីឡា​ស៊ី​ហ្គេម​ ។

     ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ មាន​សេចក្តី​រាយ​ការណ៍​រិះ​គន់​ថា មាន​សហព័ន្ធ​កីឡា​ជាតិ​មួយ​ចំនួន មិន​ទាន់​មាន​សកម្មភាព​អ្វី​លេច​ចេញ​ជា​រូប​រៀង​ដែរ ដែល​ចាំ​បាច់​ត្រូវ​តែ​មាន​ផែន​ការ​ជា​បន្ទាន់ ​ក្នុង​ការ​សម្រេច​គោល​ដៅ​ជា​យុទ្ធ​សាស្ត្រ​សម្រាប់​ត្រៀម​ប្រកួត​ប្រជែង ​ក្នុង​ព្រឹត្តិ​ការណ៍​អន្ដរ​ជាតិ​នានា​ ។

     ឯកឧត្តម ​ថោង​ ខុន ត្រូវ​គេ​ដក​ស្រង់​ប្រសាសន៍​ដែល​ព្រមាន​ថា ​បើ​សហ​ព័ន្ធ​ណា​មួយ នៅ​មិន​ទាន់​មាន​សកម្មភាព​អ្វី​ទៀត​នោះ គណៈ​កម្មា​ធិការ​ជាតិ​អូឡាំពិក​កម្ពុជា នឹង​មាន​វិធាន​ការ​ក្ដៅ ដើម្បី​ជំរុញ​សហព័ន្ធ​នោះ ឲ្យ​មាន​សកម្មភាព បើ​ពុំ​ដូច្នេះ​ទេ សហព័ន្ធ​នោះ​នឹង ត្រូវ​ប្រឈម​នឹង​ការ​ដក​សិទ្ធិ​ចូល​រួម​ប្រកួត​ក្នុង​ព្រឹត្តិ​ការណ៍​ផ្សេង​ៗ​តែ​ម្ដង​ ។ កម្ពុជា​មាន​សហព័ន្ធ​ជាតិ​ចំនួន​៥ ដែល​សហព័ន្ធ​មួយ​មិន​មែន​ជា​ប្រភេទ​កីឡា​អូឡាំ​ពិក​ឡើយ​ គឺ​សហ​ព័ន្ធ​កីឡា​គូប៊ូដូ និង​យូដូ ឯ​មួយ​សហព័ន្ធ​ទៀត ​ជា​សហ​ព័ន្ធ​ក្រប​ខណ្ឌ​អន្តរ​ជាតិ​ គឺ​សហ​ព័ន្ធ​គុន​ខ្មែរ​អន្តរ​ជាតិ​ និង​ ៣​សហ​ព័ន្ធ​ទៀត រួម​មាន​សហ​ព័ន្ធ​ក្រប​ខណ្ឌ​អូឡាំ​ពិក គឺ​សហ​ព័ន្ធ​បាញ់​កាំ​ភ្លើង កីឡា​ស្គី​ទឹក​កក និង​សហ​ព័ន្ធ​ទូក​ក្ដោង​ ៕