ពិធីសម្ពោធដាក់ឱ្យដំណើរការ មណ្ឌលកម្សាន្តឆ្នេរសមុទ្រ


រសៀលថ្ងៃ៩រោ ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃអាទិត្យ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញសម្ពោធដាក់ឱ្យដំណើរការ មណ្ឌលកម្សាន្តឆ្នេរសមុទ្រ មានទីតាំងនៅឆ្នេរអូរត្រេះ ស្ថិតក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម អ្នកឧកញ៉ា កុក អាន ឯកឧត្តម អ្នកឧកញ៉ា លី យ៉ុងផាត់ សមាជិកព្រឹទ្ធសភា អភិបាលរងខេត្ត ប្រធានមន្ទីរ អង្គភាពក្នុងខេត្ត និងភ្ញៀវជាតិ និងបរទេស ជាច្រើននាក់។

លោក ហេង តុង ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ហ្គោលដិន សាន់ស្តាយ អេនធើធេនម៉ិន មានប្រសាសន៍ថា ការបើកសម្ពោធមណ្ឌលកម្សាន្តឆ្នេរសមុទ្រថ្ងៃនេះ ផ្ដោតសំខាន់លើការលំហែកាយ កម្សាន្តលក្ខណៈស៊ីវិល័យ កន្លែងមើលទេសភាពដ៏ល្អឥតខ្ចោះ ចំណតកប៉ាល់ និងឧទ្ធម្ភាចក្រ រួមទាំងភោជនីយដ្ឋាន កន្លែងកម្សាន្ត បន្ទប់សម្រាក និងសណ្ឋាគារលំដាប់ខ្ពស់ ។ មណ្ឌលកម្សាន្តឆ្នេរសមុទ្រ ជាផ្នែកមួយបន្ថែមនៃគម្រោងរបស់ ហាយ ហ្គ្រេន ហូថេល និងក្រុមហ៊ុន ហ្គោលដិន សាន់ស្កាយ ជាការចាប់ផ្ដើមបោះជំហានយ៉ាងម៉ឺងម៉ាត់ដោយមានការ បើកចំហរង់ចាំការសាងសង់គម្រោង ហាយ ហ្គ្រេន ហូថេល និងគម្រោងក្រុមហ៊ុន ហ្គោលដិន សាន់ស្កាយ បញ្ចប់សព្វគ្រប់ នឹងក្លាយជាចំណុចចុះឈ្មោះភ្ញៀវទេសចរពេញនិយម ក៏ដូចជាអត្តសញ្ញាណទីក្រុងនៃខេត្តព្រះសីហនុ រួមចំណែកដល់ការអភិវឌ្ឍទេសចរណ៍ខេត្តព្រះសីហនុផងដែរ។

លោក ហេង តុង បានបន្តថា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចអគ្គមហាសេនាប តីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ធ្វើឱ្យសេដ្ឋកិច្ចកម្ពុជាមានការ អភិវឌ្ឍន៍យ៉ាងឆាប់រហ័ស និងជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានការរីកចម្រើនលឿនជាងគេនៅអាស៊ី។ ពេលនេះគឺជាខួបលើកទី៣០ឆ្នាំ នៃការបង្កើតទំនាក់ទំនងជំនួបកិច្ចសន្ទនាអាស៊ាន ក្រោមគម្រោងកិច្ចសហប្រតិបត្តិការដ៏ត្រចះត្រចង់ ” ខ្សែក្រវាត់មួយ ផ្លូវមួយ ” ក្រុមហ៊ុននឹងបន្តលើកកម្ពស់វិស័យឧស្សាហកម្ម រួមទាំងពន្លឿនគម្រោងសាងសង់ពង្រីកវិស័យថ្មីៗទៀត និងបង្កើតជាឧស្សាហកម្មដែលមានការតភ្ជាប់គ្នា ជាកន្លែងពោរពេញសម្រាប់អាជីវកម្ម និងការអភិវឌ្ឍ ក្រោយបញ្ចប់នៃជំងឺកូវីដ-១៩ ។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ អបអរសាទរការបើកសម្ពោធ មណ្ឌលកម្សាន្តឆ្នេរសមុទ្រ បង្ហាញពីសកម្មភាពថ្មី នៃការបើកសេដ្ឋកិច្ចនៅកម្ពុជា។ នេះជាការចាប់ផ្ដើមដំបូងនៃការបើកដំណើរការសេដ្ឋកិច្ចនៅក្នុងខេត្តព្រះសីហនុ ជាពេលវេលាដ៏សមស្របបំផុត។ រាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការនានា ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ- ១៩ ទទួលបានជោគជ័យ ពិសេសការបើកយុទ្ធនាការចាក់វ៉ាក់សាំង។ ក្នុងនាមរដ្ឋបាលខេត្ត សូមអបអរសាទរ ជូនពរជ័យចំពោះមណ្ឌលកម្សាន្តឆ្នេរសមុទ្រ ឱ្យទទួលបានជោគជ័យធំធេងជារៀងរហូត ឆ្លើយតបទៅនឹងគោលនយោបាយ យុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល ការវិនិយោគបានផ្ដល់ឱកាសការងារដល់ប្រជាជន និងយុវជនកម្ពុជារបស់យើងយ៉ាងច្រើនសន្ធឹកសន្ធាប់ធ្វើឱ្យពួកគេមានឱកាសទទួលបានប្រាក់ចំណូល រួមចំណែកជំរុញកំណើនសេដ្ឋកិច្ចនៅក្នុងខេត្តព្រះសីហនុ ក៏ដូចជានៅព្រះរាជាណាចក្រកម្ពុជា ។ រយៈពេលពីរឆ្នាំកន្លងមកនេះ ជំងឺកូវីដ-១៩ បានធ្វើឱ្យសកម្មភាពសេដ្ឋកិច្ច វិស័យឯកជន និងរដ្ឋមានផលប៉ះពាល់យ៉ាងច្រើន បណ្ដាក្រុមហ៊ុនឯកជនមួយចំនួនឈានទៅបិទទ្វារ ឬផ្អាកសកម្មភាព ។ ប៉ុន្តែក្រុមហ៊ុន ហ្គោលដិន សាន់ស្កាយ នៅតែបន្តសកម្មភាព នៃការវិនិយោគអភិវឌ្ឍន៍ ការសាងសង់ដំណើរការមកដល់ពេលនេះ ។ យើងខ្ញុំពិតជាកោតសរសើរ លើកទឹកចិត្តឱ្យក្រុមហ៊ុន និងបណ្ដាក្រុមហ៊ុនផ្សេងៗទៀត បន្តជំរុញសកម្មភាពរបស់ខ្លួនថ្មីៗបន្ថែមទៀត ឱ្យបានជោគជ័យគ្រប់គ្នា។ រាជរដ្ឋាភិបាលបានលើកទឹកចិត្ត ដោយចាប់ផ្ដើមបើកដំណើរការសកម្មភាពសេដ្ឋកិច្ច និងសង្គមដោយការប្រុងប្រយ័ត្នព្រមៗគ្នា សម្រាប់ខេត្តព្រះសីហនុរបស់យើង ការអនុវត្តគោលនយោបាយ ” ផ្លូវមួយ ខ្សែក្រវាត់មួយ ” របស់សាធារណរដ្ឋប្រជាមានិតចិន និងការអនុវត្តយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល ពិតជាបានរួម ចំ ណែកកែលម្អសោភ័ណភាពទីក្រុង និងផ្លូវថ្នល់ជាច្រើនក្នុងក្រុងខេត្តព្រះសីហនុ ។

