សៀវភៅ ដ៏រសើប អ្នកយុទ្ធសាស្រ្តវ័យក្មេងនៅអាស៊ីភាគទី១ ត្រូវបានបោះពុម្ព និងផ្សព្វផ្សាយជាផ្លូវការ


សៀវភៅ (អ្នកយុទ្ធសាស្រ្តវ័យក្មេងនៅអាស៊ី) ភាគ១ ស្តីពីដំណើរស្វែងរកសន្តិភាពរបស់សម្តេច ហ៊ុន សែន ពីអំឡុងឆ្នាំ១៩៨៧ដល់ឆ្នាំ១៩៩៣ដែលគេទន្ទឹងរង់ចាំអានយ៉ាងអន្ទះសាអស់រយៈពេលជាច្រើនខែមកនោះ ត្រូវបានបោះពុម្ពផ្សាយជា សាធារណៈជាស្ថាពរហើយ កាលពីថ្ងៃទី២៧ ខែវិច្ឆិកាឆ្នាំ២០១។ នេះបើតាមការ អះ អាងរបស់ ឯកឧត្តម ពៅ សុខ ទីប្រឹក្សាផ្ទាល់ សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និង ជា អ្នករៀបរៀងសៀវភៅនេះ។

ឯកឧត្តម បានបន្តឱ្យដឹងទៀតថា សៀវភៅនេះគឺជាសៀវភៅដ៏រសើបសម្រាប់ឯកឧត្តមជាអ្នករៀបរៀង ព្រោះថា ប្រសិនបើអ្នកនយោបាយ ឬមិត្តអ្នកអានមិនបានយល់អំពីគោលការណ៍នៃការបោះពុម្ពហើយយកទៅបកស្រាយ បំភ្លៃ ឬវិនិច្ឆ័យខុស នឹងនាំទៅដល់ការយល់ខុសរបស់អ្នកស្តាប់ ទាំងឡាយ ហើយនាំទៅដល់ហានិភ័យ សម្រាប់ ឯកឧត្តមផ្ទាល់ ព្រោះក្នុងដំណើរនៃការចរចាស្វែងរកសន្តិភាព មានចំណុចនិងពាក្យពេចន៍ខ្លះគ្រោតគ្រាត និងគួរជាទីមោទនៈសម្រាប់មេដឹកនាំកំពូលពីរអង្គនាក់ ដែលជាតួអង្គដ៏សំខាន់ក្នុងរឿងនេះ គឺសម្តេចព្រះនរោត្តម សីហនុ ព្រះបរម រតនកោដ្ឋ និងសម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន។ប៉ុន្តែ ឯកឧត្តម បញ្ជាក់ថា ក្រៅពីរឿងដ៏រសើប សៀវភៅ (អ្នកយុទ្ធសាស្រ្តវ័យក្មេងនៅអាស៊ី)នេះ ក៏ជាមេរៀន ជាយុទ្ធសាស្រ្ត ជាសារអប់រំដ៏ល្អ សម្រាប់អ្នកនយោបាយ សម្រាប់មនុស្សជំនាន់ក្រោយ ឬមនុស្សគ្រប់ជំនាន់តទៅមុខទៀត យកជាគំរូតាមក្នុងការអនុវត្តដើម្បីបញ្ចៀសការបែក បាក់ជាតិ និងដើម្បីរម្លត់ ដើម្បីបញ្ចប់សង្រ្គាម ដើម្បី បង្រួបបង្រួមផ្សះផ្សារជាតិ ដើម្បីសន្តិភាពនៅកម្ពុជាទាំងមូល។

