អ្នកធាក់ស៊ីក្លូក្នុងរាជធានីភ្នំពេញចំនួន ៣០០នាក់ ទទួលបានអំណោយសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន


អ្នកធាក់ស៊ីក្លូក្នុងរាជធានីភ្នំពេញចំនួន៣០០នាក់ ទទួលបានអំណោយពីសម្តេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធាន កិតិ្តយសមូលនិធិត្រីចក្រយានកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រួមមាន អាវរងា ភួយ ក្រមា និងថវិកាមួយចំនួន។ ការផ្តល់អំណោយនេះបានធ្វើឡើងនាថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ នៅសាលារាជធានីភ្នំពេញ ក្រោមវត្តមាន ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានក្រុមប្រឹក្សាភិបាលមូលនិធិត្រីចក្រ យានកម្ពុជា និងលោកជំទាវ។

ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍ថា កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ខណៈដែល សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តី អញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធដាក់ឱ្យប្រើ ប្រាស់ស្ពានស្ទឹងត្រង់ សម្ដេចបានណែនាំឱ្យអាជ្ញាធររាជធានី ខេត្តទាំង ២៥ យកចិត្ត ទុកដាក់ចំពោះមនុស្សចាស់ ព្រោះនៅពេលដ៏ខ្លីខាងមុខនេះអាកាសធាតុនឹងចុះត្រជាក់ខ្លាំង។

ដោយអនុវត្តន៍តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី រដ្ឋបាល រាជធានីភ្នំពេញ និងក្នុងនាមជាប្រធានក្រុមប្រឹក្សាភិបាលមូលនិធិត្រីចក្រយានកម្ពុជា បានផ្ដល់ ជូនដល់បងប្អូនអ្នកធាក់ស៊ីក្លូក្នុងម្នាក់ៗទទួលបាន អាវរងា ក្រមា ភួយ និងថវិកាចំនួន ៥ម៉ឺនរៀល។ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញក៏បានបញ្ជាក់ថា សម្តេចតេជោ តែងតែឈរលើជួរមុខជានិច្ច ចំពោះសុខុមាលភាពរបស់បងប្អូនប្រជាពលរដ្ឋ មិនថាក្មេង ឬមនុស្សចាស់ឡើយ។

ក្នុងឱកាសនោះ ឯកឧត្តម ឃួង ស្រេង ក៏បានធ្វើការណែនាំដល់បងប្អូនអ្នកធាក់ស៊ីក្លូ ទាំងអស់ត្រូវចូលរួមអនុវត្តន៍នូវវិធាន របស់ក្រសួងសុខាភិបាលដើម្បីការពារជំងឺកូវីដ-១៩ ពិសេសគឺ អនុវត្តន៍៣កុំ និង៣ការពារ របស់សម្តេចតេជោ ហ៊ុន សែន ឱ្យបានខ្ជាប់ខ្ជួន៕