ឯកឧត្តម អភិបាលខេត្ត បានបន្តថា រាជរដ្ឋាភិបាលបានសម្រេចបង្កើតក្រុមប្រឹក្សាសម្រាប់រៀបចំផែនការមេ ការអភិវឌ្ឍខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ក្រុមប្រឹក្សានេះ មានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធានក្រុមប្រឹក្សាភិបាល ក្នុងនោះក៏បានបង្កើតអនុគណៈកម្មការអន្តរក្រសួងចំនួន២ គឺ ទី១-អនុគណ:កម្មការសម្រប សម្រួលរៀបចំផែនការមេអភិវឌ្ឍខេត្តព្រះសីហនុ ឱ្យទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ដឹកនាំដោយឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រយៈពេលកន្លងមកបានចុះកិច្ចព្រមព្រៀងជាមួយទីក្រុង សិនជិន (ប្រទេសចិន) ដើម្បីសហការរៀបចំផែនការមេ ជាមួយនឹងខេត្តព្រះសីហនុ កំពុងដំណើរការយ៉ាងសស្រាក់សស្រាំ ។ នៅឆ្នាំខាងមុខយើងនឹងមានផែនការជាក់លាក់ ស្តីពីការអភិវឌ្ឍខេត្តព្រះសីហនុប្រកបដោយចីរភាព បរិស្ថាន និងរស់នៅដោយសុខសាន្ត។ ទី២-អនុគណៈកម្មការរៀបចំផែនការប្រើប្រាស់ និងគ្រប់គ្រងដីធ្លីអភិវឌ្ឍន៍ខេត្តព្រះសីហនុ ដឹកនាំដោយឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អនុគណៈកម្មការមួយនេះ កំពុងសិក្សាអំពីការប្រើប្រាស់ដីធ្លីប្រកបដោយចីរភាព និរន្តរភាព និងផាសុកភាពសម្រាប់ការរស់នៅ ។ ការតម្រង់ទិសការប្រើប្រាស់ដីធ្លី ជំរុញសក្តានុពលទេសចរណ៍ ពាណិជ្ជកម្ម ឧស្សាហកម្ម និងតំបន់បច្ចេកវិទ្យា ឆ្លើយតបគោល ដៅជំរុញការអភិវឌ្ឍខេត្ត។ សម្តេចតេជោ បានផ្តល់កញ្ចប់ថវិកាធ្វើការអភិវឌ្ឍក្រុងខេត្តព្រះសីហនុ កសាងហេដ្ឋារចនាសម្ព័ ន្ធផ្លូវថ្នល់ ភ្លើងបំភ្លឺសាធារណៈ ភ្លើងស្តុប កាំម៉ារ៉ាសុវត្ថិភាព ផ្លូវថ្មើរជើង និង លំហរឆ្នេរសមុទ្រ បន្ទប់ទឹកសាធារណៈ ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ ។ ផ្តល់ឱកាសដល់ការវិនិយោគកាន់តែមានភាពងាយស្រួល និងទាក់ទាញ ។ រាជរដ្ឋាភិបាលបានជំរុញការវិនិយោគកំពង់ផែទឹកជ្រៅ ដោយសហការជាមួយរដ្ឋាភិបាលជប៉ុន ពង្រីកកំពង់ផែឱ្យមានសមត្ថភាពទទួលនាវាដែលមានជម្រៅទឹក ១៤,៥០ម៉ែត្រ ចូលចតបាន។ ខេត្តមានព្រលានយន្តហោះ កសាងផ្លូវរត់មានរហូតដល់ ៣ ៣០០ម៉ែត្រ វែងជាងគេនៅកម្ពុជា មានសមត្ថបភាពឱ្យយន្តហោះធុនធំ(ពីរជាន់)ចុះចតបាន។ កសាងផ្លូវល្បឿនលៀនពីរាជធានីភ្នំពេញ មកខេត្តព្រះសីហនុ បានបើកការដ្ឋានកាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២០ រហូតមកដល់ពេលនេះសម្រេចបានជាង ៧០ភាគរយ ដែលត្រូវបញ្ចប់នៅខែតុលា ឆ្នាំ២០២២ខាងមុខនេះ ជាសក្តានុពលផ្តល់ឱកាសឱ្យអ្នកវិនិយោគ ភ្ញៀវទេសចរ បន្តការចាប់អារម្មណ៍មកវិនិយោគនៅខេត្តព្រះសីហនុ បន្តទៀត ៕