នាព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៧ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានអញ្ជើញចូលរួមក្នុងពិធីបើកកិច្ចប្រជុំបច្ចេកទេសលើកទី២៨ នៃគណ:កម្មាធិការអន្តរជាតិ ដើម្បីសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍ប្រវត្តិសាស្ត្រអង្គរ (ICC-Angkor) នៅខេត្តសៀមរាប។ ឯកឧត្តមរដ្ឋមន្រ្តី បានជម្រាបជូនអង្គប្រជុំអំពីវឌ្ឍនភាពនៃកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងបរិស្ថាន លើកិច្ចគាំពារបរិស្ថាន ការអភិរក្សជីវ:ចម្រុះ និងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តមភ្នំគូលែន។ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីការបញ្ចប់សម្បទានដីកសិ-ទេសចរណ៍ពីក្រុមហ៊ុននគរគោកធ្លក ការកំណត់អត្តសញ្ញាណគ្រួសារកងទ័ពនិងជនចំណាកស្រុកដើម្បីរកទីតាំងថ្មីសម្រាប់ផ្លាស់ប្តូរទីតាំងលំនៅដ្ឋាន ការសម្រេចរបស់រាជរដ្ឋាភិបាលក្នុងការកែលម្អនិងកសាងផ្លូវចុះចាប់ពីព្រះអង្គធំដល់ទីប្រជុំជននៃឃុំស្វាយលើ ការដាំដុះកូនឈើចំនួនប្រមាណជិត ២សែនដើមនិងការចាត់វិធានការទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិគ្រប់ប្រភេទក្នុងឱទ្យានជាតិ និងការកែលម្អជីវភាពសហគមន៍មូលដ្ឋានតាមរយ:ការបង្កើតជម្រើសមុខរបរថ្មីៗ រួមទាំងសកម្មភាពទេសចរធម្មជាតិ។ ឯកឧត្តមរដ្ឋក៏បានជម្រាបអំពីវឌ្ឍនភាពនៃការរៀបចំផែនការគ្រប់គ្រងឧទ្យានជាតិដែលអាចដាក់ជូនកិច្ចប្រជុំពេញអង្គរបស់ ICC-Angkor នាចុងឆ្នាំ២០១៧នេះ។