កម្ពុជា-ឡាវ ឯកភាពបង្កើនការគ្រប់គ្រង និងត្រួតពិនិត្យតាមបណ្ដោយព្រំដែនក្នុងដែនសមត្ថកិច្ចរៀងៗខ្លួន និងបង្ក្រាបបទល្មើសឆ្លងដែនគ្រប់ប្រភេទ


កម្ពុជា-ឡាវ បានឯកភាពគ្នាបង្កើនការគ្រប់គ្រង និងត្រួតពិនិត្យតាមបណ្ដោយព្រំដែន ក្នុងដែនសមត្ថកិច្ចរៀងៗខ្លួន និងចាត់វិធានការទាន់ពេលវេលាក្នុងការទប់ស្កាត់ និងបង្ក្រាបបទល្មើសឆ្លងដែនគ្រប់ប្រភេទ ជាពិសេសការលួចឆ្លងដែនខុសច្បាប់ បទល្មើសព្រៃឈើ ការទន្ទ្រានកាប់ព្រៃធ្វើការដាំដុះ។ នេះបើយោងតាមការចុះផ្សាយលើផេកផ្លូវការរបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃ៣រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃចន្ទ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២១។

ការបង្ហាញជំហរបែបនេះ គឺធ្វើឡើងក្នុងឱកាសដែរសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាសហប្រធានដឹកនាំកិច្ចប្រជុំវាយតម្លៃ លទ្ធផលកិច្ចសហប្រតិបត្តិការឆ្នាំ២០២០-២០២១ និងចុះហត្ថលេខាលើកំណត់ហេតុស្តីពីកិច្ចសហប្រតិបត្តិការឆ្នាំ២០២២ ជាមួយ ឯកឧត្តម ឧត្តមសេនីយ៍ឯក វីល័យ ឡាខាំហ្វង រដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ តាមប្រព័ន្ធវីដេអូ។

ក្នុងជំនួបនោះ ភាគីទាំងពីរក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរខេត្តជាប់ព្រំដែន និងកងកម្លាំងអនុវត្តន៍ច្បាប់ នៃប្រទេសទាំងពីរដែលទោះបីស្ថិតក្នុងស្ថានភាពប្រឈមដ៏ស្មុគស្មាញ បង្កឡើងដោយជំងឺកូវីដ-១៩យ៉ាងណាក្តី ក៏នៅតែបន្តកិច្ចសហការជិតស្និទ្ធ ក្នុងការថែរក្សាបរិយាកាសសន្តិសុខតាមបន្ទាត់ព្រំដែន បានយ៉ាងល្អប្រសើរ ។ រួមចំណែកបង្កលក្ខខណ្ឌអំណោយផលដល់ការ ប្រកបជីវភាពរស់នៅរបស់ប្រជាជន និងការយកចិត្តទុកដាក់ខ្ពស់ ក្នុងកិច្ចសហការបង្ការ ទប់ស្កាត់ និងបង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ ជាពិសេសកិច្ចសហការដោះស្រាយបាតុភាពផ្សេងៗនៅតាមព្រំដែន ដោយឈរលើស្មារតីមិត្តភាព សាមគ្គីភាព និងការគោរពអធិបតេយ្យភាពគ្នាទៅវិញទៅមក។

ក្នុងស្មារតីបន្តពង្រឹង និងពង្រីកនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកាន់តែសកម្ម និងខ្លាំងក្លាថែមទៀត រវាងភាគីទាំងពីរនោះ សម្ដេចក្រឡាហោម ស ខេង និង ឯកឧត្តមឧត្តមសេនីយ៍ឯក វីល័យ ឡាខាំហ្វង បានចុះហត្ថលេខាលើកំណត់ហេតុ កិច្ចសហប្រតិបត្តិការសម្រាប់ឆ្នាំ២០២២ និងបានឯកភាពគ្នាបន្តបង្កើនការយកចិត្តទុកដាក់ លើការងារមួយចំនួន។

ការងារសំខាន់ៗទាំងនោះ រួមមាន៖ ការបង្កើន និងពង្រឹងបន្ថែមនូវយន្តការសហប្រតិ បត្តិការបង្ក្រាបសកម្មភាពជួញដូរគ្រឿងញៀនខុសច្បាប់ ព្រមទាំងពង្រីកវិសាលភាពការផ្លាស់ប្តូរព័ត៌មាន ដើម្បីបង្ការទប់ស្កាត់ និងបង្ក្រាបសកម្មភាពជួញដូរ ដឹកជញ្ជូនគ្រឿងញៀនខុសច្បាប់ ដែលកើតឡើងតាមបណ្ដោយព្រំដែន។

ភាគីទាំងពីរក៏បានឯកភាពបង្កើនការគ្រប់គ្រង និងត្រួតពិនិត្យតាមបណ្ដោយព្រំដែនក្នុងដែនសមត្ថកិច្ចរៀងៗខ្លួន និងចាត់វិធានការទាន់ពេលវេលាក្នុងការទប់ស្កាត់ និងបង្ក្រាបបទល្មើសឆ្លងដែនគ្រប់ប្រភេទ ជាពិសេសការលួចឆ្លងដែនខុសច្បាប់ បទល្មើសព្រៃឈើ ការទន្ទ្រានកាប់ព្រៃធ្វើការដាំដុះ និងការបរបាញ់សត្វដោយខុសច្បាប់ និងសកម្មភាពផ្សេងទៀតដែលផ្ទុយនឹងបទប្បញ្ញត្តិព្រំដែន៕