ឯកឧត្តម ថោង ខុន ៖ ចុងសប្ដាហ៍២ថ្ងៃនេះ ភ្ញៀវទេសចរចេញដើរកម្សាន្ត មានជាង១៨ម៉ឺននាក់


ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានប្រាប់មកបណ្ដាញព័ត៌មាន នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១នេះថា ក្នុងឱកាសចុងសប្តាហ៍នេះ (១៣-១៤) មានភ្ញៀវទេសចរ បានចេញដើរទស្សនាកម្សាន្ត សរុប១៨០,២៩៦នាក់។

ឯកឧត្តម ថោង ខុន បានបញ្ជាក់ទៀតថា ភ្ញៀវសរុបមានចំនួន១៨០,២៩៦នាក់ ក្នុងនោះ មានភ្ញៀវជាតិ១៧៥,៨០១នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ៤,៤៩៥នាក់ ដែលបានដើរកម្សាន្តក្នុងប្រទេស។

ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន បានបង្ហាញអំពីគោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖

* ខេត្តព្រះសីហនុ ៣៤,៣០៦នាក់
* រាជធានីភ្នំពេញ ៣២,០៣៤នាក់
* ខេត្តកំពត ១៦,០០៧នាក់
* ខេត្តពោធិ៍សាត់ ១៥,៥០៨នាក់
* ខេត្តសៀមរាប១៣,១០៤នាក់

ឯកឧត្តម ថោង ខុន បានគូសបញ្ជាក់ថា ជាការកត់សំគាល់តួលេខខាងលើ មានការកើនឡើងប្រមាណ ៣.២៩% ធៀបនឹងសប្តាហ៍កន្លងមក។

* រមណីយដ្ឋានទេសចរណ៍ និងគោលដៅទេសចរណ៍ រួមជាមួយមូលដ្ឋានអាជីវកម្មទេសចរណ៍នានាទូទាំងប្រទេស បានបើកដំណើរការទទួលភ្ញៀវទេសចរ និងបានកំពុងត្រៀមខ្លួនទទួលភ្ញៀវទេសចរនាពេលថ្ងៃឈប់សម្រាកព្រះរាជពិធីបុណ្យអុំទូកនាសប្តាហ៍ក្រោយនេះ។
* ចំពោះសភាពការណ៍ជារួម គឺពុំមានបញ្ហាណាមួយគួរកត់សម្គាល់ទេ។

បន្ថែមពីនោះទៀត អនុវត្តតាមសារសម្លេងពិសេសដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោនាយករដ្ឋមន្ត្រី កាលពីរសៀលថ្ងៃទី១៤នេះ សម្រាប់ទេសចរអន្តរជាតិ និងអ្នកដំណើរ ចាក់វ៉ាក់សាំង ដែលចូលមកក្នុងកម្ពុជាថ្ងៃស្អែក ក្រសួងទេសចរណ៍ នឹងប្រជុំពិនិត្យមើលឡើងវិញ អំពីការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធីប្រតិបត្តិ ស្តង់ដាអប្បបរមា (SOP) លើគ្រប់សេវាដែល ក្រសួងទេសចរណ៍ បានដាក់ចេញនាពេលកន្លងមក ដើម្បី កែសំរួលឲ្យបានសមស្រប ដើម្បីជំរុញចលនា ទេសចរណ៍ផ្ទៃក្នុង ឲ្យកាន់តែមានការអភិវឌ្ឍន៍ល្អ និងខ្លាំងខ្លាថែមទៀត៕