សម្តេចពិជ័យសេនា ទៀ បាញ់៖ កម្ពុជាចង់ឱ្យស្ថាប័នការពារជាតិអាស៊ាន រួមគ្នាបន្ថែមទៀត ដើម្បីទប់ស្កាត់ជំងឺរាតត្បាតឆ្លងព្រំដែន ជាពិសេសជំងឺកូវីដ១៩


(ភ្នំពេញ)៖ ថ្លែងសន្ទរកថាតាមប្រព័ន្ធ Online នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ ក្នុងកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការពារជាតិអាស៊ាន (ADMM Retreat) កិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្ត្រីការពារជាតិអាស៊ាន-សាធារណរដ្ឋកូរ៉េ និងកិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្ត្រីការពារជាតិអាស៊ាន-អូស្ត្រាលី សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ យល់ឃើញថា កិច្ចសហប្រតិបត្តិការជាក់ស្តែង ក្នុងចំណោមស្ថាប័នការពារជាតិអាស៊ាន ក្នុងការទប់ស្កាត់ជំងឺរាតត្បាតឆ្លងព្រំដែន គួរតែត្រូវបានពង្រឹងបន្ថែមទៀត។

រដ្ឋមន្ត្រីរដ្ឋមន្ត្រីការពារជាតិ បានឱ្យដឹងថា នៅប្រទេសកម្ពុជា កងយោធពលខេមរភូមិន្ទ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺនេះ តាមរយៈយុទ្ធនាការចាក់វ៉ាក់សាំងដ៏ធំមហាសាលជូនប្រជាជនកម្ពុជា និងបានដើរតួនាទីនាំមុខក្នុងការគ្រប់គ្រងចលនាប្រជាពលរដ្ឋនៅទូទាំងប្រទេស និងអនុវត្តវិធានការប្រឆាំងជំងឺកូវីដ១៩ របស់រាជរដ្ឋាភិបាល ជាពិសេសនៅតាមតំបន់ព្រំដែន។

សម្តេចពិជ័យសេនា ទៀ បាញ់ បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ «ដោយមើលឃើញពីសារៈសំខាន់ នៃកិច្ចសហប្រតិបត្តិការឆ្លងព្រំដែន ដើម្បីទប់ស្កាត់ជំងឺរាតត្បាតសកល កម្ពុជាយល់ឃើញថា កិច្ចសហប្រតិបត្តិការជាក់ស្តែង ក្នុងចំណោមស្ថាប័នការពារជាតិអាស៊ាន ក្នុងការទប់ស្កាត់ជំងឺរាតត្បាតឆ្លងព្រំដែន គួរតែត្រូវបានពង្រឹងបន្ថែមទៀត»

សម្តេចបានគូសបញ្ជាក់ថា ការពង្រឹងកិច្ចសហប្រតិបត្តិការឆ្លងព្រំដែននេះ នឹងផ្តល់ជាប្រយោជន៍ដល់យោធារបស់យើងក្នុងការរួមគ្នាដោះស្រាយបញ្ហាប្រឈមផ្នែកសន្តិសុខរួមផ្សេងទៀត នាពេលអនាគត ដូចជាឧក្រិដ្ឋកម្មឆ្លងដែន ការផ្តល់ជំនួយមនុស្សធម៌ និងការសង្គ្រោះគ្រោះមហន្តរាយ (HADR) ជាដើម។

សម្តេចពិជ័យសេនា ទៀ បាញ់ បានបន្ថែមយ៉ាងដូច្នេះថា៖ «ជំងឺរាតត្បាតសកលកូវីដ១៩ គឺពិតជាព្រឹត្តិការណ៍ដែលរំខានបំផុត នៅក្នុងប្រវត្តិសាស្រ្តសម័យទំនើបរបស់យើង។ ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ បានក្លាយជាសមរភូមិរួមគ្នារបស់យើង។ ជាមួយនឹងការរាតត្បាតនៃជំងឺកូវីដ១៩ យើងបានឃើញនូវតួនាទីដ៏លេចធ្លោរបស់កងកម្លាំងប្រដាប់អាវុធ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតសកល»

ក្រៅពីការរួមគ្នានេះដើម្បីបប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង រដ្ឋមន្ត្រីការពារជាតិកម្ពុជា បានបន្តថា គ្រោះមហន្តរាយធម្មជាតិ និងការប្រែប្រួលអាកាសធាតុ គឺមានការពាក់ព័ន្ធគ្នា ដោយគ្រោះមហន្តរាយធម្មជាតិ ដែលកើតឡើងញឹកញាប់ និងកាន់តែខ្លាំងឡើងៗ គឺបណ្តាលមកពីការប្រែប្រួលអាកាសធាតុ។ ភាពអាសន្នដែលចាប់ផ្តើមបន្តិចម្តងៗនេះ នឹងប៉ះពាល់ដល់សន្តិសុខស្បៀង និងទឹក ក៏ដូចជាជីវភាពរស់នៅរបស់ប្រជាជន។ កងកម្លាំងប្រដាប់អាវុធ នៃគ្រប់បណ្តាប្រទេសអាស៊ាន បានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់ជំនួយមនុស្សធម៌ និងការសង្គ្រោះគ្រោះមហន្តរាយ ជាពិសេសក្នុងប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះមនុស្សការជួយជម្លៀសប្រជាជនទៅកាន់ទីសុវត្ថិភាព និងការការពារសន្តិសុខ។

សំខាន់ជាងនេះទៅទៀត សម្តេចពិជ័យសេនា ទៀ បាញ់ បានឱ្យដឹងថា យោធាអាស៊ាន ក៏បានផ្តល់ជំនួយផ្នែកមនុស្សធម៌ក្នុងពេលមានគ្រោះមហន្តរាយឆ្លងព្រំដែន ដល់ប្រទេសក្នុងតំបន់ផ្សេងទៀតផងដែរ។ ខណៈពេលដែលគ្រោះមហន្តរាយធម្មជាតិ ទំនងជាកើនឡើងនាពេលអនាគត កិច្ចសហប្រតិបត្តិការជាក់ស្តែងក្នុងចំណោមយោធាអាស៊ាន គឺត្រូវតែពង្រឹងបន្ថែមជាពិសេសតាមរយៈការអនុវត្តពេញលេញ និងប្រកបដោយប្រសិទ្ធភាព នៃកម្មវិធីការងាររយៈពេល៣ឆ្នាំ របស់កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន។

សម្រាប់កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន ធ្វើការពិចារណាក្នុងការដាក់បញ្ចូលបញ្ហាប្រែប្រួលអាកាសធាតុ ទៅក្នុងយន្តការសហប្រតិបត្តិការរបស់ខ្លួន ដើម្បីកសាងភាពធន់របស់កងកម្លាំងប្រដាប់អាវុធ និងកាត់បន្ថយផលប៉ះពាល់ នៃបញ្ហាប្រឈមអាកាសធាតុ។ ការប្រើប្រាស់បច្ចេកវិទ្យា គឺមានសារៈសំខាន់ដោយសារតែវាបានផ្តល់ជាដំណោះស្រាយ ដល់ការរស់រានរបស់មនុស្ស ជាពិសេសនោះ គឺវាជួយដល់ការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ និងកិច្ចខិតខំប្រឹងប្រែងក្នុងការគ្រប់គ្រងគ្រោះមហន្តរាយផ្សេងៗទៀតផងដែរ។ នេះជាបញ្ជាក់បន្ថែមរបស់សម្តេចពិជ័យសេនា ទៀ បាញ់៕