ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ជួបពិភាក្សាការងារជាមួយនាយកគ្រប់គ្រងធនាគារពិភពលោក


នៅថ្ងៃទី២០ ខែមិថុនាឆ្នាំ ២០១៧ នៅទីស្ដីការក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានជួបពិភាក្សាការងារជាមួយលោកស្រី Almud Weitz នាយកគ្រប់គ្រងធនាគារពិភពលោក ដើម្បីពិភាក្សាអំពីបញ្ហាអាទិភាពទាក់ទងនឹងការអភិវឌ្ឍវិស័យដឹកជញ្ជូនរបស់កម្ពុជានិងបញ្ហាពាក់ព័ន្ធនឹងស្ថាន ភាពបច្ចុប្បន្ននៃការផ្ដល់ហិរញ្ញប្បទានរបស់ធនាគារពិភពលោក និងគម្រោងនានា របស់ក្រសួងសាធារណការ និងដឹកជញ្ជូននាពេលអនាគត។
ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ធនាគារពិភពលោកដែលបាន សហការក្នុងភាពជាដៃគូជាមួយអង្គការJICA ក្នុងការអភិវឌ្ឍផែនការមេភស្ដុភារកម្មជាតិរបស់កម្ពុជា។
ជាមួយគ្នានេះផងដែរ ឯកឧត្តមទេសរដ្ឋមន្ត្រីបានស្នើឱ្យធនាគារពិភពលោកសិក្សាលើការដឹកជញ្ជូនអ្នកដំណើរតាមផ្លូវទឹកនៅកម្ពុជាដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀត ដែលអាចផ្តល់អត្ថប្រយោជន៍ដល់កម្ពុជាផងដែរ។