វិស័យរងផលប៉ះពាល់ខ្លាំងដោយវិបត្តិកូវីដ១៩ នឹងបន្តទទួលបានការអនុគ្រោះពន្ធ រហូតដល់ដំណាច់ខែមិថុនា ឆ្នាំ២០២២


ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានបញ្ជាក់ថា ដោយមើលឃើញការលំបាករបស់ម្ចាស់អាជីវកម្ម ក្នុងវិស័យដែលរងផលប៉ះពាល់ខ្លាំង ដោយសារជំងឺកូវីដ១៩ បើទោះបីបើកដំណើរការ សេដ្ឋកិច្ចឡើងវិញក្តី ក៏រាជរដ្ឋាភិបាលមិនទាន់យកពន្ធ លើអាជីវកម្មទាំងនោះភ្លាមៗដែរ គឺបន្តផ្តល់ការអនុគ្រោះពន្ធ រយៈពេល៦ខែថែមទៀត ក្នុងឆ្នាំ២០២២ខាងមុខ។

វិស័យដែលរងគ្រោះខ្លាំងដោយសារវិបត្តិជំងឺកូវីដ១៩ រួមមានវិស័យទេសចរណ៍ វិស័យអាកាសចរណ៍ រួមទាំងវិស័យដែលរងផលប៉ះពាល់ផ្សេងៗទៀត។

ថ្លែងប្រាប់អ្នកយកព័ត៌មាននាពេលថ្មីៗនេះ ឯកឧត្តម គង់ វិបុល បានបញ្ជាក់យ៉ាងដូច្នេះថា «ទោះបីបើកដំណើរការសេដ្ឋកិច្ចឡើងវិញក៏ដោយ រដ្ឋាភិបាលមិនទាន់យកពន្ធលើវិស័យដែលបានអនុគ្រោះនោះទេ។ ជុំទី៩ រាជរដ្ឋាភិបាលបន្តអនុគ្រោះពន្ធដល់វិស័យទេសចរណ៍ អាកាសចរណ៍ និងវិស័យពាក់ព័ន្ធផ្សេងទៀតរហូតដល់ដាច់ឆ្នាំ២០២១នេះ។ ប៉ុន្តែការសម្រេចមួយទៀត របស់គណៈកម្មការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានស្នើទៅសម្តេចតេជោ ខ្ញុំក៏បានចូលរួមប្រជុំដែរ គឺបានសម្រេចបន្តការលើកលែងពន្ធ លើវិស័យដែលប៉ះពាល់ខ្លាំងដោយសារកូវីដ១៩ ចំនួន៦ខែទៀត។ អីចឹងអ្នកដែលបានទទួលការលើកទឹកចិត្ត ឬក៏អនុគ្រោះពន្ធពីមុនមក ចាប់ពីឆ្នាំ២០២២ទៅ ៦ខែថែមទៀត គឺបានទទួលការអនុគ្រោះពន្ធដូចគ្នា»

ឯកឧត្តមបន្ថែមថា តាមក្បូនសេដ្ឋកិច្ច វិស័យដែលរងគ្រោះហើយចាប់ផ្តើមងើបឡើងវិញ គឺត្រូវផ្តល់បរិយាកាសល្អ ឲ្យងើបឡើងវិញស្រួលបួសសិន មិនត្រូវរឹតត្បិតខ្លាំងនោះទេ។

ឯកឧត្តមអគ្គនាយកពន្ធដារបានបញ្ជាក់ជាថ្មីថា រាជរដ្ឋាភិបាលកម្ពុជា មានមិនគោលនយោបាយបង្កើតពន្ធថ្មីនោះទេ ផ្ទុយទៅវិញមានតែសម្រួលលើកលែង និងអនុគ្រោះពន្ធដល់វិស័យអាទិភាពផ្សេងៗ ពិសេសវិស័យកសិកម្មជាដើម។ ជាមួយគ្នានេះ នៅឆ្នាំ២០២២ ខាងមុខច្បាប់ថវិកាជាតិ បានកំណត់ឲ្យពន្ធដារ ប្រមូលចំណូលពន្ធឲ្យលើសឆ្នាំ២០២១ ចំនួន២៥ភាគរយ។

សូមជម្រាបថា រយៈពេល១០ខែ ឆ្នាំ២០២១ ចំណូលពន្ធ-អាករ ដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលមានចំនួន ២ ៣១៥.៥៥ លានដុល្លារស្មើនឹង ១០៣.២៣% នៃច្បាប់ថវិកាឆ្នាំ២០២១៕