ឯកឧត្តមទីប្រឹក្សា បានអះអាងទៀតថា ទោះបីសៀវភៅនេះមើលទៅជាសៀវភៅដ៏រសើបសម្រាប់ឯកឧត្តម ប៉ុន្តែគោលបំណងនៃការបោះពុម្ពផ្សព្វផ្សាយរបស់ឯកឧត្តមមានតែមួយគត់គឺការរក្សា និងតម្កល់ទុកជាប្រវត្តិសាស្រ្តនូវកេរដំណែល នូវមរតក ដ៏អស្ចារ្យរបស់មហាវីរបុរសស្នេហាជាតិខ្មែរ គឺសម្តេចតេជោហ៊ុន សែន ដែលបានលះបង់ ទាំង ពេលវេលា និង កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ដើម្បីជាតិ និងប្រជាជនកម្ពុជាផងដែរ ព្រោះសម្តេចហ៊ុន សែន និង គណបក្សប្រជាជនកម្ពុជាគឺជាអ្នកសង្រ្គោះជីវិតប្រជាជនទូទាំងប្រទេស ជាអ្នករំដោះសិទ្ធិសេរីភាពប្រជាជនពីរបបស្រេកឈាម ប្រល័យពូជសាសន៍ ប៉ុល ពត ជាអ្នកសង្រ្គោះរបបរាជានិយមដែលរបបសាធារណរដ្ឋខ្មែររបស់ លោក លន់ នល់ និងរបបកម្ពុជាប្រជាធិបតេយ្យរបស់ ប៉ុល ពត បានរំលាយចោលអស់ពេលជាង២០ឆ្នាំមកហើយ ឱ្យរស់ឡើងវិញរហូតសព្វថ្ងៃ។ សម្តេច ហ៊ុន សែន និងគណបក្ស ប្រជាជនគឺជាអ្នកសង្រ្គោះ ឬ ប្រោះអ្វីៗគ្រប់យ៉ាង សូម្បីលទ្ធិប្រជាធិបតេយ្យឱ្យមានជីវិត និង ស្រស់បំព្រងឡើងវិញ។ មានន័យថា គ្មានសម្តេចហ៊ុន សែន គ្មានគណបក្សប្រជាជនកម្ពុជាគឺគ្មានសន្តិភាព ហើយប្រសិនបើគ្មានសន្តិភាព កុំនិយាយឡើយពីលទ្ធិប្រជាធិបតេយ្យ បើគ្មានសន្តិភាព កុំនិយាយឡើយពីសិទ្ធិសេរីភាព បើគ្មានសន្តិភាព កុំនិយាយឡើយពីការអភិវឌ្ឍ បើគ្មានសន្តិភាព កុំនិ យាយឡើយ ពីអ្វីៗគ្រប់យ៉ាង។

ទោះជាយ៉ាងណា ឯកឧត្តម មិនភ្លេចឡើយការថ្លែងអំណរគុណ ជាអនេកដល់ឯកឧត្តម កែវ បាភ្នំ ដែលបានផ្តល់ឯកសារដ៏មានសារៈសំខាន់នេះដល់ឯកឧត្តម និងបណ្តាបងប្អូន មិត្តភក្តិ មិត្តអ្នកអាន ពីគ្រប់មជ្ឈដ្ឋានទាំងអស់ដែលបានគាំទ្រ និងលើកទឹកចិត្ត ជាពិសេសគឺថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន កាកបាទក្រហមកម្ពុជាដែលបាន ឧបត្ថម្ភ និងផ្តល់ឱកាសឱ្យឯកឧត្តមបានរៀបរៀង និងបោះពុម្ពសៀវភៅដ៏មានតម្លៃជាប្រវត្តិសាស្រ្តនេះឡើង។

ឯកឧត្តមអះអាងជាចុងក្រោយថា សៀវភៅ(អ្នកយុទ្ធសាស្រ្តវ័យក្មេងនៅអាស៊ី)នេះ នឹងមានលក់នៅតាមបណ្តាបណ្ណាគារ ក្នុងរាជធានីភ្នំពេញ និងសម្រាប់ចែកជូនជាធម្មទាន ដោយឥតគិតថ្លៃដល់បណ្តាព្រះសង្ឃ សិស្ស និស្សិត និងមហាជន ដទៃទៀត ដែលស្រលាញ់ការអាន ការស្រាវជ្រាវ ហើយមិនមានលទ្ធភាពក្នុងការជាវសៀវភៅនេះ យកទៅអានជាដើម៕