មហាសន្និបាតសមុទ្រអាស៊ីបូព៌ា ឆ្នាំ២០២១ ប្រព្រឹត្តទៅក្រោមប្រធានបទ «បង្កើតទសវត្សរ៍ថ្មីនៃសុខុមាលភាពសមុទ្រ មនុស្ស និងសេដ្ឋកិច្ច»


ក្រសួងបរិស្ថាន ធ្វើជាម្ចាស់ផ្ទះនៃមហាសន្និបាតសមុទ្រអាស៊ីបូព៌ា ឆ្នាំ២០២១ ក្រោមប្រធានបទ «បង្កើតទសវត្សរ៍ថ្មីនៃសុខុមាលភាពសមុទ្រ មនុស្ស និងសេដ្ឋកិច្ច» ដែលប្រព្រឹត្តទៅរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់០២ ខែធ្នូ ឆ្នាំ២០២១ នាខេត្តព្រះសីហនុ។ អង្គមហាសន្និបាតនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ និងតំណាងប្រទេសដែលជាសមាជិកនៃអង្គការ PEMSEA ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង មន្ទីរ ស្ថាប័នពាក់ព័ន្ធជាច្រើនរូបទៀត ដោយមានការចូលរួមផ្ទាល់ និងចូលរួមតាមរយៈប្រព័ន្ធបញ្ជូនសំឡេង និងរូបភាព។
មហាសន្និបាតសមុទ្រអាស៊ីបូព៌ា លើកទី៧ ក្រោមប្រធានបទ «បង្កើតទសវត្សរ៍ថ្មីនៃសុខុមាលភាពសមុទ្រ មនុស្ស និងសេដ្ឋកិច្ច» នាពេលនេះ គឺជាលើកទី១ ដែលកម្ពុជាបានទទួលធ្វើម្ចាស់ផ្ទះនៃការរៀបចំមហាសន្និបាតសមុទ្រអាស៊ីបូព៌ា លើកទី៧ ចាប់តាំងពីការចូលជាសមាជិកនៃអង្គការអន្តរជាតិភាពជាដៃគូនៃការគ្រប់គ្រងបរិស្ថានសមុទ្រអាស៊ីបូព៌ា (PEMSEA) នៅឆ្នាំ១៩៩៤។
មហាសន្និបាតសមុទ្រអាស៊ីបូព៌ា ត្រូវបានរៀបចំឡើងរៀងរាល់៣ឆ្នាំម្តង ដោយមានការចូលរួមពីប្រទេសជាសមាជិកនៃអង្គការអន្តរជាតិភាពជាដៃគូនៃការគ្រប់គ្រងបរិស្ថានសមុទ្រអាស៊ីបូព៌ា។ មហាសន្និបាតសមុទ្រអាស៊ីបូព៌ាលើកទី៦ ត្រូវបានរៀបចំឡើងនៅប្រទេសហ្វីលីពីន។ ប្រទេសជាសមាជិកនៃអង្គការ PEMSEA មានចំនួន១១ ក្នុងនោះរួមមាន កម្ពុជា សិង្ហបុរី ឡាវ ហ្វីលីពីន ឥណ្ឌូនេស៊ី វៀតណាម ទីម័រ ចិន កូរ៉េខាងត្បូង កូរ៉េខាងជើង ជប៉ុន ព្រមទាំងមានអង្គការដៃគូជាច្រើនទៀត។ គោលបំណងសំខាន់ៗនៃការរៀបចំមហាសន្និបាតសមុទ្ររួមមាន៖ ទី១) ចែករំលែកមេរៀនជាបទពិសោធន៍ តាមដានវឌ្ឍនភាពការងារកន្លងមក និងពង្រីកបន្ថែមនូវការអនុវត្តយុទ្ធសាស្ត្រ ដែលបានប្រតិបត្តិនៅថ្នាក់តំបន់ ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ។ ទី២) បង្កើតនិងរៀបចំឡើងវិញនូវយន្តការគ្រប់គ្រងដែលមានស្រាប់ និងជំរុញបង្កើតឱកាសថ្មីៗបន្ថែមទៀត សម្រាប់ភាពជាដៃគូក្នុងតំបន់ តាមរយៈបច្ចេកវិទ្យា នវានុវត្តន៍ ការវិនិយោគ និងហិរញ្ញប្បទាន ដើម្បីបន្តនិរន្តភាពនៃបរិស្ថានតំបន់ឆ្នេរ និងសមុទ្រ និងទី៣)កំណត់នូវផែនទីបង្ហាញផ្លូវដ៏ច្បាស់លាស់មួយ សម្រាប់ជាដំណោះស្រាយចំពោះបញ្ហាសមុទ្រនាទស្សវត្សន៍ខាងមុខ ដោយអនុលោមទៅតាមផែនការមួយទសវត្សរ៍របស់អង្គការសហប្រជាជាតិ នៃវីទ្យាសាស្រ្តមហាសមុទ្រ របៀបវារៈរបស់អង្គការសហប្រជាតិឆ្នាំ២០៣០ អនុសញ្ញាក្របខ័ណ្ឌសហប្រជាតិស្តីពីការប្រែប្រួលអាកាសធាតុ និងក្របខ័ណ្ឌជីវៈចម្រុះសកលក្រោយឆ្នាំ២០២០ ព្រមទាំងបណ្តាក្របខ័ណ្ឌពាក់ព័ន្ធនានា។
