អភិបាលខេត្ត សម្ពោធដាក់ឱ្យដំណើរការិយាល័យច្រកចេញ-ចូលតែមួយ របស់រដ្ឋបាលស្រុកល្វាឯម


នៅរសៀលថ្ងៃ៣រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃចន្ទ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានសម្ពោធដាក់ឱ្យដំណើរការអគារការិយាល័យច្រកចេញ-ចូលតែមួយ និងការិយា ល័យប្រជាពលរដ្ឋ របស់រដ្ឋបាលស្រុកល្វាឯម ខេត្តកណ្ដាល ដោយមានការចូលរួមពី លោក លោកស្រី អភិបាលរងខេត្ត អភិបាល អភិបាលរងស្រុក មន្ត្រីរាជការ ក្នុងស្រុកល្វាឯម ផងដែរ ។

ក្នុងពិធីនោះ ឯកឧត្តម គង់ សោភ័ណ្ឌ បានលើឡើងថា ការផ្តល់សេវារដ្ឋបាល និងការយកកម្រៃសេវារដ្ឋបាល ស្ថិតក្រោមដែនសមត្ថកិច្ច របស់រដ្ឋបាលក្រុង-ស្រុក ។ ចំពោះការផ្តល់សេវារដ្ឋបាល និងការយកកម្រៃសេវារដ្ឋបាលទាំងឡាយណា ដែលធ្វើឡើងក្រៅការិយាល័យច្រកចេញ-ចូលតែមួយ ត្រូវចាត់ទុកជាអំពើខុសច្បាប់។

ការផ្តល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋ តាមនីតិវិធីផ្តល់សេវារដ្ឋបាល តាមការិយាល័យច្រកចេញ-ចូលតែមួយ ហើយត្រូវប្រាកដថា គ្រប់ប្រភេទសេវាទាំអស់ ចូលតាមច្រក ចេញតាមច្រក មានន័យថា ទទួលពាក្យនៅច្រក និងការផ្តល់លទ្ធផលសម្រេច ជូនអ្នកស្នើសុំសេវាវិញក៏តាមច្រកដែរ។ ត្រូវចៀសវាងឱ្យបានដាច់ខាតនូវការផ្ដល់សេវាមួយចំនួន ដែលមានការយឺតយ៉ាវ ទាំងការផ្តល់សេវា ការបញ្ជូនតាមប្រព័ន្ធកុំព្យូទ័រ ហើយសេវាមួយចំនួនអនុវត្តនៅមិនទាន់បានត្រឹមត្រូវ តាមនីតិវិធីនៅឡើយ ។

ឯកឧត្តម បន្ថែមថា ការិយាល័យច្រកចេញ-ចូលតែមួយ គឺជាកន្លែងប្រមូលផ្ដុំប្រភេទសេវារដ្ឋបាល ឱ្យនៅកន្លែងតែមួយ ក្នុងគោលបំណងលើកកម្ពស់គុណភាព ប្រសិទ្ធភាព ប្រសិទ្ធផល តម្លាភាព និងគណនេយ្យភាព នៃការផ្តល់សេវារដ្ឋបាលនៅរដ្ឋបាលថ្នាក់ក្រោមជាតិ និងជាការបង្ខិតសេវារដ្ឋបាលឱ្យនៅជិតប្រជាពលរដ្ឋ ដើម្បីបង្កលក្ខណៈងាយស្រួល ក្នុងការផ្តល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋបានឆាប់រហ័ស ឆ្លើយតបទាន់ពេលវេលាទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ។

រដ្ឋបាលក្រុង-ស្រុក ត្រូវបន្តខិតខំបំពេញការងារតាមតួនាទី ភារកិច្ច បន្តទៀត ពិសេសការលើកម្ពស់គុណភាព តម្លាភាព និងគណនេយ្យភាព ការផ្តល់សេវារដ្ឋបាល សេវាសាធារណៈ និងអភិវឌ្ឍន៍មូលដ្ឋានឱ្យកាន់តែរីកចម្រើន ស្របតាមគោលការណ៍នៃការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ នៅរដ្ឋបាលថ្នាក់ក្រោមជាតិ ស្របតាមគោលនយោបាយកំណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល ដើម្បីរួមចំណែកពង្រឹងអភិបាលកិច្ចមូលដ្ឋាន និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ។

នៅក្នុងឱកាសនោះដែរ ឯកឧត្តម អភិបាលខេត្ត ក៏បានណែនាំដល់អាជ្ញាធរស្រុកល្វាឯម ត្រូវយកចិត្តទុកដាក់ពង្រឹងយន្តការគណៈបញ្ជាការឯកភាពរដ្ឋបាលគ្រប់លំដាប់ថ្នាក់ ដើម្បីរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពជូនប្រជាពលរដ្ឋ ។ កិច្ចការនេះត្រូវអនុវត្តន៍ជាប្រចាំដូចភ្លៀងរលឹម ពិសេសផ្តោតការយកចិត្តទុកដាក់អនុវត្តន៍នូវលក្ខណៈសម្បត្តិ ទាំង ៧ចំណុច នៃគោលនយោបាយ «ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព» ៕