កិច្ចប្រជុំស្តីពីការផ្សព្វផ្សាយលទ្ធផលការងារជំរុញការបង្កើលេខាធិការដ្ឋាននិងតម្រង់ទិសលើទម្រង់របាយការណ៍របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង


កិច្ចប្រជុំស្តីពីការផ្សព្វផ្សាយលទ្ធផលការងារជំរុញការបង្កើនលេខាធិការដ្ឋាន និងតម្រង់ទិសលើទម្រង់របាយការណ៍ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង ត្រូវបានធ្វើឡើងកាលពីព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រោមអធិបតីភាពឯកឧត្តម រាជ សុភទ្ទ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្រ្តៃយ៍នៃលេខាធិការដ្ឋាន ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានីខេត្ត និង ឯកឧត្តម អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំងតំណាងឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត ព្រមទាំងមានការចូលរួមពីសំណាក់លោក លោកស្រីជាប្រធា អនុប្រធានមន្ទីរ ជុំវិញខេត្ត និង អាជ្ញាក្រុងស្រុកទាំង៨ របស់ខេត្តកំពង់ឆ្នាំង។

មានប្រសាសន៍នាឱកាសនោះ ឯកឧត្តម អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង បានគូសបញ្ជាក់ឱ្យដឹងថា ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំងនាពេលកន្លងមកនេះបានបំពេញបេសកកម្មរបស់ខ្លួនយ៉ាងយកចិត្តទុកដាក់ ចុះជាប់ជាមួយនិងមូលដ្ឋាន ដើម្បីតាមដានរាល់ការអនុវត្តតួនាទីភារកិច្ចរបស់អាជ្ញាធរនៅថ្នាក់មូលដ្ឋានលើកការផ្តល់សេវាជូនពលរដ្ឋ ដោយបានក្តាប់រាល់បញ្ហាប្រឈម ដែលបានកើតឡើងនៅក្នុងមូលដ្ឋាន តាមរយៈការនៃការធ្វើវេទិកាសាធារណៈរវាងប្រជាពលរដ្ឋនិងក្រុមការងារ។ ឯកឧត្តមបានបញ្ជាក់ទៀតថា ស្ថិតនៅក្នុងបរិបទនៃការរីករាលដាលជំងឺកូវីដ១៩ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំងនៅតែបានបន្តចុះមូលដ្ឋាន ដោយបានធ្វើការផ្សព្វផ្សាយអំពីវិធានការរបស់ក្រសួងសុខាភិបាល ដើម្បីបង្កើនការប្រុងប្រយ័ត្នជូនប្រជាពលរដ្ឋ។ ក្រៅពីនោះបានផ្តល់ជាជំនួយជួយដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយ សានស្ថានភាពនៃការរីករាលដាលនៃជំងឺកូវីដ-១៩។

ឯកឧត្តម រាជ សុភទ្ទ បានធ្វើការវាយតម្លៃចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង ដែលបានយកចិត្តទុកដាក់បំពេញភារកិច្ច ការងារដោយការទទួលខុសត្រូវ អនុវត្តបានតាមតួនាទីភារកិច្ច ដែលប្រមុខរាជរដ្ឋាភិបាលប្រគល់ជូន។ ឯកឧត្តមបានបញ្ជាក់ទៀតថា ក្រុមការងារដែលបង្កើតឡើងនេះ ដើម្បីអនុវត្ត សកម្មភាព ក្នុងការត្រួតពិនិត្យ និងគាំទ្រការអនុវត្ត កម្មវិធីនយោបាយនានា និងយុទ្ធសាស្ត្រ ចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលនៅតាមមូលដ្ឋាន ដែលខ្លួនទទួលបន្ទុក។ លើកកម្ពស់ការទទួលខុសត្រូវរបស់ក្រសួង ស្ថាប័ន ក៏ដូចជារដ្ឋបាលថ្នាក់ក្រោមជាតិក្នុងការបំពេញការងារតាមរយៈការត្រួតពិនិត្យ តាមដាន និង គាំទ្រការអនុវត្តកម្មវិធី គំរោង និងផែនការសកម្មភាពនានានៅតាមមូលដ្ឋាន។ សហការដោះស្រាយបញ្ហាប្រឈម និង ការលំបាកនានារបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ៕