ឯកឧត្តម ថោង ខុន ដឹកនាំប្រតិភូនៃប្រទេសចូលជួបពិភាក្សាជាមួយ អភិបាលខេត្ត Gansu ប្រទេសចិន ផ្តោតលើកិច្ច សហការផ្នែកទេសចរណ៍ និងតភ្ជាប់ជើងហោះហើរត្រង់ពី Gansu មកកម្ពុជា


នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៧ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា ក្នុងនាមភ្ញៀវកិត្តិយសក្នុងពិធីបុណ្យ 7th Dunhuang Tour on Silk Road International Tourism Festival បានដឹកនាំប្រតិភូនៃប្រទេសក្នុងតំបន់វិថីសូត្រ ចូលជួបសម្តែងការគួរសមជាមួយ លោក Lin Duo លេខាបក្សខេត្ត Gansu ដោយមានការចូលរួមពី តំណាង CNTA (រដ្ឋបាលទេសចរណ៍ជាតិរបស់ចិន) និងអង្គការ UNWTO។

នាឱកាសនោះផងដែរ ឯកឧត្តម ក៏បានចូលរួមពិធីជប់លៀងផ្សព្វផ្សាយទេសចរណ៍ផ្លូវសូត្រ ដោយក្នុងនោះមានការសម្តែងរបាំអប្សរា ដោយក្រុមសិល្ប:កម្ពុជាផងដែរ។ បន្ទាប់ពីនោះឯកឧត្តម រដ្ឋមន្រ្តីក៏បានជួបពិភាក្សាទ្វេភាគីជាមួយ លោក Tang Renjian អភិបាលខេត្ត Gansu ដោយផ្តោតលើការជម្រុញកិច្ច សហការផ្នែកទេសចរណ៍ និងការតភ្ជាប់ជើងហោះហើរត្រង់ពី Gansu មកកម្ពុជា។

សូមបញ្ជាក់ផងដែរថា ក្នុងរយ:ពេល៤ខែ ដើមឆ្នាំ២០១៧នេះ កម្ពុជាទទួលបានទេសចរអន្តរជាតិចំនួន ១.៩ លាននាក់ ក្នុងកំណើន១២% ក្នុងនោះទេសចរចិន មានចំនួនជាង ៣៦ម៉ឺននាក់ ក្នុងកំណើន ៣១.៣% ឈរលំដាប់ទី១ នៃទីផ្សារធំៗទាំង១០៕