អភិបាលខេត្តកំពត អំពាវនាវ និងស្នើដល់កម្មករ និយោជិត បន្តអនុវត្តនូវវិធានការសុខាភិបាលឲ្យបានខ្ជាប់ខ្ជួនទៅពិនិត្យឈ្មោះ និងចុះឈ្មោះបោះឆ្នោត


(កំពត)៖ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត នាថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានអំពាវនាវ និងស្នើដល់កម្មករ កម្មការិនី និយោជិតទាំងអស់ សូមកុំធ្វេសប្រហែលឲ្យសោះ ត្រូវតែមានការប្រុងប្រយ័ត្នអនុវត្តនូវវិធានការសុខាភិបាល «៣កុំ និង៣ការពារ» ឲ្យបានខ្ជាប់ខ្ជួន ហើយក៏ត្រូវយកចិត្តទុកដាក់ ទៅពិនិត្យឈ្មោះ និងចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់គ្នា ដើម្បីបំពេញកាតព្វកិច្ចប្រជាពលរដ្ឋល្អ ក្នុងការចូលរួម បោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ ដែលជាតំណាងដឹកនាំក្នុង មូលដ្ឋានរបស់ខ្លួន។

ការអំពាវនាវ និងស្នើបែបនេះខណៈឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត ពេលដឹកនាំជួរថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំង និងអាជ្ញាធរពាក់ព័ន្ធក្នុងខេត្ត ចុះជួបសំណេះសំណាល ជាមួយកម្មករ កម្មការិនី និយោជិត មកពីរោងចក្រ ចំនួន២ គឺរោងចក្រនៃក្រុមហ៊ុន «ឃី មី ហ្គា មេន» ផលិតខោលីអូ និងរោងចក្រក្រុមហ៊ុន «ជី អាយ អេ» ផលិតដេរផុង អាវយឺត ដែលមានកម្មករសរុប ប្រមាណជិត ៣ពាន់នាក់ នៅទីតាំងរោងចក្រនៃក្រុមហ៊ុន «ឃី មី ហ្គា មេន» ស្ថិតក្នុងភូមិ រលួស សង្កាត់បឹងទូក ក្រុងបូកគោ។

ក្នុងកិច្ចសំណេះសំណាលនោះ ឯកឧត្តម ម៉ៅ ធនិន បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។

ឯកឧត្តម អភិបាលខេត្ត បានលើកឡើងថា ជានិច្ចកាលសម្តេចទាំងទ្វេតែងគិតគូរពីសុខទុក្ខ និងជីវភាពរបស់កម្មករ កម្មការិនី ហើយជាពិសេសក្នុងកាលៈទេសៈដែលពិភពលោក ក៏ដូចជាកម្ពុជា កំពុងរងការយាយីដោយជំងឺកូវីដ១៩។ ពាក់ព័ន្ធនឹង ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩នេះ។

ឯកឧត្តមអភិបាលខេត្ត ក៏បានគូសរំលេចពីកិច្ចខិតខំប្រឹងប្រែងរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការទប់ស្កាត់ការរីករាល ដាលជំងឺ និងការប្រឹងប្រែងរកវ៉ាក់សាំង មកចាក់ជូនប្រជាពលរដ្ឋ ដើម្បីការពារអាយុជីវិតពីការរាតត្បាតនៃជំងឺ។

ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់យ៉ាងដូច្នេះ «សម្តេចតេជោ បានស្វះស្វែងរកវ៉ាក់សាំងមកចាក់ ជូនប្រជាពលរដ្ឋដោយ ឥតគិតថ្លៃ ជាពិសេសបងប្អូនកូនក្មួយ កម្មករ កម្មការិនីយើង គឺសម្តេចបានគិតគូររៀបចំចាក់វ៉ាក់សាំង ជូនឲ្យបានគ្រប់ៗ គ្នាផងដែរ។ ដូច្នេះបងប្អូនកូនក្មួយ ត្រូវខិតខំថែរក្សាសុខភាព និងខិតខំបំពេញការងារដែលយើងកំពុងមានដើម្បីជីវភាព គ្រួសារយើងបានកាន់តែប្រសើរឡើង»។

ទន្ទឹមនេះ ឯកឧត្តម ម៉ៅធ និន ក៏បានសំណូមពរដល់កម្មករ កម្មការរិនី និងម្ចាស់រោងចក្រ ត្រូវខិតខំ ធ្វើការ ងារ គោរព វិន័យ និង សហការ ជាមួយ ថៅកែ ររោងចក្រឲ្យបានល្អ មិនត្រូវមានភាគីណាមួយ យកប្រៀបលើភាគីណាមួយបានឡើយ គឺគោរពច្បាប់ ការងាររាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជា គោលការណ៍ផ្ទៃក្នុងរោងចក្រ ដែលបានកំណត់ឲ្យ បានជាប់ជានិច្ច ដើម្បីឲ្យដំណើរការងារផលិតប្រព្រឹត្តទៅបានរលូនល្អ។

ឯកឧត្តមអភិបាលខេត្ត បានបន្តទៀតថា ដើម្បីភាពរីកចំរើននៃប្រទេសជាតិ ពិសេសសមិទ្ធផលសង្គមកើតមានឡើង នៅ ពាសពេញផ្ទៃប្រទេស ដូចជា ការនាំមកនូវការងារ ជូនកម្មករ កម្មការិនី បានធ្វើដូចសព្វថ្ងៃនេះ គឺផ្ដើមចេញពីតម្លៃនៃ សុខសន្តិភាព ដែលសម្ដេចតេជោ ហ៊ុន សែន បានខិតខំរកមកដោយលំបាក ក្នុងការលះបង់តស៊ូគ្រប់បែបយ៉ាង ដើម្បី បុព្វហេតុជាតិមាតុភូមិ និង ប្រជាជន។ តម្លៃសុខសន្តិភាពនេះ មិនអាចកាត់ថ្លៃបានឡើយ ដែលជាមូលដ្ឋានគ្រឹះ ក្នុង ដំណើរកិច្ចអភិវឌ្ឍប្រទេស និងការរីកចម្រើនលើគ្រប់វិស័យធ្វើឲ្យកំណើនសេដ្ឋកិច្ចជាតិ ជីវភាពប្រជាពលរដ្ឋកាន់តែ ប្រសើរឡើងជាបន្តបន្ទាប់។

ដូច្នេះ ដើម្បីភាពសុខសាន្ត និងភាពរីកចម្រើនរបស់ប្រទេសជាតិ បន្តទៅមុខទៀត សូមកម្មករ កម្មការិនី ដែលជាយុវជន កម្លាំងស្នូលប្រទេសជាតិ ត្រូវយកចិត្តទុកដាក់ចូលរួមថែរក្សាតម្លៃសុខសន្តិភាពនេះ ឲ្យបានគង់វង្សយូរអង្វែងទាំងអស់គ្នា ជៀសឲ្យបាន ដាច់ខាតតាមការញុះញុង អូសទាញពីជនអគតិមួយក្ដាប់តូច ដែលមានចេតនាបំផ្លាញប្រទេសជាតិ និង សេចក្ដីសុខសាន្តរបស់ប្រជាជនយើង ។

ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានចែកសម្ភារៈនិងឧបត្ថម្ភថវិកាមួយចំនួន ដល់ក្មួយៗកម្មករ កម្មការនី ផងដែរ៕