ពិធីសំណេះសំណាលជាមួយក្រុមម៉ូតូកង់បី នៃសាខាសមាគមសម្ព័ន្ធសេដ្ឋកិច្ច និង រ៉ឺម៉កសន្តិភាព និងសមាគមរួមគ្នាដើម្បីអភិវឌ្ឍន៍កម្ពុជា


រសៀលថ្ងៃ៩រោច ខែកក្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃអាទិត្យ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញសំណេះសំណាលជាមួយក្រុមម៉ូតូកង់បី នៃសាខាសមា គមសម្ព័ន្ធសេដ្ឋកិច្ច និងរ៉ឺម៉កសន្តិភាព និងសមាគមរួមគ្នាដើម្បីអភិវឌ្ឍន៍កម្ពុជា ចំនួន៤០០នាក់ នៅសាលាដុនបូស្កូ មានទីតាំងនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងសេចក្តីនឹករលឹក ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នា យករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជូនដល់បងប្អូនក្រុមម៉ូតូកង់បី នៃសាខាសមាគមសម្ព័ន្ធសេដ្ឋកិច្ច និងរ៉ឺម៉កសន្តិ ភាព និងសមាគមរួមគ្នាដើម្បីអភិវឌ្ឍន៍កម្ពុជា ដែលបានចូលរួមនាពេលនេះ និងជូនពរឱ្យរកទទួលទានមានបានទាំងអស់គ្នា ទន្ទឹមនឹងនេះ យើងក៏ត្រូវចូលរួមការពារសន្តិភាព ដើម្បីបង្កើតមុខរបររបស់យើងបន្ថែមទៀត ។

ឯកឧត្តម អភិបាលខេត្តបន្តថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានខិតខំរំដោះប្រទេសជាតិឱ្យមានសុខសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិ មានរីកចម្រើនមកដល់បច្ចុប្បន្ននេះ បង្កើតបានការងារជូនបងប្អូន ពិសេសយុវជនរបស់យើងមានការងារធ្វើ បង្កើនចំណូល កាត់បន្ថយភាពក្រីក្រនៅក្នុងគ្រួសារ និងសង្គមជាតិ។ ជាក់ស្តែងនៅខេត្តព្រះសីហនុ សម្តេចតេជោបានធ្វើការអភិវឌ្ឍហេដ្ឋារចនា សម្ព័ន្ធផ្លូវថ្នល់ បន្ទប់ទឹកសាធារណៈ អាងប្រព្រឹត្តិកម្មទឹកកខ្វក់ និងសមិទ្ធផលជាច្រើន ប្រកប ដោយសោភណភាព និងបរិស្ថានល្អ។ ការអភិវឌ្ឍទាំងនេះ គឺជួយបង្កើតការងារជូនយុវជនយើងកាន់តែច្រើនបន្ថែមទៀត និងបង្កើតផលរបរជូនប្រជាពលរដ្ឋ ព្រមទាំងផ្តល់ឱកាសឱ្យបងប្អូនប្រកបមុខរបរម៉ូតូកង់បី និងរ៉ឺម៉កសន្តិភាព ដែរទទួលបានលទ្ធផលល្អដូចថ្ងៃនេះ ។

ក្នុងឱកាសនោះឯកឧត្តម អភិបាលខេត្ត បានសំណូមពរដល់បងប្អូនរត់ម៉ូតូឌុប ម៉ូតូកង់បី និងរ៉ឺម៉កសន្តិភាពទាំងអស់ សូមជួយរាយការណ៍ករណីប្រទះឃើញមុខសញ្ញាចោរឆក់ ចោរលួចនៅតាមដងផ្លូវ និងទីសាធារណៈ តាមរយៈលេខទូរស័ព្ទ Hot Line ដើម្បីសមត្ថកិច្ចចេញអន្តរាគមន៍ទាន់ពេលវេលា គឺមានតែយើងចូលរួមទាំងអស់គ្នា ដើម្បីឱ្យខេត្តយើង ក្រុងយើងគ្មានអំពើលួចឆក់ ។ ជាមួយគ្នានេះឯកឧត្តមអភិបាលខេត្ត ក៏បានអំពាវនាវដល់បងប្អូន រត់ម៉ូតូឌុប និងម៉ូតូកង់បី ប្រសិនបើមានករណីភ្ញៀវមានការភ្លេច ឬជ្រុះរបស់នៅលើម៉ូតូរបស់ខ្លួន សូមជួយប្រគល់ជូនម្ចាស់គេវិញផង ។ ការប្រគល់នេះជាទង្វើល្អស្តែងចេញពីគុណធម៌ និងគុណតម្លៃរបស់បងប្អូន ព្រមទាំងបានផ្តល់នូវទំនុកចិត្ត និងភាពកក់ក្តៅដល់ភ្ញៀវទេសចរជាតិ និងភ្ញៀវទេសចរបរទេស មកលេងកម្សាន្តនៅខេត្តរបស់យើងកាន់តែច្រើនឡើង ហើយបងប្អូនក៏អាចរកចំណូលបានពីមុខរបរនេះ កាន់តែយូរអង្វែងផងដែរសម្រាប់ក្រុមគ្រួសារ៕