ថ្ងៃនេះ វ៉ាក់សាំង Astrazeneca ចំនួន ៣២៤,០០០ដូសទៀត ដែលផ្ដល់ជូនតាមរយៈយន្ដការកូវ៉ាក់ នឹងមកដល់កម្ពុជា


តាមផែនការដែលបានគ្រោងទុក នៅរសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ស្អែកនេះ វ៉ាក់សាំង Astrazeneca ចំនួន៣២៤,០០០ដូសបន្ថែមទៀត ដែលផ្ដល់ជូនតាមរយៈយន្ដការកូវ៉ាក់ នឹងត្រូវដឹកមកដល់ប្រទេសកម្ពុជា។ ការមកដល់នូវវ៉ាក់សាំងតាមរយៈយន្ដការកូវ៉ាក់លើកនេះ ជាលើកទី៣ហើយ។

នេះបើតាម​ លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល ថ្លែងប្រាប់បណ្ដាញព័ត៌មាន ឲ្យដឹងនៅរសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១។

លោកជំទាវ យក់ សម្បត្តិ បានថ្លែងយ៉ាងដូច្នេះថា «វ៉ាក់សាំង Astrazeneca ចំនួន៣២៤,០០០ដូស ពី COVAX Facility Round 3 នឹងមកដល់ថ្ងៃស្អែក ទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ នៅម៉ោង១៤៖៥៥នាទីរសៀល»

សូមជម្រាបថា គិតត្រឹមថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១នេះ កម្ពុជាបានទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ សរុបប្រមាណ៣០លានដូសហើយ ដើម្បីចាក់ជូនប្រជាពលរដ្ឋ ក្នុងនោះប្រទេសចិន បានផ្គត់ផ្គត់វ៉ាក់សាំង ដល់កម្ពុជាច្រើនជាងគេបង្អស់។ ក្រៅពីនោះ មានអង្គការសុខភាពពិភពលោក តាមរយៈយន្តការកូវ៉ាក់ ប្រទេសជប៉ុន អង់គ្លេស និងសហរដ្ឋអាមេរិក តាមរយៈកូវ៉ាក់ផងដែរ។

វត្តមានវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ របស់ចិននៅកម្ពុជា បានបង្ហាញច្បាស់ពីស្មារតីនៃមិត្តភាព ដែកថែបរវាងចិន និងកម្ពុជា ដែលជាស្មារតីជួយជ្រោមជ្រែង គ្នារាល់ការលំបាក។ ជាពិសេសបានបង្ហាញនូវស្មារតីចូលរួមដ៏ខ្លាំងក្លារបស់ចិន ក្នុងការជួយប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា។

កម្ពុជា ត្រូវបានចាត់ទុកថា ជាប្រទេសមួយឈានមុនគេក្នុងតំបន់អាស៊ាន ដែលទទួលជោគជ័យខ្លាំងលើផែនការនៃការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនដល់ប្រជាពលរដ្ឋ។

គិតត្រឹមយប់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ១៤,០៥១,៩២៥នាក់។ ក្នុងរួមមាន៖

១៖ ចាប់ពីអាយុ១៨ឆ្នាំឡើង ១០,០៥៦,០៩០នាក់
២៖ ចាប់ពីអាយុ១២ដល់១៨ឆ្នាំ ១,៧៩៩,១៩៩នាក់
៣៖ ចាប់ពីអាយុ០៦ដល់១២ឆ្នាំ ១,៩៦៧,០១៨នាក់
៤៖ អាយុ៥ឆ្នាំ ២២៩,៦២៧នាក់៕