កម្ពុជាទទួលបានមកវិញ នូវវត្ថុបុរាណខ្មែរចំនួនបួន ពីសារមន្ទីរសិល្បៈ Denver នៅអាមេរិក


(ភ្នំពេញ)៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានចេញសេចក្តីជូនព័ត៌មាន ស្តីពីការទទួលបានមកវិញ នូវវត្ថុបុរាណខ្មែរចំនួនបួនរូប ពីសារមន្ទីរសិល្បៈ Denver នៅសហរដ្ឋអាមេរិក។ នេះបើតាមសេចក្ដីជូនព័ត៌មាន របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។

សេចក្ដីជូនព័ត៌មាន របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឲ្យដឹងថា អនុលោមតាមអនុស្សរណៈ នៃការយោគយល់គ្នារវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសហរដ្ឋអាមេរិក, វត្ថុបុរាណខ្មែរចំនួន៤រូប នឹងត្រូវប្រគល់មកកម្ពុជាវិញ នាពេលខាងមុខនេះ។

រដ្ឋាភិបាលសហរដ្ឋអាមេរិក តាមរយៈការិយាល័យរដ្ឋអាជ្ញាសហរដ្ឋអាមេរិក ប្រចាំសង្កាត់ភាគខាងត្បូង នៃទីក្រុងញូវយ៉ក (USAO-SDNY) និងការិយាល័យស៊ើបអង្កេតសន្តិសុខមាតុភូមិ សហរដ្ឋអាមេរិក (HSI) បានដំណើរការក្តីក្នុងតុលាការ ពាក់ព័ន្ធនឹងសម្បត្តិវប្បធម៌ខ្មែរចំនួន៤រូប ដែលត្រូវបានរឹបអូសពីសារមន្ទីរសិល្បៈ Denver នៅសហរដ្ឋអាមេរិក។

វត្ថុបុរាណខ្មែរទាំង៤នេះរួមមាន៖

១៖ ចម្លាក់ព្រះនាងប្រាជ្ញាបារមិតា ថ្មភក់សម័យអង្គរ រចនាបថបាយ័ន្តចុងសតវត្សរ៍ទី១២-ដើមទី១៣។ យោងតាមព័ត៌មានពីសាក្សីបដិមានេះ ត្រូវបានគេរកឃើញ នៅក្នុងវាលស្រែក្បែរប្រាសាទបុរាណមួយ ក្នុងខេត្តតាកែវ មិនឆ្ងាយពីតំបន់ទន្លេបាទី។

២៖ ចម្លាក់ព្រះសូរ្យ ថ្មភក់ សម័យមុនអង្គរ សតវត្សរ៍ទី៧-៨។ តាមសេចក្តីរាយការណ៍ពីសាក្សី បដិមានេះ ត្រូវបានលួចចេញពីប្រាសាទមួយនៅលើភ្នំគូលែន។

៣៖ ជួងសំរឹទ្ធ សម័យបុរេប្រវត្តិ។ តាមសេចក្តីរាយការណ៍ពីសាក្សីជួងនេះ គឺជាវត្ថុមួយក្នុងចំណោមដួងសំរឹទ្ធចំនួន១២ (រៀបជារង្វង់មូលព័ន្ធជុំវិញថ្មគោលមួយ) ដែលត្រូវបានរកឃើញនៅតំបន់មួយ នៃខេត្តពោធិ៍សាត់-បាត់ដំបង។

៤៖ ផ្លែរព្រះនារាយណ៍ផ្ទំ ថ្មភក់ សម័យមុនអង្គរ សតវត្សរ៍ទី៧-៨។ តាមប្រភពពីសាក្សីបានឲ្យដឹងថា ផ្តែរនេះ ត្រូវបានយកចេញពីប្រាសាទមួយនៅលើភ្នំគូលែន ដែលមានលក្ខណៈស្រដៀង នឹងផ្តែរនៅប្រាសាទសំបូរព្រៃគុក ក្នុងខេត្តកំពង់ធំដែរ។

លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានថ្លែងថា យើងទាំងអស់គ្នាមានសេចក្តីរំភើបរីករាយ ក្នុងការបន្តស្វាគមន៍រតនៈសម្បត្តិ ដ៏មានតម្លៃទាំងនេះត្រឡប់មកកម្ពុជាវិញ ហើយមានមោទនភាពចំពោះកិច្ចសហការរបស់យើង ជាមួយរដ្ឋាភិបាលសហរដ្ឋអាមេរិក។

លោកជំទាវបន្ដថា លទ្ធផលដែលទទួលបានជាបន្តបន្ទាប់នេះ ក៏ដោយសារកម្ពុជាយើងមានសុខសន្តិភាពពេញលេញ តាមរយៈនយោបាយ ឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដោយផ្តល់ឱកាសដល់ការវិលត្រឡប់មកវិញ នៃព្រលឹងបុព្វបុរសខ្មែរ ដែលបានរសាត់ចាកឆ្ងាយពីមាតុភូមិកំណើត់អស់ជាច្រើនឆ្នាំមកហើយ នាសម័យសង្គ្រាម។

លោកជំទាវរដ្ឋមន្ត្រី បានអំពាវនាវដល់សារមន្ទីរ និងអ្នកប្រមូលសមុច្ច័យឯកជននានា ដែលកាន់កាប់រក្សាទុកសម្បត្តិវប្បធម៌ខ្មែរ សូមទាក់ទងមកក្រសួង ដើម្បីចែករំលែកឯកសារពាក់ព័ន្ធ និងប្រគល់សម្បត្តិវប្បធម៌ទាំងនោះ ដោយស្ម័គ្រចិត្តមកកម្ពុជាវិញ។

ក្រសួងកំពុងបន្តប្រមូលភស្តុតាងនៃការលួចនាំចេញ និងការកាន់កាប់ដោយខុសច្បាប់នូវសម្បត្តិវប្បធម៌ខ្មែរ។

ជាមួយនេះ ក្រសួងសូមអបអរសាទរ ចំពោះកិច្ចសហការរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ក្នុងការបញ្ជូនមកកម្ពុជាវិញនូវសម្បត្តិវប្បធម៌ខ្មែរ និងថ្លែងអំណរគុណ ដោយស្មោះចំពោះការខិតខំប្រឹងប្រែង របស់ការិយាល័យរដ្ឋអាជ្ញាសហរដ្ឋអាមេរិក, ការិយាល័យស៊ើបអង្កេតសន្តិសុខមាតុភូមិសហរដ្ឋអាមេរិក និង
អាជ្ញាធរពាក់ព័ន្ធទាំងអស់ទាំងនៅក្នុង និងក្រៅប្រទេស ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា និងក្រុមការងាររបស់ក្រសួង ជាពិសេសចំពោះលោក Bradley J. Gordon និង Steven Heimberg។

បន្ថែមពីលើនោះ លោកជំទាវរដ្ឋមន្ត្រី ក៏បានបញ្ជាក់អំពីតម្លៃនៃកិច្ចសហប្រតិបត្តិការ និងការខិតខំប្រឹងប្រែងរួមគ្នា នៃប្រទេសទាំងពីរ ក្នុងការការពារសម្បត្តិ បេតិកភណ្ឌវប្បធម៌ និងអត្តសញ្ញាណជាតិ ដើម្បីជាឧត្តមប្រយោជន៍សម្រាប់ប្រជាជនកម្ពុជា និងមនុស្សជាតិទូទៅ៕