ឯកឧត្តម សាយ សំអាល់ អញ្ជើញចូលរួមក្នុងពិធីបើកកិច្ចប្រជុំបច្ចេកទេសលើកទី២៨ នៃគណ:កម្មាធិការអន្តរជាតិ


នាព្រឹកថ្ងៃទី២១​ ខែមិថុនា​ ឆ្នាំ២០១៧​ ឯកឧត្តម​ សាយ​ សំអាល់​ រដ្ឋមន្រ្តីក្រសួងបរិស្ថាន​ បានអញ្ជើញចូលរួមក្នុងពិធីបើកកិច្ចប្រជុំបច្ចេកទេស​លើកទី២៨​ នៃគណ:កម្មាធិការអន្តរជាតិ​ ដើម្បីសម្របសម្រួលកិច្ចគាំពារ​ និងអភិវឌ្ឍន៍ប្រវត្តិសាស្ត្រអង្គរ​ (ICC-Angkor)​ នៅខេត្តសៀមរាប។​ ឯកឧត្តមរដ្ឋមន្រ្តី​ បានជម្រាបជូនអង្គប្រជុំអំពីវឌ្ឍនភាពនៃកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងបរិស្ថាន​ លើកិច្ចគាំពារបរិស្ថាន​ ការអភិរក្សជីវ:ចម្រុះ​ និងការគ្រប់គ្រងធនធានធម្មជាតិ​ នៅក្នុងឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តមភ្នំគូលែន​។​ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីការបញ្ចប់សម្បទានដីកសិ-ទេសចរណ៍ពីក្រុមហ៊ុននគរគោកធ្លក ការកំណត់អត្តសញ្ញាណគ្រួសារកងទ័ពនិងជនចំណាកស្រុក​ដើម្បីរកទីតាំងថ្មីសម្រាប់ផ្លាស់ប្តូរទីតាំងលំនៅដ្ឋាន ការសម្រេចរបស់រាជរដ្ឋាភិបាលក្នុងការកែលម្អនិងកសាងផ្លូវចុះចាប់ពីព្រះអង្គធំដល់ទីប្រជុំជននៃឃុំស្វាយលើ ការដាំដុះកូនឈើចំនួន​ប្រមាណជិត ២សែនដើម​​និងការចាត់វិធានការទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិគ្រប់ប្រភេទក្នុងឱទ្យានជាតិ​ និងការកែលម្អជីវភាពសហគមន៍មូលដ្ឋានតាមរយ:ការបង្កើតជម្រើសមុខរបរថ្មីៗ​ រួមទាំងសកម្មភាពទេសចរធម្មជាតិ។​ ឯកឧត្តមរដ្ឋក៏បានជម្រាបអំពីវឌ្ឍនភាពនៃការរៀបចំផែនការគ្រប់គ្រងឧទ្យានជាតិដែលអាចដាក់ជូនកិច្ចប្រជុំពេញអង្គរបស់​ ICC-Angkor នាចុងឆ្នាំ២០១៧នេះ។