នៅក្របខ័ណ្ឌនៃមហាសន្និបាតឆ្នាំ២០២១នេះ មានព្រឹត្តិការណ៍សំខាន់ចំនួន៣ គឺទី១) សន្និសីទអន្តរជាតិ ដែលមានការចូលរួមពីវាគ្មិនល្បីៗពីការអភិវឌ្ឍ ការអភិរក្ស ការគ្រប់គ្រងសមុទ្រប្រកបដោយចីរភាព ការគ្រប់គ្រងសេដ្ឋកិច្ចខៀវ និងការស្រាវជ្រាវផ្នែកវិទ្យាសាស្ត្រ។ ទី២)វេទិការដ្ឋមន្ត្រីទី៧ ផ្តោតលើសេចក្តីថ្លែងការណ៍នៃបណ្តាប្រទេសសមាជិកអង្គការទាំង១១ ដែលផ្តោតលើការរៀបចំផែនទីនៃការអភិរក្ស និងអភិវឌ្ឍតំបន់សមុទ្រដែលគិតគូរពីសុខុមាលភាពមហាសមុទ្រ មនុស្ស និងសេដ្ឋកិច្ចពីឆ្នាំ២០២១ ដល់២០៣០ និងទី៣) ផែនការរបស់រដ្ឋបាលថ្នាក់ក្រោមជាតិនៃបណ្តាប្រទេសសមាជិក។
មហាសន្និបាតសមុទ្រអាស៊ីបូព៌ានេះ គឺជាមោទកភាពសម្រាប់កម្ពុជា ដែលបានធ្វើជាម្ចាស់ផ្ទះនៃមហាសន្និបាតដ៏មានសារៈសំខាន់នេះ ដែលរៀបចំឡើងក្នុងគោលបំណងពិនិត្យលើផែនការការងារដែលបានសម្រេចអនុម័តកន្លងមក និងផែនការទិសដៅដែលត្រូវធ្វើជាបន្តបន្ទាប់ រួមទាំងការគិតគូរពីមូលនិធិដែលត្រូវយកមកអនុវត្តដើម្បីការពារ និងអភិរក្សសមុទ្រនៅតំបន់អាស៊ីបូព៌ា។ មុននឹងឈានដល់ការរៀបចំមហាសន្និបាតសមុទ្រឆ្នាំ២០២១ ដែលត្រូវរៀបចំនៅកម្ពុជាគឺជាលើកទី៧ ក្រោមប្រធានបទ «បង្កើតទសវត្សរ៍ថ្មីសម្រាប់សុខុមាលភាពមហាសមុទ្រ មនុស្ស និងសេដ្ឋកិច្ច» មានព្រឹត្តិការណ៍អមជាច្រើនចាប់តាំងពីខែមករា មកដល់ខែ វិច្ឆិកា ឆ្នាំ២០២១នេះ រួមមានការប្រជុំពិភាក្សាតុមូល សិក្ខាសាលា និងប្រជុំក្រុមប្រឹក្សារបស់អង្គការ ដើម្បីពិនិត្យលើវឌ្ឍភាពនៃការងារនិងសមិទ្ធផលទាំងអស់ រួមទាំងការធានាសន្តិសុខស្បៀង ចំណូល និងជីវភាពនៃ មនុស្សដែលរស់នៅតំបន់ឆ្នេរ និងការស្តារឡើងវិញនូវធនធានធម្មជាតិនៅក្នុងសមុទ្រដូចជាផ្កាថ្មី ស្មៅសមុទ្រ និងព្រៃកោងកាង រួមនឹងការគ្រប់គ្រងលើការបំពុលទឹក ការប្រែប្រួលអាកាសធាតុ និងភាពធន់ទៅនឹងការប្រែប្រួលអាកាស និងការរស់នៅរបស់សហគមន៍។
គួរបញ្ជាក់ឱ្យដឹងថា កម្ពុជាបានជ្រើសរើសយកខេត្តព្រះសីហនុ ជាខេត្តដែលរាជរដ្ឋាភិបាល បាននិងកំពុងប្រែក្លាយទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ដែលជាប៉ូលសេដ្ឋកិច្ចមួយយ៉ាងសំខាន់របស់កម្ពុជា និងភ្ជាប់កម្ពុជាទៅកាន់ពិភពលោកកាន់តែទូលាយ ជាទីកន្លែងដើម្បីប្រារព្ធមហាសន្និបាតសមុទ្រអាស៊ីបូព៌ាឆ្នាំ២០២១ និងកិច្ចប្រជុំពាក់ព័ន្ធនានា៕