សម្ដេចតេជោ ហ៊ុន សែន៖ ព្រះមហាក្សត្រ និងព្រះមហាក្សត្រី ជាប្រភពលើកទឹកចិត្តដ៏ធំសម្រាប់រាជរដ្ឋាភិបាលក្នុងការប្រយុទ្ធនឹងជំងឺកូវីដ


សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរព្រះគុណចំពោះព្រះករុណាព្រះមហាក្សត្រ និងព្រះមហាក្សត្រី ដែលបានចូលរួមលើកទឹកចិត្តដ៏សំខាន់បំផុត ដល់រាជរដ្ឋាភិបាលក្នុងការប្រយុទ្ធនឹងជំងឺកូវីដ១៩ ថ្វីដ្បិតព្រះអង្គជាព្រះមហាក្សត្រមានព្រះរាជទ្រព្យតិចជាងមហាក្សត្រដទៃ ប៉ុន្តែព្រះអង្គទាំងទ្វេពិតជាមានទឹកព្រះទ័យ និងព្រះករុណាទិគុណធំធេងចំពោះសុខទុក្ខប្រជានុរាស្ត្រ។

ប្រសាសន៍របស់សម្ដេចតេជោដែលបានថ្លែងបែបនេះ គឺក្នុងឱកាសដែលសម្ដេចរួមជាមួយឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា លោក វ៉ាង វិនធាន (Wang Wentian) អញ្ជើញសម្ពោធ «ស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ» នាថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ ព្រមទាំងបើកការដ្ឋានសង់ផ្លូវជាតិលេខ «៧១C» ក្នុងពេលជាមួយគ្នានោះផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ព្រះករុណាព្រះមហាក្សត្រ និងព្រះមហាក្សត្រីព្រះមាតាជាតិខ្មែរ គឺជាប្រភពលើកទឹកចិត្តដ៏ធំសម្រាប់រាជរដ្ឋាភិបាល និងប្រជានុរាស្ត្រក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។

សម្ដេចតេជោបានថ្លែងយ៉ាងដូច្នេះថា «យុទ្ធនាការប្រឆាំងកូវីដ នាយករដ្ឋមន្ត្រីជាអគ្គបញ្ជាការ ប៉ុន្តែយើងមិនត្រូវភ្លេចជាមួយព្រះរាជតួនាទីដ៏សំខាន់របស់ព្រះមហាក្សត្រ និងសម្ដេចម៉ែរបស់យើងទេ ដែលព្រះអង្គគឺជាប្រភពនៃការលើកទឹកចិត្តដ៏ធំចំពោះរាជរដ្ឋាភិបាល ចំពោះប្រជាពលរដ្ឋរបស់យើង តាមរយៈព្រះរាជសកម្មភាពរបស់ព្រះអង្គ»

សម្ដេចតេជោ ហ៊ុន សែន បានបន្តទៀតថា ថ្វីដ្បិតព្រះអង្គជាព្រះមហាក្សត្រដែលមានព្រះរាជទ្រព្យតិចជាងមហាក្សត្រដទៃលើពិភពលោកក៏ពិតមែន ប៉ុន្តែព្រះអង្គទាំងទ្វេពិតជាមានទឹកព្រះទ័យ និងព្រះករុណាទិគុណទុកដាក់ចំពោះសុខទុក្ខរបស់ប្រជារាស្ត្រជារឿយៗ តាមរយៈការព្រួយបារម្ភចំពោះសុខទុក្ខ ប្រជានុរាស្ត្ររបស់ទ្រង់ និងព្រះរាជូបត្ថម្ភនូវព្រះរាជទ្រព្យជូនដល់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល កាកក្របាទក្រហម ដើម្បីប្រើប្រាស់ក្នុងការងារប្រយុទ្ធជាមួយជំងឺកូវីដ១៩ ក៏ដូចជាការប្រទានដោយផ្ទាល់ជូនប្រជានុរាស្ត្រដែលជួបនូវការខ្វះខាតនៅតាមមូលដ្ឋានផងដែរ។

សម្ដេចបានថ្លែងបន្តយ៉ាងដូច្នេះថា «លុយកាក់មានបន្តិចបន្តួច ព្រះអង្គផ្ទេរឱ្យរាជរដ្ឋាភិបាល ឱ្យក្រសួងសុខាភិបាល ដើម្បីទិញមន្ទីរពេទ្យ ទិញវ៉ាក់សាំង និងជួយប្រជានុរាស្ត្រ នេះជាប្រភពលើកទឹកចិត្តធំណាស់»

បន្ថែមលើសពីនេះ ប្រជាពលរដ្ឋដែលមានជីវភាពរីកចម្រើននៅក្នុងប្រទេស ដូចជា អ្នកឧកញ៉ា លោកឧកញ៉ា ក៏ដូចជាថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ និងសប្បុរសជននានា ក៏បានចូលរួមក្នុងការទិញវ៉ាក់សាំងបង្ការមេរោគកូវីដ១៩ និងបានចូលរួមប្រយុទ្ធជាមួយជំងឺដ៏កាចសាហាវនេះយ៉ាងសស្រាក់សស្រាំផងដែរ។

ជាមួយនឹងការថ្លែងអំណរព្រះគុណចំពោះព្រះករុណាព្រះមហាក្សត្រ និងព្រះមហាក្សត្រី និងការអរគុណចំពោះជនរួមជាតិផងនោះ សម្ដេចតេជោនាយករដ្ឋមន្ត្រីបានចាត់ទុកព្រះរាជសកម្មភាព និងសកម្មភាពចូលរួមនេះថាជាចលនាជាតិមួយដ៏ធំក្នុងការដោះស្រាយវិបត្តិកូវីដ១៩នៅកម្ពុជា៕